បទសម្ភាសន៍៖ តំណាងរាស្ត្របក្សសង្គ្រោះជាតិថា វៀតណាមសង់ផ្លូវចូលព្រំដែនខ្មែរប្រហែល៤០គីឡូម៉ែត្រ
00:00
នៅក្នុងបទសម្ភាសន៍រវាង លោក អុឹង ប៊ុនថន នៃវិទ្យុ VOD ជាមួយលោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម លោកអះអាងថា បើតាមសាក្សីដែលគួរឲ្យជឿទុកចិត្តនោះ គឺវៀតណាមបានសង់ផ្លូវចូលមកកាន់ព្រំដែនរហូតដល់៤០គីឡូម៉ែត្រ។
VOD៖ ឃើញតាមលិខិតនោះ ឯកឧត្តមបានចុះទៅទស្សនកិច្ចផ្ទាល់នៅព្រំដែនច្រកដាក់ដាំខេត្តមណ្ឌលគិរី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៤នេះ ហើយថាមានបញ្ហាមិនប្រក្រតីមួយចំនួន។ តើឯកឧត្តមអាចពន្យល់ ឬរៀបរាប់ពីបញ្ហាជាក់ស្តែងនៅទីនោះយ៉ាងណាដែរ?
ម៉ៅ មុនីវណ្ណ៖ ខ្ញុំ ម៉ៅ មុនីវណ្ណ បានចុះទៅដល់ច្រកដាក់ដាំ ខេត្តមណ្ឌលគីរី។ ចំណុចនេះគឺជាចំណុចមួយដែលសម្តេចនាយករដ្ឋមន្ត្រីលោកបានធ្វើសន្និសីទកាសែត កាលពីលោកវិលមកពីទីក្រុងហាណូយវិញ កាលនោះចុះសន្ធិសញ្ញាបន្ថែមរវាងកម្ពុជា និងវៀតណាមហ្នឹង គាត់បានធ្វើសន្និសីទកាសែតគាត់បញ្ជាក់ច្បាស់ណាស់ថា ចំណុចទី៧នៅច្រកដាក់ដាំនេះ រវាងភាគីវៀតណាម និងកម្ពុជាមិនទាន់ឯកភាពគ្នាទេ។ ភាគីវៀតណាមប្រកាន់យកចំណុចស្ទឹងដាក់ដាំជាខ្សែបន្ទាត់ព្រំដែន ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន គាត់ថា គាត់ប្រកាន់យកខ្សែបន្ទាត់ជំនាន់អគ្គទេសាភិបាលបារាំងកំណត់។ ដូច្នេះតំបន់នោះជាតំបន់ប្រទាញប្រទង់។ ប៉ុន្តែជាក់ស្តែងពេលខ្ញុំទៅដល់ចំណុចហ្នឹង ភាគីវៀតណាមបានធ្វើផ្លូវជាតិ ចាក់កៅស៊ូមកដល់ជិតស្ពានហ្នឹងហើយ នៅសល់តែប្រហែល៣០ម៉ែត្រទៀត។ ហើយខាងខ្មែរយើងក៏ធ្វើផ្លូវជាតិមកដល់ចំណុចស្ទឹងហ្នឹងដែរ។ បានន័យថាអ្វីដែលរដ្ឋាភិបាលវៀតណាមប្រកាន់យកគឺយកចំណុចហ្នឹងតែម្តង។
ប្រភពពី vodhotnews.com
