ក្រុម​​ជន​ជាតិ​ភាគ​តិច ​ស្នើ​​នាយក​រដ្ឋ​មន្ត្រី​​លុប​ចោល​​អាជ្ញាប័ណ្ណ​​ក្រុមហ៊ុន​​វិនិយោគ​​មួយ​

10/31/2014 0 Comments A+ a-

តំណាង​​សហគមន៍​​ជន​ជាតិ​ដើម​​ភាគ​តិច​​ព្នង​​ចំនួន​៥​នាក់​​មក​ពី​​ខេត្ត​មណ្ឌល​គិរី​​ក្រោម​​ការ​សម្រប​សម្រួល​​រប​ស់​​សមាគម​​អាដ​ហុក​​បាន​ដាក់​​ពាក្យ​បណ្តឹង​​មួយ​​ទៅ​កាន់​​លោកនាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​ដើម្បី​​ស្នើ​សុំ​​លុប​ចោល​​អាជ្ញាធរ​​ប័ណ្ណ​​របស់​​ក្រុម​ហ៊ុន​​វិឡា​ឌី​វី​លុប​មេន​ ខូ​អិ​ល​​ធី​ឌី​។ ក្រោយ​​ដាក់​​បណ្តឹង ​តំណាង​​ទាំង​នេះ ​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​នៅ​​ទី​ស្នាក់​ការ​​អាដហុក ​រៀប​រាប់​​ពី​​ទុក្ខ​លំបាក​​របស់ខ្លួន​​ពី​​ផល​ប៉ះ​ពាល់​​ដោយ​សារ​​ក្រុម​ហ៊ុន​​នេះ​។​
741
ក្រុម​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ស​ន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​តុលា ​ឆ្នាំ ​២០១៤​
RFI/ សហការី
ក្នុង​ពាក្យបណ្តឹង​នោះ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​វិឡា​ឌី​វី​លុប​មេន ខូ​អិ​ល​ធី​ឌី ដែល​ពួកគេ​អះអាងថា កំពុង​ឈូសឆាយ​ដីព្រៃ​ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។
លោក ប្លឹ​ក ម៉ា​ល់ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន​នេះ បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ចំនួន​ប្រមាណ២៧៣គ្រួសារ នៅក្នុង​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី។ លោក​បន្តថា ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ដូច​ពួកគាត់ គឺ​រស់​ពឹង​អាស្រ័យ​លើ​ព្រៃឈើ​ទាំងអស់នោះ ហើយ​ប្រសិនបើ​ក្រុមហ៊ុន​នេះ នៅតែ​បន្ត​ឈូសឆាយ​ទៀត​នោះ ពួកគាត់​មិនដឹង​ជា​រស់នៅ​ពឹង​ផ្អែកលើ​អ្វី​ទៀត​នោះទេ។
សូម​ជំរាបជូន​ថា តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ទាំងនេះ​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ជាច្រើនលើក​ហើយ​ទៅកាន់​តុលាការខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មិនមាន​ការដោះស្រាយ​ជូន​នោះទេ។ ហើយថ្មីៗនេះ ក្រុម​ជនជាតិដើម​ភាគតិច​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ម្តងទៀត​ទៅកាន់​តុលាការ តែ​បាន​បង្វែរ​ពី​បណ្តឹង​ព្រហ្មទណ្ឌ​មកជា​បណ្តឹងរដ្ឋប្បវេណី​វិញ​ដោយ​ស្នើ​ឲ្យ​តុលាការ​ពិ​ចា​ណា​លុបចោល​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​វិឡា​ឌី​វី​លុប​មេន ខូ​អិ​ល​ធី​ឌី ។
ជាមួយគ្នានេះ  តំណាង​ជនជាតិដើម​ភាគតិច​ក៏បាន​ពាក្យបណ្តឹង​ដាច់ដោយឡែក​មួយទៀត​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោយ​ស្នើ​ឲ្យ​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​ផងដែរ។
សមាគម​អាដហុក បាន​គាំទ្រ​ការដាក់​ពាក្យបណ្តឹង​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​ទៅកាន់​តុលាការ​ស្នើ​ឲ្យ​មានការ​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​វិនិយោគ​នេះ។ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក​បាន​ហៅ​ការដាក់​ពាក្យបណ្តឹង​រប​ស់​ក្រុម​តំណាង​ជនជាតិដើម​ភាគតិច​ទាំងនេះ​ថា ជា​យន្តការ​ថ្មី​មួយ​ដែល​ជួយ​ព​ន្លឿ​ន​នូវ​ការចាត់ការ​របស់​តុលាការ។ លោក​បន្ថែមថា អាដហុក​នឹង​ផ្តល់​មេធាវី​ដើម្បី​ជួយ​ដល់​ដំណើរការ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​នេះ។
សូមបញ្ជាក់ថា កន្លងមក​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន បាន​ដកហូត និង​សម្រួល​ផ្ទៃដី​ពី​ក្រុមហ៊ុន​វិនិយោគ​ចំនួន១៩ក្រុមហ៊ុន ដោយសារ​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ។ ទន្ទឹមគ្នានេះ សមាគម​អាដហុក ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល លុបចោល​បន្ថែមទៀត​រា​ល់​កិច្ចសន្យា​ទាំងឡាយ​ដែល​ក្រុមហ៊ុន​បាននិងកំពុង​ដំណើរកា​រ ដោយ​រំលោភ​ទៅលើ​ស្មារតី​នៃ​អនុ​ក្រឹត្យ​ស្តីពី​សម្បទាន​ដី​សេដ្ឋកិច្ច និង​ក្រមរដ្ឋប្បវេណី​ដែល​កំពុង​នៅ​ជា​ធរមាន៕ ប្រភព ៖ rfi