មូលនិធិរបស់អ្នកស្រី ម៉ម សុម៉ាលី ប្រកាសបិទជាផ្លូវការ
មូលនិធិរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលគាំទ្រយុទ្ធនាការប្រឆាំងនឹងការជួញដូរមនុស្សប្រកាសបិទទ្វារជាផ្លូវការហើយចាប់ពីថ្ងៃសៅរ៍នេះ បន្ទាប់ពីសារព័ត៌មានរកឃើញថាអ្នកស្រី ម៉ម សុម៉ាលី ដែលជាបុគ្គលល្បីខាងប្រឆាំងនឹងការជួញដូរមនុស្ស បានលាក់បាំងពីប្រវត្តិរបស់ខ្លួន និងបំភ្លៃព័ត៌មានមួយចំនួន។
សេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃសៅរ៍នេះបង្ហាញថាមូលនិធិបានបិទទាំងស្រុងនូវដំណើរការក្នុងខែកញ្ញា និងជំរុញឲ្យអ្នកគាំទ្រជួយទំនុកបម្រុងទៅអង្គការផ្សេងៗទៀតដែលធ្វើការប្រឆាំងនឹងការជួញដូរមនុស្ស។សេចក្តីថ្លែងការណ៍ឲ្យដឹងថាមានអង្គការលេចធ្លោរជាច្រើនដែលផ្តល់តម្លៃប្រឆាំងនឹងការជួយដូរមនុស្ស ការលុបបំបាត់ការជួញដូរមនុស្ស និងទាសករផ្លូវភេទ។
សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអតីតគណៈកម្មាភិបាលមូលនិធិបញ្ជាក់ថា«យើងសម្រេចថាដើម្បីដំណើរការទៅមុខបាន ឱកាសសម្រាប់បុគ្គលិករបស់យើង និងអ្នកគាំទ្រ គឺគំាទ្រអង្គការល្អៗជាច្រើនផ្សេងទៀត។រហូតមកដល់ថ្ងៃទី៣០ខែកញ្ញា យើងបានបញ្ចប់រាល់ដំណើរការទាំងអស់ជាផ្លូវការ និងបញ្ឈប់ការទទួលជំនួយ និងបិទទ្វាររបស់យើងជាអចិន្រ្តៃយ៍»។
មូលនិធិរបស់អ្នកស្រីម៉ម សុម៉ាលី ត្រូវបានបើកដំបូងនៅក្នុងឆ្នាំ២០០៧ ដែលជាអ្នករកមូលនិធិសម្រាប់គាំទ្រអង្គការ(AFESIP)។
អ្នកស្រី ម៉ម សុម៉ាលី បានលាលែងតំណែងពីមូលនិធិ ម៉ម សុម៉ាលី កាលពីខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីអត្ថបទចុះផ្សាយរបស់កាសែតNewsweek បានលាតត្រដាងថាលោកស្រីបានប្រឌិតប្រវត្តិជាទាសករផ្លូវភេទ។កាសែតNewsweek ក៏បានរាយការណ៍ផងដែរថា លោកស្រី ម៉ម សុម៉ាលី បានបង្រៀនក្មេងស្រីៗនៅក្នុងអង្គការរបស់អ្នកស្រីឲ្យភូតកុហកអំពីជីវិតរបស់ខ្លួន ដើម្បីទាក់ទាញជំនួយមកអង្គការប្រឆាំងការជួញដូរផ្លូវភេទរបស់អ្នកស្រី(AFESIP)។
ទោះជាយ៉ាងណា ទស្សនាវដ្តីMarie Claireបានចុះផ្សាយដោយលើកឡើងពីការរាយការណ៍មិនត្រឹមត្រូវមួយចំនួនរបស់Newsweek ដូចជាការរាយការណ៍ខុសលើកម្រិតអប់រំរបស់លោកស្រី ម៉ម សុម៉ាលី និងប្រភពជាមនុស្សប្រុស រាយការណ៍ថាជាមនុស្សស្រី៕ ប្រភព ៖ VOD