ច្រាំងទន្លេ នៅស្រុកក្រូច ឆ្មារបន្តបាក់ ផ្ទះចំនួន១០២ខ្នងរងនូវការ ក្នុងនោះ ផ្ទះចំនួន៥ខ្នង បានបាក់ចូលទន្លេ ខូចខាតទាំងស្រុង

10/27/2014 0 Comments A+ a-

river lose
ត្បូងឃ្មុំ ៖ គិតមកត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ មានផ្ទះប្រជាពលរដ្ឋ ចំនួន ១០២ខ្នង បានរង នូវផលប៉ះពាល់ នៃការបាក់ច្រាំងទន្លេ នៅក្នុងប៉ិសនឹងភូមិអំពិល ឃុំប៉ិស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ជាមួយនិងគ្រោះធម្មជាតិនេះ ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង បានបាក់ចូល ក្នុងទន្លេខូចខាត ទាំងស្រុងតែម្តងប៉ុន្តែ  យ៉ាងណា គ្មានមនុស្សរងគ្រោះ ដោយសារតែបាក់ ផ្ទះចូលទន្លេនោះទេ ។
លោកអនុសេនីយ៍ឯក អ៊ុក ពៅ អធិការរង ទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នឹងកំពុងបន្តបាក់បន្ថែមទៀត រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ ។
លោក អធិការរង បានឲ្យដឹងទៀតថា គ្រោះធម្មជាតិនោះ បានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១០២ខ្នង ក្នុងភូមិចំនួនពីរ គឺនៅភូមិប៉ិស នឹងភូមិអំពិល ស្ថិតក្នុង ឃុំប៉ិស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ហើយ ក្នុង ចំនួនផ្ទះ១០២ខ្នង រងការប៉ះពាល់នោះ មានផ្ទះចំនួន៥ខ្នង បានបាក់ចូលទន្លេទាំងស្រុងតែម្តង។
លោក អធិការរង បានឲ្យដឹងទៀតថា គ្រោះធម្មជាតិខាងលើ មានកម្លាំងនគរបាលស្រុក ខេត្ត .កម្លាំង អាវុធហត្ថ ស្រុក ខេត្ត  និងអាជ្ញាធរស្រុក ជាច្រើននាក់ បានជួយរុះរើផ្ទះបាន១៥ខ្នង និងផ្ទះកំពុងរុះ រើចំនួន១៤ខ្នង រុញចេញរួច២ខ្នង និងកំពុងរុញចេញចំនួន៥ខ្នង ដោយឡែក នៅសល់ផ្ទះ ចំនួន៦១ខ្នងទៀត ត្រៀមរុះរើបន្ត។
លោក អធិការរង បានរំលឹកឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤មានប្រេះច្រាំងទន្លេប្រវែង ១០៥៨ម៉ែត្រ ដែលមានផ្ទះចំនួន៦៧ខ្នង សង់លើទំហ៊ំប្រវែងដីនោះ។ លុះដល់ម៉ោង៨យប់ថ្ងៃដដែលនោះ មានផ្ទះចំនួន៥ខ្នង បានបាក់ចូលក្នុងទន្លេខូចខាតទ្រព្យសម្បត្តិទាំងស្រុង ដោយឡែក ផ្ទះចំនួន៣ខ្នង បានរុះរើទាន់ពេលវេលា ។ប៉ុន្តែគ្រោះធម្មជាតិមួយនោះ បានបន្ត ធ្វើឲ្យមានផ្ទះប្រជាពលរដ្ឋ រហូតដល់ទៅចំនួន១០២ខ្នង ដែលប្រឈម នឹងការបាក់ស្រុត ហេតុដូច្នេះ ជាដំណោះស្រាយ មានតែ ធ្វើការរុះរើផ្ទះចេញពីតំបន់គ្រោះថ្នាក់នោះតែប៉ុណ្ណោះ៕





_________________
ផ្តល់សិទ្ទិដោយ៖dap-news