មានវីដេអូ៖ លោកឧកញ៉ា អ៊ឺង ម៉េងជឺ ថៅកែហាងពេជ្រហុងកុង ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ ខណះចុះទិញផ្លែឈើ
Last Update: ព័ត៌មានថ្មីចុងក្រោយ បានអោយដឹងថាអ្នកស្លាប់គឺជា លោកឧកញ៉ា អ៊ឺង ម៉េងជឺ ថៅកែហាងពេជ្រហុងកុង នៅម្តុំផ្សារអូឡាំពិក និងជាថៅកែអគារលក់គ្រឿងសំណង់ហេង ហុងសេង ត្រូវជនសង្ស័យ ២ នាក់ជាខ្មាន់កាំភ្លើងបើកម៉ូតូមកក្បែរបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះចុះពីលើរថយន្តបម្រុងដើរចូលទិញផ្លែឈើ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា លោកឧកញ៉ា បើករថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៥៧០ ពណ៌ឈាមជ្រូក ភ្នំពេញ 2M-1683។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តស៊េរីទំនើបតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ២៧៤ ពេលមកដល់មុខហាងលក់ផ្លែឈើខាងលើ ក៏ឈប់រថយន្តចុះមកទិញផ្លែឈើ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យ ២ នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ មកឈប់អែបជនរងគ្រោះ រួចដកកាំភ្លើងកា៥៤ បាញ់សំដៅទៅជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីបាញ់ជនរងគ្រោះហើយជនសង្ស័យទាំង២នាក់បានបើកម៉ូតូគេចខ្លួនបាត់។
សាក្សីនៅកន្លែងបាននិយាយថា ក្នុងពេលដែលខ្មាន់កាំភ្លើងបាញ់លោកឧកញ៉ានោះ គឺមានឮសំឡេងផ្ទុះអាវុធចំនួន៤គ្រាប់ ប៉ុន្តែនៅកន្លែងកើតហេតុ គេបានរកឃើញគ្រាប់កាំភ្លើងចំនួន ៨ គ្រាប់ ក្នុងនោះមានគ្រាប់កាំភ្លើង៥គ្រាប់បានផ្ទុះ និងបីគ្រាប់ទៀតមិនផ្ទុះ។
ក្រោយកើតហេតុសមត្ថកិច្ចចម្រុះខណ្ឌចំការមន បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យខាងលើ។ ប៉ុន្តែជាជំហានដំបូលសមត្ថកិច្ចជំនាញសន្និដ្ឋានថា អាចជាករណីគំនុំដោយជនសង្ស័យបានគិតទុកជាមុន និងតាមពីក្រោយជនរងគ្រោះរហូតមកដល់ចំណុចកើតហេតុក៏បាញ់ប្រហារតែម្តង។
នៅពេលនេះក្រុមគ្រួសារបានយកសាកសពលោកឧកញ៉ាទៅគេហដ្ឋាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ យ៉ាងណាក៏ដោយសមត្ថកិច្ចនៅពុំទាន់បានធ្វើកោសល្យវិច័យលើសាកសពលោកឧកញ៉ាថាត្រូវគ្រាប់កាំភ្លើងប៉ុន្មានគ្រាន់នៅឡើយទេ៕
——————————
ភ្នំពេញ៖ បុរសវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុងចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលម៉ោង ៧ និង១៨នាទីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក្រោយកើតហេតុ ភ្លាមៗថា នៅម៉ោងកើតហេតុបុរសជាជនរងគ្រោះ បានជិះរថយន្តលុច្សស៊ីស៥៧០ ពាក់ស្លាក់លេខ 2M-1683 មកទិញផ្លែឈើនៅហាងស្រីមុំ លក់ផ្លែឈើ ពេលបើកទ្វារដើរចេញពីរថយន្ត មិនទាន់ទាំងបានទិញផ្លែឈើផង ស្រាប់តែជនល្មើសមានគ្នាពីរនាក់ បានជិះម៉ូតូមកដល់ហើយបាញ់ប្រហារភ្លាមៗតែម្តង។
លោក ជួន ណារិន បានបញ្ជាក់ថា ករណីបាញ់សម្លាប់នេះ អាចផ្តើមចេញពីរឿងគំនុំ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕
ឧកញ៉ា អ៊ឹង ម៉េងជឺ និង ភរិយា ពេលចុះប្រគល់ផ្ទះទេវតា ជូនចាស់ជរា
_____________
