ខេម ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ គួប​នឹង​រថយន្ត​ឡិចស៊ីស Mini RX

10/17/2014 0 Comments A+ a-

20141016_22aភ្នំពេញ: ជា​ជោគជ័យ​ថ្មី​លើ​ទំព័រ​ជីវិត​របស់​តារាចម្រៀង​សម្បូរ​រោម​មុខ​សំឡេង​ស្អក ដែល​ទទួល​បាន​ការ​ពេញនិយម​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​យុវវ័យ លោក ខេម បាន​សម្រេច​សមិទ្ធផល​ផ្ទះល្វែង​មួយ​ជុង​ថ្មី​សន្លាង​តម្លៃ​ថ្លៃ​ជាង​៧​ម៉ឺន​ដុល្លារ ជា​ការ​ដើរ​ចេញ​ពី​ជីវិត​វេទនា​ទាំង​បាតដៃ​ទទេ។
ខេម ក៏​ទទួល​ស្គាល់​ថា លោក​ទើប​នឹង​ទិញ​ផ្ទះល្វែង​ថ្មី​មួយ​ជុង​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​នៅក្នុង​បុរីពិភព​ថ្មី​។ មហាជន​នៅ​ចាំ​បាន​ថា មុន​ក្លាយ​ជា​តារាចម្រៀង​ល្បី និង​រក​បាន​ទ្រនំជ្រក ផលិតកម្ម​ថោន ខេម ដែល​មាន​ឈ្មោះ​ពិត ប៊ុន សុណារិន ធ្លាប់​ហែល​ឆ្លង​ជីវិត​ជា​អ្នក​រត់ម៉ូតូឌុប និង​រស់​យ៉ាង​លំបាក​ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​នៅ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង តំបន់​មាត់ទន្លេ​ស្រុក​កំពង់លែង និង​ធ្លាប់​ទទួល​ការ​មាក់ងាយ​យ៉ាងច្រើន​ពី​មិត្តភក្តិ។
ស្តែង​ពី​ជីវិត​ដ៏កម្សត់​នេះ កម្មវិធី​ប៉ុស្តិ៍​២១​របស់​ទូរទស្សន៍​ស៊ីធីអិន បាន​ទៅ​ថត​ដល់​ស្រុកកំណើត ខេម រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ខ្ទម​កម្សត់​រហែក​ធ្លុះធ្លាយ​។ ប៉ុន្តែ​ក្រោយ​ឆ្លងកាត់​ការ​តស៊ូ​ក្នុង​ជីវិត​ដោយ​ការ​ឧស្សាហ៍​ព្យាយាម និង​អំណត់​បំផុត​មក ខេម បាន​លុប​ស្រមោល​អតីតកាល​បណ្ដើរៗ ហើយ​ពេល​នេះ​លោក​បាន​ក្លាយ​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ដែល​មាន​សំនៀង​ដិត​ជាប់​ក្នុង​បេះដូង​យុវវ័យ​។
ជាមួយ​នឹង​ការ​ឡើង​មុខមាត់​ប្រកួតប្រជែង តារាចម្រៀង​ដែល​ទទួល​ការ​គាំទ្រ​ពី​យុវវ័យ​ជាមួយ​បទ​ថ្មី «ខ្លាច​ហើយ​លុយ» លោក ខេម បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ពិតជា​បាន​ទិញ​ផ្ទះ​នៅ​បុរីពិភព​ថ្មី ក្នុង​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ​មែន ប្រាក់​ទាំងនោះ​បាន​មកពី​កម្លាំង​ញើសឈាម​សុទ្ធសាធ»។
