អ្នកជំនាញ Microsoft៖ ធនាគារនៅកម្ពុជា កំពុងប្រឈមនឹង ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា

10/17/2014 0 Comments A+ a-

ភ្នំពេញ៖ អ្នកជំនាញការ របស់ក្រុមហ៊ុន Microsoft បានថ្លែងថា ឧក្រិដ្ឋកម្មព័ត៌មាន វិទ្យាអាចជាហានិភ័យ ដ៏ធំបំផុត មួយ ដែលវិស័យធនាគារ នៅកម្ពុជាកំពុងប្រឈម និងទាមទារឲ្យមាន ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។
ក្រុមហ៊ុន Microsoft ដើម្បីបញ្ច្រាប និងបញ្ញាក់អារម្មណ៍ពី ប្រព័ន្ធសុវត្ថិភាពតាម ប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ បានបើកសិក្ខាសាលា មួយស្តី «សន្តិសុខព័ត៌មានវិទ្យា ឆ្លុះបញ្ចាំងពីហានិភ័យ ក្នុងវិស័យ ធនាគារនៅ កម្ពុជា»។ សិក្ខសាលាដែលធ្វើឡើងនៅ សណ្ឋាគារអ៉ីនធើខន មានការអញ្ជើញចូលរួម ពីអ្នកមាន បច្ចេកទេសខ្ពស់ ខាងប្រព័ន្ធព័ត៌មានវិទ្យា មកពីបណ្តាធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ នៅកម្ពុជាជាច្រើននាក់។
ក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញជាច្រើនរូប រួមមាន លោកស្រី Sharon Kuo សេនានុព័ន្ធច្បាប់ នៃការិយាល័យ ស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងវៀតណាម លោក Bretton G. Sciaroni សភាពាណិជ្ជកម្ម អន្តរជាតិ-កម្ពុជា និងលោក Yeng Sok - អ្នកគ្រប់គ្រងប្រតិបត្តិការ VAS បានឡើងចែករំលែក ពីបទពិសោធរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
អ្នកជំនាញការរបស់ក្រុមហ៊ុន Microsoft បានថ្លែងឲ្យដឹងថា ទំហំ នៃវិស័យធនាគារពេលបច្ចុប្បន្ន នៅកម្ពុជា អាច ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ នៅកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញមួយ សម្រាប់ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
វិស័យធនា គារនៅកម្ពុជា អាចប្រឈមនឹងហានិភ័យណាមួយ ពីឧក្រិដ្ឋកម្មផ្សេងៗ ពាក់ព័ន្ធនឹង Malware (កម្មវិធី ដែលត្រូវបានប្រើដើម្បីរំខាន ដល់ដំណើរការកុំព្យូទ័រ) ដែលប្រើវីរុសកុំព្យូទ័រ ប្រើវើម (Worms-វីរុសកុំព្យូទ័រដែល ចេះតែបន្តចម្លងទុកឯកសាររហូតទាល់តែ ពេញចង្អៀតក្នុងកុំព្យូទ័រ) ប្រើ Spyware (កម្មវិធីកុំព្យូទ័រដែល លួចស្ងាត់ៗ នូវព័ត៌មានអំពីគេហទំព័រដែល អ្នកប្រើប្រាស់ ហើយបញ្ជូនព័ត៌មានដល់អ្នកដទៃ ឬក្រុមហ៊ុនផ្សេងទៀត) និងប្រើ កម្មវិធី ផ្សេងទៀត ដើម្បីលួចយកព័ត៌មានរសើប និងអាចចូលទៅប្រើប្រាស់ប្រតិបត្តិការកុំព្យូទ័រថែមទៀតផង។
លោកស្រីបណ្ឌិត Astrid S.Tuminez នាយកទទួលបន្ទុកនីតិកម្ម និង កិច្ចការសារជីវកម្មរបស់ក្រុមហ៊ុន Micro soft ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា «អត្រា នៃការប្រើប្រាស់កម្មវិធី (software) លួចចម្លងច្រើន អាចជា ការគំរាមកំហែងពិតៗ ចំពោះស្ថាប័នទាំងអស់ នៅក្នុងប្រទេសកម្ពុជា រួមទាំងវិស័យហិរញ្ញវត្ថុផងដែរ។ តាមការ សិក្សាថ្មីមួយ ដែលធ្វើឡើងដោយសារជីវកម្មទិន្នន័យអន្តរជាតិ (IDC) និងសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានប៉ាន់ប្រមាណថា បញ្ហាដាច់ប្រព័ន្ធដំណើរការ និងសន្តិ សុខកុំព្យូទ័រ អាចតម្រូវឲ្យក្រុមហ៊ុនចំណាយ ទឹកប្រាក់ រាប់សែនដុល្លារជារៀងរាល់ឆ្នាំ ដើម្បីដោះស្រាយបញ្ហា។ ជារួមការខាតបង់នេះ អាចកើនឡើងដល់រាប់ លានដុល្លារ»។
បើតាមលោក ប៉ាន់ សូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា នៅកម្ពុជា មិនទាន់សូវមានឧក្រិដ្ឋកម្មព័ត៌មានវិទ្យា នៅតាមធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដូចជាការលួចលុយ ឬលួចព័ត៌មាននៅឡើយនោះទេ ដោយសារបច្ចេកវិទ្យាព័ត៌មានហាក់នៅទៀបនៅឡើយ។
ការសិក្សារបស់ IDC-NUS បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនអាជីវកម្ម នឹងចំណាយទឹកប្រាក់ ចំនួន ១២៧ពាន់លានដុល្លារអាម៉េរិក ក្នុងការដោះស្រាយបញ្ហាសន្តិសុខព័ត៌មានវិទ្យា ដែលបណ្តាលមកពី malware ដែល បង្កដោយកម្មវិធីលួចចម្លង។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុមអាជីវកម្មត្រូវបានព្យាករណ៍ថា នឹងត្រូវចំណាយ ទឹកប្រាក់ ៥៩ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៤។
ការបំផ្លាញទិន្នន័យដោយ malware តាមរយៈការប្រើប្រាស់កម្មវិធីលួចចម្លងនេះត្រូវបានគេរំពឹងថា នឹង ធ្វើឲ្យ ក្រុមហ៊ុន ខាតបង់ទឹកប្រាក់ ៣៦៤ពាន់លានដុល្លារអាម៉េរិក នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៤។ ចំណែក ឯការ ខាតបង់ចំពោះអ្នកប្រើប្រាស់វិញ ត្រូវបានតំពឹងថា នឹងមានចំនួនរហូតដល់ទៅ ២៥ពាន់លានដុល្លារអាម៉េរិក នៅ ទូទាំងពិភពលោក ។
យោងតាមការសិក្សារួមគ្នារបស់ IDC-NUS ការភ័យខ្លាចធំជាងគេបំផុតរបស់អតិថិជននៅពេលឆ្លង malware នោះគឺ «ការបាត់ទិន្នន័យ ឯកសារ និងព័ត៌មានផ្ទាល់ខ្លួន» ។ ការភ័យខ្លាចធំជាងគេទីពីរគឺ «ការដោះដូរសាច់ប្រាក់ លើប្រព័ន្ធ អ៊ិនធើណែត ដែលមិនបានអនុញ្ញាត និងការក្លែងបន្លំតាមប្រព័ន្ធអន ឡាញជាដើម » ។
ចំពោះ រាជរដ្ឋាភិបាលវិញ ភាពភ័យខ្លាចធំជាងគេបំផុតនោះគឺ «ការបាត់ឯកសារសម្ងាត់ ទាក់ទងនឹង ពាណិជ្ជកម្ម ឬព័ត៌មាននៃការប្រកួតប្រជែង» ។ ការភ័យខ្លាចធំបំផុតបន្ទាប់គឺ « ការលួចចូលទៅយក ទិន្នន័យសម្ងាត់របស់ រាជរដ្ឋាភិបាល » ហើយការភ័យខ្លាចធំបំផុតទីពីរដែរនោះគឺ « ការវាយប្រហារតាម ព័ត៌មានវិទ្យាទៅលើ ហេដ្ឋារចនា សម្ព័ន្ធសំខាន់ » ។
ជាកិច្ចឆ្លើយតបទៅនឹងការគំរាមកំហែងពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលចេះតែកើនឡើង ក្រុមហ៊ុម Microsoft បាន បង្កើតនូវអង្គភាពឧក្រិដ្ឋកម្មឌីជីថល ប្រចាំការមួយ (DCU) ដែលអង្គភាពនេះរួមមាន មេធាវី អ្នកស៊ើបអង្កេត និងអ្នក វិភាគកោសលវិច្ច័យ ដែលមានជំនាញលើផ្នែកផ្សេងៗដូចជា malware, botnets បទឧក្រិដ្ឋកម្មសិទ្ធិបញ្ញា (IP) និង ការជួញដូរកុមារដោយប្រើបច្ចេកទេសជាដើម ។
ក្រុមហ៊ុន Microsoft សូមណែនាំក្រុមហ៊ុមទាំងអស់ឲ្យទិញកម្មវិធី និង Hardwareស្របច្បាប់ពីប្រភព ដែលមានសិទ្ធិ ចែកចាយត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យដែលនាំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះ នៃឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
លោក ប៉ាន់ សូរស័ក្តិ បានថ្លែងថា ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា គឺជារឿងដ៏សំខាន់មួយនៅក្នុងប្រតិបត្តិអាជីវកម្មក្នុងយុគសម័យបច្ចេកវិទ្យានេះ។ លោក ប៉ាន់ សូរស័ក្តិ ក៏បានជំរុញឲ្យក្រុមហ៊ុន Microsoft សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័នជំនាញ ដើម្បី ធ្វើឲ្យមានសុខដុមនីយកម្មលើប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា ដែលកំពុងតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា ៕
Photo by DAP-News