នារី​អាស៊ី​​​​​ក្មេង​​​សោះ​​ក្លាយ​​ជា​កំពូល​តារា​ម៉ូដែល​ល្បី​ លើ​ឆាក​អន្តរជាតិ!

10/13/2014 0 Comments A+ a-

កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​១៩៨៨ ក្នុង​ទីក្រុង Yongzhou ខេត្ត​ហួណាន​ ប្រទេស​ចិន សព្វថ្ងៃ ​Liu Wen បាន​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត​​មួយ​រូប ​មាន​ឈ្មោះ​ល្បី​ល្បាញលើ​ឆាក​អន្តរជាតិ

Liu-Wen-Model
នាង Liu Wen
នាង Liu Wen ជា​កូនស្រី​ទោល​ក្នុង​គ្រួសារ​មួយ។ នៅ​វ័យ​ជំទង់ ​ម្ដាយ​បង្កើត​បាន​លើក​ទឹកចិត្ត​ និង​ចង់​ឱ្យ​​នាង​​​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។ ម្ល៉ោះហើយ​ទើប​ម្ដាយ​​ជំរុញ​ឱ្យ​នាង​ញ៉ាំ​អាហារ​ល្អ ថែរាង ដើម្បី​​​ចូល​ប្រកួត​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​។ ពេល​ចូល​ប្រកួត​ប្រជាប្រិយភាព​ និង​កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់​ផ្ដើម​លេចធ្លោ​ឡើង គួរ​ឱ្យ​កត់​សម្គាល់​តាំង​ពីពេល​នោះ​មក។

បច្ចុប្បន្ន នាង​ជា​តារា​ម៉ូដែល​ស្រី​ទី​១ ប្រចាំ​អាស៊ី​បូព៌ា ដែល​បាន​ដើរ​ម៉ូត​ក្នុង​កម្មវិធី​បង្ហាញ​ឈុត​ក្នុង ​លំដាប់​ពិភពលោក Victoria’s Secret Fashion Show ។ ​

កេរ្តិ៍​ឈ្មោះ ឆ្នាំ​ ២០១០ ដល់ ២០១៤
ឆ្នាំ​២០១០ តារា​វ័យ​២៦​ឆ្នាំរូបនេះ​បាន​ក្លាយ​ជា​អ្នកនាំពាក្យ​ដំបូង​របស់​ក្រុមហ៊ុនលក់​ផលិតផល​ថែ​សម្រស់ Estée Lauder នៅ​ទីក្រុង New York ។ ឆ្នាំ​២០១២ កាសែត The New York Times ដាក់​​ឈ្មោះ​នាងជា “កំពូល​តារា​បង្ហាញ​ម៉ូដ​​​អាស៊ីទី១​របស់​ចិន”។ ក្នុង​ឆ្នាំ​២០១៣ Liu Wen បាន​ក្លាយ​ជា​តារាបង្ហាញ​ម៉ូដ​អាស៊ី​ទី១ផង​​ដែរ ​ដែលជាប់​ជា​តារា​ម៉ូដែល​រក​ចំណូល​បានខ្ពស់​​ លំដាប់​ទី៥លើពិភពលោក ក្នុង​​ទស្សនាវដ្ដី Forbes។ ​

យ៉ាងណា​ទស្សនាវដ្ដី Forbes  បង្ហាញទៀត​ថា នាង​ជាប់​ជា​តារា​រកបាន​ចំណូល​ខ្ពស់​លំដាប់​ទី៦ ពោល​គឺ ៧លាន​ដុល្លារអាមេរិក ក្នុង​ឆ្នាំ​២០១៤។ ​ខែ​មេសា​ឆ្នាំ​នេះ ទស្សនាវដ្ដី​អាមេរិក Vogue បាន​កត់សម្គាល់​ថា នាង​ជា​តារា​បង្ហាញ​ម៉ូត ​មាន​អ្នកគាំទ្រ​ច្រើន​ក្នុង​បណ្ដាញ​សង្គម។

ដោយ​ឡែក ​​ក្នុង​ខែ​កក្កដា តារា​កូនទោល​រូប​នេះត្រូវ​គេហទំព័រ Models.com ដាក់​ឈ្មោះ​ថា “New Supermodel” ។ ​មក​ដល់​ខែ​តុលា Liu ជាមនុស្ស​ទី១​លើ​ពិភពលោក ដែល​បាន​បង្ហាញ​នាឡិកា​ដៃ​ Apple Watch លើ​​គម្រប​ទស្សនាវដ្ដី Vogue China ចេញ​ផ្សាយនៅ​​ខែ​វិច្ឆិកា​ខាងមុខ។

251213140805_5329


កេរ្តិ៍ឈ្មោះ ឆ្នាំ ​២០០៥ ដល់ ២០១០
Liu ​ចាប់​ផ្ដើម​​អាជីព​បង្ហាញ​ម៉ូដ​ដំបូង​ក្នុង​​កម្ម​វិធី New Silk Road World Model Contest ឆ្នាំ​២០០៥។ កាល​នោះ​ជយលាភី​បានលើ​នាង Du Juan ។ ទោះ​មិន​បាន​ឈ្នះ​ក្នុង​កម្មវិធី​នេះ នាង​បាន​ក្លាយ​ជា​អ្នក​បង្ហាញម៉ូដ​​ពេញ​ម៉ោង​​ភ្លាមៗដែរ ហើយ​នាង​​ក៏​ទទួល​ជោគជ័យ ក្រោយធ្វើ​​ការថតផ្សាយ​ជាមួយ​ទស្សនាវដ្ដី​ម៉ូដ​ Vogue និង Harper’s Bazaar។ ​

ពេល​​ថត​សំលៀកបំពាក់​ច្នៃ​ម៉ូដ​​ដោយ Karl Lagerfeld និង Viktor and Rolf ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៧ នាងបាន​​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ម៉ូដ​​អន្តរជាតិ​​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ។ ដល់​​ឆ្នាំ​២០០៨ នាង​ត្រូវ​គេ​អញ្ជើញ​ទៅ​ទីក្រុង​ប៉ារីស ​ចុះហត្ថលេខា​ជាមួយ​ភ្នាក់ងារ​មួយ (Agency) ដើម្បី​ចូល​រួម​កម្មវិធី Paris Fashion Week។

ក្នុង​ខែ​មករា​ឆ្នាំដដែល នាង​បង្ហាញ​ខ្លួន​ក្នុង​ទស្សនាវដ្ដី Chinese Vogue ហើយ​​ក៏​បាន​បង្ហាញ​ម៉ូដ​ នៅ​ឆាក​អន្តរជាតិ និង​ការ​បង្ហាញ​ម៉ូដ​​ជា​ច្រើន​ទៀត។

មកដល់​​ខែ​មករា និង​​ខែមិនា ឆ្នាំ​២០០៩ Liu Wen បាន​ចូលប្រឡូក​ស៊ុប​ក្នុង​ឧស្សាហកម្ម​បង្ហាញ​ម៉ូដ​ ដោយ​ដើរ​បាន​៧៤ Show ក្នុង​ទីក្រុង New York, London, Milan, និង Paris។ ពេល​​រដូវ​កាល​ឆ្នាំ​ ២០១០ មកដល់ នាង​​ដើរ​បាន​៧០ Show ផង​ដែរ​ ក្នុង​ទីក្រុង​ទាំង​បួន​នេះ។ ចំនួន​បង្ហាញ​ខ្លួន​យ៉ាងច្រើន​នេះ បាន​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ ដែល​មាន​គេ​កក់​ទុក​ច្រើន ​បន្ទាប់​ពី​តារា​បារាំង​នាង Constance Jablonski។

តារា​ល្បី​ប្រចាំ​នៅ​អាស៊ី​ និង​ឆាក​អន្តរជាតិ​នេះ មានអាយុ២៦ឆ្នាំ កម្ពស់​ ១,៧៨ ម៉ែត្រ​ ទម្ងន់​៥០គីឡូក្រាម សក់​ពណ៌​ខ្មៅ និង​ភ្នែក​ពណ៌​ខ្មៅ៕

liu-wen-Dan-Jackson-model
11
ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ បរទេស