Hackerលំដាប់ពិភពលោកថាបានវាយប្រហារទិន្នន័យរដ្ឋាភិបាលចិន
ក្រុម Hacker អន្តរជាតិដ៏ល្បីឈ្មោះ Anonymous បានរួមដៃជាមួយក្រុមបាតុករក្រុងហុងកុងធ្វើការវាយប្រហារទៅលើវិបសាយធំៗរបស់រដ្ឋាភិបាលចិន។
សារព័ត៌មានចិន South China Morning Post បានឲ្យដឹងថា ក្រុម Anonymous បានសហការជាមួយក្រុមបាតុករហុងកុង ដោយបានវាយប្រហារវិបសាយធំៗរបស់រដ្ឋាភិបាលចិន កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ។ នៅព្រឹកដដែល ទិន្នន័យ (ព័ត៌មានសម្រាប់ទំនាក់ទំនង) ជាង៦០០ដូចជា IP Adress, Email Address ឈ្មោះអ្នកប្រើប្រាស់ និងលេខទូរសព្ទជាច្រើនខ្សែរបស់ក្រុមហ៊ុនមួយចំនួន(Ningbo Free Trade Zone និងវិបសាយស្វែងរកការងារ) នៅក្នុងខេត្ត Zhejiang ប្រទេសចិនត្រូវបានប្លន់យក។
លើសពីនេះក្រុម Anonymous ក៏បានប្រកាសក្ដែងៗថា ពួកគេក៏បានប្លន់យក Username និងEmail Address ប្រមាណ៥ម៉ឺនពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ Database ចំនួន៥០របស់រដ្ឋាភិបាលចិនផងដែរ។
ក្រោយពីវាយប្រហារក្រុមហ៊ុនជាច្រើននៅចិន ក្រុម Anonymous ក៏បានគំរាមថា នឹងប្លន់យកទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីចិនធំៗជាច្រើននាក់នៅពេលបន្តទៀត។
កាលពីថ្ងៃសុក្រកន្លងទៅ ក្រុម Anonymous ក៏បានផ្ញើសារទៅកាន់ហ្វូងបាតុកររាប់ម៉ឺននាក់ដែលកំពុងធ្វើបាតុកម្មទាំងថ្ងៃទាំងយប់ថា “ផ្ញើទៅកាន់ក្រុមបាតុករទាំងអស់ យើងបានលឺពីការអង្វរកសុំជំនួយពីសំណាក់អ្នកទាំងអស់គ្នាហើយ។ យើងចង់ប្រាប់ថា អ្នកមិនមែននៅតែឯងទេ។ Anonymous នៅទូទាំងពិភពលោកនឹងឈរខាងអ្នកដើម្បីទាមទាររកលទ្ធិប្រជាធិបតេយ្យពេញលេញឲ្យបានជោគជ័យ”។
តែទោះបីយ៉ាងណា ទាក់ទងនឹងបញ្ហានេះពុំមានការធ្វើអត្ថាធិប្បាយណាមួយពីរដ្ឋាភិបាលចិនឡើយ។
ក្រុមបាតុករហុងកុងបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលចិនតាំងពីចុងខែកញ្ញា ពោលគឺចាប់ពីថ្ងៃទីអាទិត្យ ទី២៨ ខែកញ្ញាមកម្ល៉េះ តែនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ៕