បក្សទាំងពីរថានឹងដាក់ចំណុចសេសសល់៥ចំណុចនៃកំណែទម្រង់គជបថ្មី ទៅថ្នាក់ដឹកនាំសម្រេច
ក្រុមការងារបច្ចេកទេសបក្ស ទាំងពីរអះអាងថា ចំណុចសេសសល់នៃកំណែទម្រង់ គជប ថ្មី ដែលមិនទាន់ឯកភាពគ្នាមានប្រមាណជា៥ចំណុច នឹងត្រូវដាក់ទៅឲ្យថ្នាក់ដឹកនាំនៃគណបក្សទំាងពីរសម្រច បន្ទាប់ពីបន្តកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបិទទ្វារជិត៣ម៉ោង នៅវិមានរដ្ឋសភានារសៀលថ្ងៃចន្ទនេះ រវាងក្រុមបច្ចេកទេសនៃគណបក្សទំាងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
ប្រធានក្រុមការងារចរចាពីការរៀបចំច្បាប់បោះឆ្នោតថ្មីមក ពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះថា គណបក្សទំាងពីរនឹងបន្តការងាររបស់ខ្លួននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៀត ដើម្បីប្រមូលព័ត៌មាននៃចំណុចសេសសល់ចំនួន៥ចំណុចនោះ ដាក់ទៅថ្នាក់ដឹកនាំនៃគណបក្សរបស់ខ្លួនធ្វើសេចក្តីសម្រេច មុននឹងដាក់ទៅសភាអនុម័តច្បាប់ គជប ថ្មី នោះ ។
លោកបញ្ជាក់ថា ចំណុចសេសសល់ទំាងនោះរួមមាន ការកំណត់ឲ្យមានសញ្ជាតិតែមួយ(សញ្ជាតិខ្មែរពីកំណើត) មិនឲ្យដាក់សាច់សារលោហិត ឬសែស្រឡាយរបស់ប្រធាន ឬអនុប្រធានគណបក្សនយោបាយធ្វើការនៅ គជប ការកំណត់ឲ្យមន្ត្រីនៅក្នុងលេខាធិការដ្ឋាន និងអគ្គលេខាធិការដ្ឋានរបស់ គជប ដែលស្ថិតក្នុងកិច្ចសន្យាឲ្យក្លាយទៅជាមន្ត្រីក្របខណ្ឌដូចមន្ត្រី រាជការ ការកំណត់ពេលវេលានៃការរៀបចំសមាសភាព គជប ថ្មី និងការកំណត់របៀបរបបធ្វើការងារនៅក្នុងស្ថាប័ន គជប ។
ចំណែក ប្រធានក្រុមការងារចរចាមកពីគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន យល់ស្របតាមការលើកឡើងរបស់លោក គួយ ប៊ុនរឿននោះដែរ ។ តែលោកបញ្ជាក់ថា ច្បាប់ គជប ថ្មី អាចលេចចេញជារូបរាងបាន លុះត្រាតែថ្នាក់ដឹកនាំនៃបក្សទំាងពីរឯកភាពគ្នា។
ទាក់ទងនឹងកំណែទម្រង់ គជប ថ្មីនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងពិចារណាដើរចេញពីសភា បើមិនអាចបង្កើត គជប ថ្មី បាននោះ ៕ ប្រភពៈ VOD
