គណៈកម្មការ​ទី​១០នៃរដ្ឋសភា គាំទ្រ​អង្គភាពប្រឆាំង​អំពើពុករលួយ ក្នុង​ការ​រៀបចំ​បង្កើត​ច្បាប់​ការពារ​ប្រភព និងសាក្សី

11/27/2014 0 Comments A+ a-


1068
រាជធានីភ្នំពេញ៖ គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ដែលជា​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា បាន​គាំទ្រ​អង្គភាព​ប្រឆាំងអំពើពុករលួយ ដែលបាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដើម្បី​ការពារ​ប្រភព ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន និង​សាក្សី ដែលទាក់ទង​អំពើពុករលួយ​ ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​មាន​ប្រសិទ្ធភាព។​
ការគាំទ្រនេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាងលោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ ជាមួយលោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព) កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​វិមាន​រដ្ឋសភា។
លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងប្រាប់ ក្រុមអ្នកកាសែត បន្ទាប់ពី​កិច្ចប្រជុំ​ចប់​ថា​ ជំនួប​រវាង​អង្គភាព​ប្រឆាំង អំពើពុករលួយ ជាមួយ​គណៈកម្មការ​ទី​១០ គឺជា​ជំនួប​ដំបូង ប៉ុន្តែ​ជំនួប​នេះទី​១.ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ជុំវិញ​តួនាទី​ភារកិច្ច ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​អង្គភាព​នីមួយៗ បំពេញភារកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន ស្របតាម​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​នៅ​ក្នុង​ការងារ​របស់​ខ្លួន ហើយ​នេះ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​យើង​ពិភាក្សា​គ្នា​យូរ ថា​យើង​ត្រូវ​សហការ​គ្នា​យ៉ាងម៉េច?គណៈកម្មការ​ទី​១០​មាន​តួនាទី​យ៉ាងម៉េច? អង្គភាព​ប្រឆាំង​អំពើពុករលួយ​យ៉ាងម៉េច? ដូចជា​ការទទួល​ពាក្យ​ប្តឹង​ជាដើម ថា​ការ​ទទួល​នោះ​ត្រូវ​ធ្វើ​យ៉ាងម៉េច? ហើយ​ច្បាប់​បាន​ចែង​ច្បាស់​ថា មានតែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយគត់ ដែល​មាន​សិទ្ធិ​ស៊ើបអង្កេត​លើ​បញ្ហា​ពុករលួយ ហើយ​ស្ថាប័ន​ផ្សេងទៀត​ដឹង​ពី​បញ្ហា​ពុករលួយ​ត្រូវ​ប្តឹង​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​អាច​យក​រឿង​នេះ​ទៅ​បើ​ការស៊ើបអង្កេត​ដោយ​ខ្លួនឯង​ទេ។
ទី​២.​គណៈកម្មការ​ទី​១០ បាន​គាំទ្រ​គំនិត​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​បំពេញ ចំណុច​ខ្វះខាត​ផ្លូវច្បាប់ ដែល​ពាក់ព័ន្ធ​ការប្រឆាំង អំពើពុករលួយ គឺ​ឲ្យ​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ ស្តីពី​ការការពារ​សាក្សី ការពារ​ប្រភព ការពារ​អ្នករាយការណ៍​។ ហើយ​បើ​គណៈកម្មការ​ទី​១០ គាំទ្រ នៅពេល​ច្បាប់​នេះ មកដល់​សភា និង​មានការ​សហការ​ល្អ លើ​បញ្ហា​នេះ​។
ទី​៣.​អង្គប្រជុំ​ក៏បាន​វាយតម្លៃថា អង្គប្រជុំ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ល្អ ហើយ​អាច​នាំមក នូវ​ការសហការ បន្តបន្ទាប់ ទៅខាង​មុខ​ទៀត​ជាច្រើន​។
ចំណែក​លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការទី១០ នៃ​រដ្ឋសភា បានថ្លែងថា នៅ​ក្នុង​ជំនួប​នេះ​យើង​បាន​ពិភាក្សា​គ្នា​លើ​គោលការណ៍​ទូទៅ៖
