រដ្ឋាភិបាល​មិន​ទាន់​ផ្តល់​សំណង​ដល់​ជន​រង​គ្រោះ​ក្នុង​ករណី​ផ្ទុះ​កាំជ្រួច

10/31/2014 0 Comments A+ a-

រាជរដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ជំហរ​ថា នឹង​ផ្តល់​សំណង​បែប​ណា​ទៅ​ជន​រងគ្រោះ និង​សាច់ញាតិ​ជនគ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​កាំជ្រួច​ខុស​បច្ចេកទេស​នៅ​ឡើយ​ទ។ ចំណែក​សង្គម​ស៊ីវិល អ្នក​វិភាគ​សង្គម និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​ដាក់​បន្ទុក​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ។
ខណៈ​ដែល​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ណា​មួយ​លើ​ហេតុការណ៍​ផ្ទុះ​កាំជ្រួច​ដែល​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង ៦​នាក់​រង​របួស​ធ្ងន់ មន្រ្តី​សង្គម​ស៊ីវិល អ្នក​វិភាគ​សង្គម និង​ប្រជាពលរដ្ឋ បាន​ដាក់​បន្ទុក​លើ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ត្រូវ​ទទួល​ខុស​ទាំង​ផ្នែក​សំណង​ផ្លូវ​ច្បាប់ និង​សំណង​ថវិកា​ជូន​ជន​រងគ្រោះ ព្រមទាំង​គ្រួសារ​សព។
លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​នៃ​សកវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​យល់​ថា អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ គឺ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គឺ​រដ្ឋាភិបាល។ លោក​យល់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​បី​ចំណុច៖ គឺ​ទទួល​ខុស​ត្រូវ​លើ​សំណង​ផ្លូវ​ច្បាប់ និង​ទទួល​ខុស​ត្រូវ​លើ​ការ​ត្រួត​ពិនិត្យ​នៃ​ហេតុការណ៍​កើត​ឡើង​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​នេះ៖ «ជា​ការ​ធ្វេសប្រហែស​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រង​នៅ​ពេល​ដែល​កើត​ជា​យថាហេតុ។ មាន​តំបន់​ខ្លះ​ហាមឃាត់ ប្រជាជន​ចូល​អត់​បាន​ម៉េច? បើ​ប្រជាជន​ចូល​បាន មាន​ន័យ​ថា សមត្ថកិច្ច​កន្លែង​ហ្នឹង​អត់​មាន​សមត្ថភាព។ ហេតុអី​បាន​ចូល​កន្លែង​ហ្នឹង​បាន ប៉ុន្តែ​យើង​ត្រូវ​មាន​ដាក់​វិន័យ»។
ហេតុការណ៍​បាញ់​កាំជ្រួច​ខុស​ក្បួន​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​តុលា ដើម្បី​អបអរ​សាទរ​ខួប​ទី​១០ នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​នៃ​ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្កម សីហមុនី។ ការ​បាញ់​កាំជ្រួច​នោះ​ធ្វើ​ឡើង​នៅ​ត្រើយ​ម្ខាង​ដង​ទន្លេ​ទល់​មុខ​ព្រះ​បរម​រាជវាំង ស្ថិត​ខណ្ឌ​ជ្រោយចង្វារ ក្បែរ​អគារ​សណ្ឋាគារ​សុខា។
សមត្ថកិច្ច​បាន​លើក​ឡើង​ថា ករណី​នេះ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​ចូល​មើល​កាំជ្រួច​នៅ​កន្លែង​ហាម​ឃាត់។ ប៉ុន្តែ​ទីតាំង​ដែល​សាកសព ណាគ្រី ដារ៉ូ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​នោះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​កន្លែង​បាញ់​កាំជ្រួច ហើយ​នៅ​ទី​នោះ​មាន​ប្រជាពលរដ្ឋ​លក់ដូរ​ធម្មតា និង​គ្មាន​ដាក់​របាំង​ដែក​ហាម​ឃាត់​ទេ។
អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ប្រសាសន៍​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល។ លោក អំ សំអាត ដែល​កំពុង​តាមដាន​ករណី​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើប​អង្កេត​លើ​រឿង​នេះ​ឲ្យ​បាន​ច្បាស់លាស់៖ «រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ ដើម្បី​ចៀសវាង​នូវ​ឧបទ្ទវហេតុ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ ដើម្បី​បុណ្យ​ផ្សេងៗ​ទៀត​យើង​ត្រូវ​តែ​ពិនិត្យ​ក្នុង​ការ​ទិញ​កាំជ្រួច បាញ់​មក​អបអរ​សាទរ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ»។
