នាយករដ្ឋមន្ត្រីបន្ទោសស្ថាប័នរដ្ឋ៧ ដែលមិនបានបើកប្រាក់ខែជូនបុគ្គលិកមុនភ្ជុំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោសស្ថាប័នរដ្ឋចំនួន៧ ដែលខកខានមិនបានបើកប្រាក់ខែឲ្យបុគ្គលិកខ្លួនមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាហេតុមិនបានសម្រួលដល់ការចាយវាយរបស់មន្ត្រីរាជការ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការខកខានមិនបានបើកប្រាក់បៀវត្សបែបនេះ ធ្វើឲ្យបុគ្គលិកថ្នាក់ក្រោមដែលមិនអាចរកចំណូលបានខ្ពស់មានការពិបាកក្នុងការចំណាយអំឡុងបុណ្យភ្ជុំបិណ្ឌ។ ។ លោកថាស្ថាប័នដែលមិនបានបើកប្រាក់ខែមុនពេលភ្ជុំ មានដូចជា ក្រសួងផែនការ ក្រសួងអភិវឌ្ឍជនបទ ក្រសួងកិច្ចការនារី ក្រសួងសាធារណការ និងដឹកជញ្ជូន សាលាឧទ្ធរណ៍ អគ្គសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅកោះពេជ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
លោកនាយករដ្ឋមន្ត្រីបន្ថែមដោយបញ្ជាឲ្យបណ្តាក្រសួង និងស្ថាប័នរដ្ឋទាំងអស់ត្រូវបើកប្រាក់បៀវត្សជូនបុគ្គលិកមន្ត្រីរាជការឲ្យបានមុនភ្ជុំរៀងរាល់ឆ្នាំ ដោយកុំអាងថាមន្ត្រីធំៗមានប្រាក់ចាយគ្រប់គ្រាន់មិនគិតពីថ្នាក់ក្រោម។ លោកមានប្រសាសន៍ថា «ឥចឹងទៅវិញជំរុញរដ្ឋមន្ត្រីឲ្យមែនទែន ហើយឆ្នាំក្រោយខិតខំបើកឲ្យបានមុនភ្ជុំទៀត ហើយរដ្ឋមន្ត្រីនានាត្រៀម ខ្ញុំនឹងប្រកាសជូនអត់ប្រាប់មុនទេ ព្រោះវាជាការធ្វើការលើស្មារតីភ្ញាក់រឮក។ ដោយមូលហេតុអីបានជាមិនបាន ថាមកពីខ្វះឯកសារ ខ្វះឯកសារ ខ្វះនៅទីណា ខ្វះពីក្រសួងមក។ ឥចឹងទេក្រសួងនានារួចខ្លួន នៅសល់តែក្រសួងមួយចំនួនទៀត ខ្ញុំប្រកាសយកតែម្តងដើម្បីឲ្យឃើញពីការទទួលខុសត្រូវ»។
VOD មិនទាន់អាចទាក់ទងសុំការអធិប្បាយពីបណ្តាថ្នាក់ដឹកនាំស្ថាប័នដែលបានរៀបរាប់ខាងលើបាននៅឡើយទេ។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរតំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការយឺតយ៉ាវមិនបានបើកប្រាក់បៀវត្សជូនបុគ្គលិកមន្ត្រីរាជការមុនពិធីបុណ្យទានផ្សេងៗ បានធ្វើឲ្យការចូលរួមប្រារព្ធពិធីមិនមានដំណើរការល្អ។ លោកថា មន្ត្រីរាជការមានប្រាក់ខែតិច ដូច្នេះរាល់ការចំណាយផ្សេងៗត្រូវជួបការខ្វះខាត ជាហេតុធ្វើឲ្យការអនុវត្តការងាររបស់ពួកគាត់មិនបានល្អ។ លោកបញ្ជាក់ថា «មន្រ្តីរាជការកម្ពុជាប្រាក់ខែតិច ហើយគាត់អត់បានបើកទៀត ខ្ញុំថា តើអារម្មណ៍ ឬស្ថានភាពរបស់ពួកគាត់នៅក្នុងការចូលរួមក្នុងពិធីបុណ្យជាតិ ជាពិសេសបុណ្យសំខាន់ៗដូចជាបុណ្យភ្ជុំបិណ្ឌរាល់ឆ្នាំហ្នឹង ធ្វើឲ្យពួកគេបាក់ទឹកចិត្ត និងជួបការខ្វះខាតធ្វើឲ្យអារម្មណ៍ការងារក៏មានបញ្ហាដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រាប់ឲ្យបណ្តារដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័នរដ្ឋ ឲ្យបើកប្រាក់ខែជូនបុគ្គលិក មន្ត្រីរាជការមុនឱកាសបុណ្យជាតិធំៗមួយចំនួន និងកុំឲ្យយឺតយ៉ាវឆ្លងដល់ខែមួយទៀត ដើម្បីសម្រួលដល់ការចំណាយ និងការប្រារព្ធពិធីទាំងនោះ៕ ប្រភព ៖ VOD
