ក្រុមសន្តិសុខ យាមជញ្ជីងថ្លឹងរថយន្ត ផ្លូវ២០០៤ ព្រួតគ្នាវាយបុរសម្នាក់ បែក មុខបែកមាត់ ព្រោះរឿង បើករ៉ឺម៉កម៉ូតូ ប៉ះប៉ារ៉ាសរាំងផ្លូវ
រាជធានីភ្នំពេញ ៖ បុរសរត់រ៉ឺម៉កម៉ូតូម្នាក់ ត្រូវក្រុមសន្តិសុខ យាមកន្លែងជញ្ជីង ថ្លឹងរថយន្តនៅ ផ្លូវ២០០៤ ព្រួតគ្នាវាយ បែកមុខបែកមាត់ ខណៈបុរសរូបនេះ បើករ៉ឺម៉កម៉ូតូបញ្រ្ចាសផ្លូវ ទៅបុកប៉ារ៉ាសដាក់បាំង នៅកន្លែងជញ្ជីង ថ្លឹងរថយន្តនោះ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១១ តុលា ២០១៤ នៅចំណុចជញ្ជីង ថ្លឹងរថយន្ត ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែបសុខ ។
បុរសរងគ្រោះមានឈ្មោះ អ៊ុន សុធា អាយុ៣៥ឆ្នាំ មុខរបររត់រឺុម៉កម៉ូតូ ស្នាក់នៅក្នុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាន ពីបុរសរងគ្រោះ បានឱ្យដឹងថានៅ មុនពេលកើតហេតុ បុរសរងគ្រោះ បានបើករឺុម៉ក តាមផ្លូវ២០០៤ ខណៈមកដល់ ចំណុច កើតហេតុ ក៏បានបត់ម៉ូតូ ទៅទិញបង្អែម ផ្ញើរប្រពន្ធកូន ហើយពេល ដែលបត់នោះ រ៉ឺម៉កម៉ូតូរបស់គាត់ បានបើកទៅប៉ះ នឹងប៉ារាស់ ដាក់បាំង នៅកន្លែង ថ្លឹងរថយន្តនោះ បន្តិចបន្តួច ក៏ស្រាប់តែត្រូវ សន្តិសុខយាមនៅទីនោះ ចេញមកក្នុងឬកពា ក្រអឺតក្រទម បានមកនិយាយថា ឱ្យបុរស រងគ្រោះ ហើយបុរសរងគ្រោះ បានដឹងអំពីកំហុស ថាខ្លួនឯង បានបើកបរខុសផ្លូវ ក៏ធ្វើការសុំទោស ក្រុមសន្តិសុខនោះ តែក្រុមសន្តិសុខ ទាំងនោះ មិនបាន យោគយល់នោះទេ ដោយនាំគ្នាយក រ៉ឺម៉កម៉ូតូបុរសរងគ្រោះ ទៅចាក់សោទុក ក្បែរកន្លែង កើតហេតុនោះ ។ បន្ទាប់មកក៏មាន ការ ប្រកែកគ្នា កាន់តែខ្លាំងឡើង រហូតឈានដល់ ក្រុមសន្តិសុខទាំងនោះ ព្រួតគ្នាមកវាយ ជនរងគ្រោះ ពេលនោះជនរងគ្រោះ បានធ្វើការតបត ការពារខ្លួនដែរ តែមិនអាច ទប់ទល់ជាប់ ក៏បានរងរបួស បែកមុខបែកមាត់ ដោយសារតែ ក្រុមសន្តិសុខ មានគ្នាពីរនាក់ ហើយក្នុងនោះ មានម្នាក់ ជាកម្លាំង កងរាជអាវុធហត្ថ ដែលយាមប្រចាំការ នៅទីនោះផងដែរ។ ក្រោយពេលកើតហេតុ ក្រុមសន្តិសុខទាំងនោះ បានរត់គេចខ្លួន បាត់ស្រមោល ។
អ្នកយកព័ត៌មាន បានព្យាយាមសាកសួរ បុគ្គលិកប្រចាំការ នៅកន្លែងជញ្ជីង ថ្លឹងរថយន្តនោះ តែត្រូវបាន បុគ្គលិកនៅទីនោះ ឆ្លើយថាមិនបាន ដឹងរឿងអ្វីទាំងអស់ សូម្បីតែសន្តិសុខ ដែលយាមនៅទីនោះ ក៏មិនដឹងមានទីលំនៅ នៅទីណានោះទេ ។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ មតិប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ ខាងលើបាននិយាយ រិះគន់ទៅលើ ក្រុមសន្តិសុខ ដែលយាមនៅកន្លែង ជញ្ជីងថ្លឹងរថយន្ត នៅផ្លូវ ២០០៤ថា មានឬកពា ក្រអឺតក្រទមណាស់ ហើយពួកគាត់ ក៏បានលើកឡើង ផងដែរថា គ្រាន់តែបើកបញ្រ្ចាសផ្លូវ ទៅប៉ះប៉ារ៉ាស បន្តិចបន្តួច ណាមួយអ្នកបើកបរ បានធ្វើការសុំទោស ប៉ុណ្ណឹងហើយ នៅតែព្រួតគ្នាវាយ បុរសរងគ្រោះទៀត ពិតជាមិនមាន ការយោគយល់មែន ។
ចុងបញ្ចប់បុរសរងគ្រោះ កើតទុក្ខមិនសុខចិត្តនោះទេ ដោយបានសុំឱ្យ អាជ្ញាធរមូលដ្ឋាន ជួយរកយុត្តធម៌ ដល់រូបគាត់ផង ហើយក្នុងនោះ ជនរងគ្រោះថា នឹងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព