តែមួយថ្ងៃម្សិលមិញ ក្រុមហ៊ុនAlibaba រកបាន៩,៣ពាន់លាន$
ទីផ្សារ Online Alibaba ចិនរបស់មហាសេដ្ឋី Jack Ma ទទួលបានចំណូលហក់ឡើងដល់ទៅ៩,៣ពាន់លានដុល្លារក្នុងថ្ងៃ Singles’ Day ដែលជាថ្ងៃឈប់សម្រាករបស់យុវវ័យទូទាំងប្រទេសចិន។
នៅថ្ងៃម្សិលមិញនេះការកុម្ម៉ង់ទិញឥវ៉ាន់តាមប្រព័ន្ធ Online របស់ Alibaba នៅទូទាំងពិភពលោកមានរហូតដល់ទៅ ២៧៨លាន គឺជាអត្រាច្រើនជាងឆ្នំាមុនៗទៅទៀត។ ដោយឡែកកាលពីឆ្នាំកន្លងទៅ Alibaba ទទួលបានការកុម្ម៉ង់ទំនិញនៅថ្ងៃដូចគ្នានេះ ត្រឹមតែ ១៥០លានប៉ុណ្ណោះ ហើយទូរលេខប្រាក់ចំណូលបានត្រឹមតែ ៥,៨ ពាន់លានដុល្លារ។
អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា ថ្ងៃទី ១១, ១១, ២០១៤ គឺការប្រារព្ធទិវានៅលីវ (Singles’ Day) របស់ប្រទេសចិនទាំងមូល។
១១, ១១, ២០១៤ ពិតជាមានអត្ថន័យណាស់ចំពោះយុវវ័យដែលមិនទាន់មានគូ ហើយគ្រប់ស្រទាប់យុវវ័យទាំងអស់បានចំណាយពេលដ៏រីករាយនេះជួបជុំបងប្អូន មិត្តភ័ក្ដិ និងគ្រួសារ។
Singles’ Day តំណាងឲ្យលេខ ១១ ដែលគេធ្វើឡើង ចាប់តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ហើយក៏ជាថ្ងៃដែលអ្នកនៅលីវធ្វើពិធីជប់លៀងដើម្បីចាកចេញពីភាពនៅលីវទៅជីវិតមានគូស្រករផងដែរ។
Alibaba ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដ៏ធំដែលទទួលការកុម្ម៉ង់ទំនិញតាមអ៊ីនធឺណិតរបស់អតិថិជនគ្រប់មុខ សូម្បីរថយន្ត៕