កញ្ញា អ៊ុំ ស្រីម៉ុច ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កណ្តាល យល់​ថា ករណី​នេះ​គឺ​រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​សំណង​យ៉ាង​សមរម្យ​ជូន​ជនរងគ្រោះ និង​សាច់ញតិ​ជន​រងគ្រោះ ព្រោះ​ហេតុការណ៍​នេះ​ជា​ការ​រៀបចំ និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។
កញ្ញា អ៊ុំ ស្រីម៉ុច ស្នើ​ឲ្យ​សមត្ថកិច្ច​ពង្រឹង​សុវត្តិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ជាពិសេស គឺ​នៅ​ក្នុង​ពិធីបុណ្យ​អុំ​ទូក​ខាង​មុខ​នេះ៖ «បើ​ខ្ញុំ! ខ្ញុំ​ផ្ទាល់! ខ្ញុំ​គិត​ថា គួរ​ណាស់​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ អ៊ីចឹង​យើង​គ្រាន់​តែ​ថា ជួយ​ប៉ះប៉ូវ បើ​សិន​ណា​ប្រជាពលរដ្ឋ​ធ្វើ​ការ​រក​ចំណូល​ជួន​ក្រុម​គ្រួសារ ឧបមាថា មួយ​ខែ​បាន ២០០​អ៊ីចឹង អ៊ីចឹង​រាជរដ្ឋាភិបាល​ត្រូវ​ជួយ​ធ្វើ​ម៉េច ត្រូវ​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​គាត់​វិញ ដូចជា​ម្តាយ​ឪពុក​គាត់ ឬ​ក៏​ប្អូនៗ​គាត់​ដែល​ឋិត​នៅ​ក្រោម​អាណាព្យាបាល​គាត់​អ៊ីចឹង​ទៀត»។
គិត​មក​ទល់​ថ្ងៃ​ទី​៣០ ខែ​តុលា សាកសព​ជនរងគ្រោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅឋាន នា​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល និង​អ្នក​របួស​ខ្លះ​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ទាន់​ចេញ​លិខិត​ថ្លែងការណ៍ ឬ​លិខិត​សុំទោស​ចំពោះ​ករណី​នេះ​នៅ​ឡើយ​ទេ។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល ព្រម​ទាំង​អ្នក​នាំ​ពាក្យ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។
ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង មាន​ប្រសាសន៍​ថា ការ​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ​គឺ​ថ្នាក់​ជាតិ ដែល​ក្នុង​នោះ​រួម​មាន​ក្រសួង​មហាផ្ទៃ និង​ទីចាត់ការ​ហ្វឹកហ្វឺន​នៃ​អគ្គសេនាធិការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​សហការ​ប៉ុណ្ណោះ។ ទោះ​បែប​នេះ​ក្តី លោក ឡុងឌីម៉ង ឲ្យ​ដឹង​ថា សាលា​រាជធានី​មាន​ថវិកា​មួយ​ចំនួន​ជូន​ជន​រងគ្រោះ និង​គ្រួសារ​សព៖ «យើង​ពិបាក​ដឹង​ដែរ ដោយសារ​ទីតាំង​ចំណុច​ហ្នឹង។ បើ​និយាយ​ពី​ការ​បែងចែក​ទទួល​ខុសត្រូវ គឺ​ទុក​ជូន​ទៅ​ខាង​ថ្នាក់​ជាតិ​ហើយ ដូច្នេះ ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​រាជធានី​មាន​មួយ​ផ្នែក គឺ​ក្នុង​ការ​សហការ ក្នុង​ការ​ដែល​កៀង​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ពី​តំបន់​ជុំវិញ​បាញ់​កាំជ្រួច​ហ្នឹង»។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ នឹង​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ។
ព័ត៌មាន​ចុង​ក្រោយ៖
អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ បាន​យក​ថវិកា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជូន​គ្រួសារ​សព និង​ជនរងគ្រោះ​ដទៃ​ទៀត។ លោក​ថា គ្រួសារ​សព​ទទួល​បាន​ចំនួន ២​លាន​រៀល អ្នក​របួស​ធ្ងន់​ទទួល​បាន​ថវិកា​ចំនួន ២​លាន​រៀល​ដែរ ចំណែក​អ្នក​រង​របួស​ស្រាល​ទទួល​បាន​ថវិកា​ម្នាក់ៗ​ចំនួន ១​លាន​រៀល៕ ប្រភព ៖ RFA