ពលករ​វៀតណាម​ខុស​ច្បាប់​៤​នាក់​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​រតនគិរី

10/19/2014 0 Comments A+ a-

d7417ad7-b228-4390-a4a3-84c3bb288273ពលករ​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ៤​នាក់ ប៉ុនប៉ង​សុំ​ធ្វើ​សៀវភៅ​គ្រួសារ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​រតនគិរី។ ចំណែក​មន្ត្រី​មូលដ្ឋាន​ឃុំ ព្យាយាម​បិទ​បាំង​ព័ត៌មាន​នេះ គ្រា​ដែល​មន្ត្រី​នគរបាល​ឃុំ​បាន​បដិសេធ​សំណើ​សុំ​របស់​ជន​អន្តោប្រវេសន៍​ទាំង ៤​នាក់​នោះ។
មេ​ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី លោក ឈឹម សុឃីម នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា បដិសេធ​ថា​មិន​មាន​ពលករ​អន្តោប្រវេសន៍​វៀតណាម ណា​ម្នាក់​មក​សុំ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​នោះ​ឡើយ។
ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែអង្ក្រង រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ថា​មាន​ពលរដ្ឋ​វៀតណាម ៤​នាក់ ដឹក​នាំ​ដោយ​មេការ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Horng Ann Lumphat) នៅ​ការដ្ឋាន​ទី​១ មាន​ទីតាំង​ជាប់​នឹង​ឃុំ​ស្រែអង្ក្រង បាន​ចូល​ទៅ​សាលា​ឃុំ ហើយ​ស្នើសុំ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ។
លោក ឈឹម សុឃីម អះអាង​ថា ជនជាតិ​វៀតណាម ទាំង​នោះ​មក​ស្នើសុំ​បើក​អាជីវកម្ម​ខារ៉ាអូខេ និង​សាងសង់​ផ្ទះ។ ដូច្នេះ សេចក្តី​រាយការណ៍​របស់​ពលរដ្ឋ​នោះ​ជា​ការ​មិន​ពិត។ លោក​ទាមទារ​ឲ្យ​បង្ហាញ​ឈ្មោះ​ប្រជាពលរដ្ឋ​អ្នក​រាយការណ៍ បន្ទាប់​មក​លោក​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី បន្ត​ទៀត៖ «អត់​ទេ​ច្រឡំ​បាត់​ហើយ គេ​សុំ​បើក​ខារ៉ាអូខេ​ទេ។ ទេ បុគ្គល​ណា​ថា​ហ្នឹង យក​ឈ្មោះ​មក​ឲ្យ​ខ្ញុំ​មើល។ គាត់​មក​ពីរ​នាក់​មែន ហើយ​គាត់​មក​សុំ​សាងសង់​ផ្ទះ​ទេ»
ផ្ទុយ​ពី​ការ​បដិសេធ​នេះ ស្មៀន​ឃុំ​ស្រែអង្ក្រង លោក ពុជ ជិន បញ្ជាក់​ថា ពិត​ជា​មាន​ពលរដ្ឋ​សញ្ជាតិ​វៀតណាម មក​សុំ​ចុះ​បញ្ជី​ស្នាក់នៅ​មែន ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក បាន​ផ្តល់​យោបល់ គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​ចុះ​បញ្ជី​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន​ឡើយ៖ «គាត់​មក​រស់នៅ​ក្នុង​ក្រុមហ៊ុន​ណា ប៉ុន្តែ​សួរ​ទៅ​ខាង​ចៅហ្វាយ​ស្រុក​ហើយ មេ​ឃុំ​គាត់​សួរ បើ​គាត់​វៀតណាម គាត់​មិន​អាច​ចុះ​ឈ្មោះ​បាន​ទេ»
កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី បាន​ធ្វើ​យុទ្ធនាការ​ត្រួត​ពិនិត្យ​ពលករ​អន្តោប្រវេសន៍​នៅ​ការដ្ឋាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ ដើម្បី​ស្វែងរក​ពលករ​បរទេស​ខុស​ច្បាប់។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ក្រោម​ជាង ៦០​នាក់ ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​វៀតណាម មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​ខុស​ច្បាប់ ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ។
ទាក់ទិន​ករណី​នេះ​ដែរ អធិការ​ប៉ូលិស​ស្រុក​កូនមុំ លោក ភោគ បូរិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ បាន​រាយការណ៍​ពី​ករណី​ពលករ​វៀតណាម ចំនួន ៤​នាក់​រស់នៅ​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បាន​មក​សុំ​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ​មែន ក៏ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​មាន​ជនជាតិ​វៀតណាម ខ្លះ កាន់​លិខិត​ឆ្លង​ដែន​ជា​អ្នក​ទេសចរ ប៉ុន្តែ​ពួក​គេ​ឆ្លៀត​ឱកាស​ធ្វើ​ការ​រយៈពេល​ខ្លី​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​វៀតណាម។ បច្ចុប្បន្ន ក្រុម​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​ខេត្ត និង​មន្ត្រី​អន្តរ​ក្រសួង កំពុង​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ហើយ៖ «សុំ​មែន ៤​នាក់ ឲ្យ​យើង​ធ្វើ​លិខិត​ស្នាក់នៅ។ ខ្ញុំ​ថា​មិន​អាច​បាន​ទេ ហើយ​បើ​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ទាល់​តែ​អ្នក​ឯង​មាន​បែបបទ​បង់​ថវិកា​ជូន​ជាតិ មាន​ឡាយព្រះហស្ដលេខា​ព្រះមហាក្សត្រ​ហ្នឹង បាន​ចូល​ជា​សញ្ជាតិ​បាន»
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​បិទ​បាំង​ព័ត៌មាន​ស្ដីពី​អន្តោប្រវេសន៍​ពលករ​ខុស​ច្បាប់​ដោយ​មន្ត្រី​ឃុំ ថា​ជា​ចេតនា​លាក់​បំពួន​ពលករ​បរទេស​ខុស​ច្បាប់។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​នេះ៖ «យើង​ឃើញ​ហើយ​សមត្ថកិច្ច​កំពុង​តាម​ដាន​ត្រួត​ពិនិត្យ​ទៅ​លើ​រឿង​ហ្នឹង បើ​សិន​មេ​ឃុំ​មាន​ការ​ឃុបឃិត​បិទ​បាំង​ព័ត៌មាន​ពី​សមត្ថកិច្ច​ទៀត មេ​ឃុំ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទៅ​ថ្ងៃ​ក្រោយ នៅ​ពេល​សមត្ថកិច្ច​រក​ឃើញ​ថា​មាន​ការ​ឃុបឃិត»
របាយការណ៍​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី នៅ​ការដ្ឋាន​ទាំង​បួន​របស់​ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ កាល​ពី​សប្ដាហ៍​មុន​រក​ឃើញ​ពលករ​អន្តោប្រវេសន៍​វៀតណាម ចំនួន ២២​នាក់ គឺ​ជា​ពលករ​អន្តោប្រវេសន៍​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ ក៏ប៉ុន្តែ មន្ត្រី​ប៉ូលិស​ទទួល​ស្គាល់​ដែរ​ថា មាន​ព័ត៌មាន​ពី​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទីនោះ​ស្ដីពី​ការ​រត់​លាក់​ខ្លួន​របស់​ពលករ​បរទេស​ខុស​ច្បាប់ ពេល​ប៉ូលិស​ចូល​ទៅ​ដល់​ក្រុមហ៊ុន ក៏ប៉ុន្តែ​ប៉ូលិស​មិន​មាន​លទ្ធភាព​ស្វែងរក​ពួក​គេ​ឃើញ៕
ប្រភពពី វិទ្យុអាស៊ីសេរី