ទី​១.​គោលការណ៍ សហប្រតិបត្តិការ​គ្នា រវាង​គណៈកម្មការ​ទី​១០ និង​អង្គភាព​ប្រឆាំង អំពើពុករលួយ និង​បាន​យល់​គ្នា​នូវ កិច្ចការ​ជាច្រើន ដែល​ត្រូវ​សហការគ្នា ទៅ​ថ្ងៃ ក្រោយ ពីព្រោះ​ជា​ផលប្រយោជន៍ របស់​ប្រទេសជាតិសង្គម​។ ហើយ​គ្រាន់តែ​មានការ​ប្លែក​គ្នា​បន្តិច គឺ​គណៈកម្មការ​ទី​១០ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ក្នុងនាម​អង្គការ នីតិប្បញ្ញត្តិ​។ ចំណែក​ខាង​លោក ឱម យ៉ិនទៀង ប្រយុទ្ធប្រឆាំង នៅក្នុង​អង្គភាព​ប្រឆាំង អំពើពុករលួយ ដែលជា​អ្នកអនុវត្ត និង​ប្រតិបត្តិ​ភារកិច្ច ដោយផ្ទាល់​។ ប៉ុន្តែ​យ៉ាងណា ក៏ដោយ ជា​ទិសដៅ ជាការ​សហការគ្នា ត្រូវមាន​ការសហការ​គ្នា​យូរអង្វែង​ត​ទៀត ដើម្បី​ជា​ផលប្រយោជន៍​របស់​សង្គម និង​ប្រទេសជាតិ​។
​ទី​២.​បានពិភាក្សាគ្នា អំពី​បញ្ហា​សាក្សី និង​អ្នកផ្តល់​ប្រភពព័ត៌មាន ជារួម​គឺ គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា គាំទ្រ​ឲ្យ​មានច្បាប់​មួយ ដើម្បី​ការពារ​សាក្សី និង​ការពារ​ប្រភព ដែល​ផ្តល់ព័ត៌មាន ពីព្រោះ​បញ្ហា​ពុករលួយ ជា​បញ្ហា​មួយ​ដែលរ​ស៊ើប ហើយក៏​ជា​បញ្ហា​មួយ ដែល​អាច​បណ្តាល ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក ដែល​ផ្តល់ព័ត៌មាន​។ដូច្នេះ​បង្កើត​ច្បាប់​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មហាជន​ទូទៅ នៅ​ថ្ងៃក្រោយ អាច​ផ្តល់ព័ត៌មាន ហើយ​កាលណា ទទួលបាន​ព័ត៌មានពិត​ច្រើន អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជាគណៈកម្មការ​ទី​១០ គឺមាន​ភស្តុតាងមាន​ហេតុផល ដើម្បី​គាំទ្រ និង​ជម្រុញ​បញ្ហា​នេះ កុំ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច​ក្នុង​បញ្ហា​នេះ​។ ហើយ​គណៈកម្មការ​ទី​១០ ឯកភាព និង​គាំទ្រ​លើ​អ្វី ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ លើក​ពី​បញ្ហា​សាក្សី និង​ប្រភព​អ្នករាយការណ៍​។
​ទី​៣.​ពិនិត្យ​ជារួម ការងារ​ទាំងអស់ ដែល​ធ្វើការ​ជាមួយគ្នា ធម្មតា​អង្គភាព​ពីរ​គឺ​៖ ទី​១.​រដ្ឋសភា និង​ទី​២.​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ត្រូវ​សហការគ្នា ពីព្រោះ​វា​មាន​បញ្ហា​ខ្លះ ដែល​យើង​ត្រូវតែ​ផ្តល់ព័ត៌មាន ឲ្យ​គ្នា​ទៅវិញទៅមក ពីព្រោះ​នៅ​ថ្ងៃក្រោយ យើង​ត្រូវយក​ពាក្យបណ្តឹង ដែល​កើតមានឡើង មក​ចាត់វិធានការ ដូច្នេះ​ទាមទារ សហការគ្នា​យូរអង្វែង ត​ទៅមុខទៀត ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
លោក ហូរ វ៉ាន់ បានបញ្ជាក់ដែរថា អ្វី​ធ្វើ​ឲ្យ​មានការ​ពិភាក្សា​គ្នា​បានយូ​នោះ គឺ​មិន​មាន​អ្វីដែល​ខ្វែងគំនិត​គ្នា ប៉ុន្តែ​គ្រាន់តែ​បញ្ហា​ខ្លះ​យើង​ត្រូវ​លើកឡើង​ឲ្យ​ដឹង​ពី​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ហើយ​ចង់ដឹងថា តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហ្នឹង គាត់​ឯករាជ្យ​ទេ គាត់​នៅក្រោម​អំណាច​ណាមួយ​ទេ? ហើយលោក ឱម យ៉ិនទៀង បានបញ្ជាក់​ច្បាស់​ហើយ​ថា គាត់​មិន​ស្ថិតនៅក្រោម​នាយករដ្ឋមន្ត្រី​ដូច​រដ្ឋមន្ត្រី​នានា​ទេ និង​បាន​បំពេញភារកិច្ច​ដោយ​ឯករាជ្យ តាម​សមត្ថកិច្ច​របស់គាត់ ហើយ​ជា​សមត្ថកិច្ច​មួយ ដែល​ច្បាប់​បាន​ប្រគល់​ជូន​គាត់​៕
ប្រភពពី  Free Press Magazine