ក្រុមហ៊ុនMicrosoftនឹងរៀបចំសិក្ខាសាលាស្ដីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យានៅថ្ងៃ១៧តុលា
ក្រុមហ៊ុនម៉ៃក្រូស៊ុស (Microsoft) សហការជាមួយក្រុមហ៊ុន ហ្វ័នថឹម ផាប់ប្ល៊ីក ស៊ីធី (Quantum Public City) នឹងរៀបចំសិក្ខាសាលាមួយស្ដីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (Cybercrime) នៅថ្ងៃទី១៧ ខែតុលា នៅសណ្ឋាគារអ៊ីនធើខនធីណិនថល (InterContinental Hotel) ក្នុងទីក្រុងភ្នំពេញ។
អ្នកសម្របសម្រួលរបស់ក្រុមហ៊ុន ហ្វ័នថឹម ផាប់ប្ល៊ីក ស៊ីធី លោក ហួង សុភ័ក្ត្រតារា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ថា សិក្ខាសាលានេះមានសារសំខាន់ណាស់សម្រាប់ផ្តល់ព័ត៌មានពីសន្តិសុខព័ត៌មានវិទ្យាតាមប្រព័ន្ធអ៊ីនធឺណិត ដែលអាចជាគ្រោះថ្នាក់ធំបំផុតក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា៖ «គោលដៅសំខាន់គឺព្យាយាម គឺថាលើកកម្ពស់ពញ្ញាក់អារម្មណ៍គាត់ចឹង មកលើបញ្ហាហ្នឹងដែលអាចជាអ្វីមួយដែលគាត់ ដូចថាបាត់បង់ចំណូលច្រើនណាស់រាប់លានដុល្លារជារៀងរាល់ឆ្នាំអី ដោយសារតែការធ្វេសប្រហែស ហើយនិងដោយសារតែមានការវាយប្រហារព័ត៌មានវិទ្យា ឬក៏ Cyber Attack ហ្នឹងអ៊ីចឹងទៅណាបង! ថ្ងៃនេះទៅគឺយើងនឹងបញ្ចេញព័ត៌មាននៅក្នុងការសិក្សាហ្នឹង ហើយក៏ដូចជាចែកជូនការសិក្សាហ្នឹងទៅដល់អ្នកសារព័ត៌មានផ្សេងៗដែលគាត់បានមកចូលរួមដែរចឹងទៅណាបង»។
វាគ្មិនបរទេសដែលនឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមាន លោក អាស់ទ្រីឌ ទូម៊ីនេ (Dr. Astrid S. Tuminez) នាយកទទួលបន្ទុកកិច្ចការច្បាប់ និងអាជីវកម្មរបស់ក្រុមហ៊ុន ម៉ៃក្រូស៊ុស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអ្នកស្រី ស៊ែរុន គួរ (Sharon Kuo) សេនានុព័ន្ធច្បាប់នៃការិយាល័យស៊ើបអង្កេតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ប្រចាំកម្ពុជា និងវៀតណាម៕ ប្រភព ៖RFA