ជាង​នេះ​ទៅ​ទៀត​តារាចម្រៀង​ដែល​ទើប​សម្ភាស​ធ្លាក់​នៅ​ស្ថានទូត​អាមេរិក និង​ខកខាន​ចេញ​ច្រៀង​នាយសមុទ្រ​ទាំង​ប្រជាប្រិយភាព​ក្នុង​ស្រុក​កំពុង​លូត​ឡើង​ស្រឺតៗ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា «ទន្ទឹម​នឹង​ទិញ​បាន​ផ្ទះល្វែង​មួយ​នេះ ខ្ញុំ​ក៏​ទើប​ទិញឡាន​ឡិចស៊ីស Mini RX ពណ៌​ខ្មៅ»។
លោក​បញ្ជាក់​ថា៖ «ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ខណៈ​មុន​នោះ​ចុះ​ឡើង​ជិះ​តាក់ស៊ី​»។
នៅ​ឆ្នាំ​២០១៤​នេះ អាជីព​ចម្រៀង​របស់ ខេម ហាក់​មាន​សន្ទុះ​ហក់​ឡើង​យ៉ាង​ខ្លាំង ដែល​ពេល​នេះ មាន​ការ​បង្ហើប​ពី​អ្នកជិតដិត​របស់​លោក​ថា មួយ​ខែ​៣០​ថ្ងៃ ខេម សឹងតែ​រក​ពេល​ទំនេរ​គ្មាន។
តប​នឹង​ការ​លើក​ឡើង​នេះ ខេម ទទួល​ស្គាល់​ថា៖ «រាល់ថ្ងៃ​ក្រៅ​ពី​ការ​មមាញឹក​ថតបទ​ថ្មីៗ ឲ្យ​ផលិតកម្ម ក៏​មមាញឹក​ណាស់​ដែរ​ក្នុង​ការ​ចេញ​ច្រៀង​ឲ្យ​បណ្តា​ក្រុមហ៊ុន ពិសេស​ចេញ​ទៅ​ច្រៀង​លក់​សំបុត្រ​តាម​ខេត្ត»។
លោក​ក៏​បាន​បញ្ជាក់​ថា៖ «បើ​កុំ​តែ​ខ្ញុំ​ខិតខំ​បែប​នេះ នោះ​ខ្ញុំ ប្រហែល​នឹង​មិន​សន្សំ​លុយ​បាន​ទិញ​ផ្ទះ​ទិញ​រថយន្ត​បាន​នោះ​ទេ»។
បើទោះ​ជា​ប្រជាប្រិយភាព ខេម កំពុង​ស្ទុះ​ឡើង​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​យ៉ាង​ណា​តម្លៃ​ខ្លួន តារា​រូប​នេះ បើ​ប្រៀប​នឹង​តារាចម្រៀង​លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ហាក់​នៅ​មាន​គម្លាត​ពី​គ្នា​នៅ​ឡើយ​។ ទាក់ទិន​នឹង​តម្លៃ​ខ្លួន ខេម មិន​ទម្លាយ​ចេញ​នោះ​ទេ ដោយ លោក លើក​ឡើង​ថា រឿង​នេះ វា​ជា​រឿង​សម្ងាត់។
ប៉ុន្តែ​ប្រភព​ពី​អ្នកជិតដិត របស់​តារាចម្រៀង​សំឡេង​ស្អក​បែប​យុវវ័យ​រូប​នេះ បង្ហើប​ថា៖ «​ខេម ពេល​នេះ​មួយ​យប់ តម្លៃ​ខ្លួន​អាច​ជា​១​ពាន់​ដុល្លារ​ឡើង ប៉ុន្តែ​តម្លៃ​នេះ​មិន​ទាន់​គិត​ការ​ចេញ​ទៅ​ច្រៀង​ឲ្យ​បណ្តា​ក្រុមហ៊ុន​ធំៗ​តាម​ខេត្ត​នោះ​ទេ ប្រាក់​តម្លៃ​ខ្លួន​អាច​ឡើង​ជាង​នេះ»។
ប្រភព​ពី​អ្នកជិតដិត​ដដែល​ក៏​បាន​និយាយ​ទូទាត់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​តារា​នេះ​ត្រួសៗ​ថា៖ «ចំណូល ខេម​ក្នុង​មួយ​ឆ្នាំ​រក​បាន​ចាប់ពី​៤​ម៉ឺន​ដុល្លារ​ទៅ​៦​ម៉ឺន​ដុល្លា​រ»៕