កម្មករ​រោងចក្រ​នៅ​វិហារសួគ៌​តវ៉ា​ទាមទារ​ប្រាក់​ថ្លៃ​បាយ​ថែម​ម៉ោង​និង​ប្រាក់​ធ្វើ​ដំណើរ

10/23/2014 0 Comments A+ a-

image (12)កម្មករ​រោងចក្រ​ខេមបូ​ យូនីស៊ូល (Cambo Unisoll) ប្រមាណ​ ១.៦០០​នាក់ ស្ថិត​នៅ​ភូមិ​សេដា ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ធ្វើ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ ៣​ចំណុច​ពី​ថៅកែ​រោងចក្រ គឺ​ទាមទារ​ប្រាក់​បាយ​ថែម​ម៉ោង​ចំនួន ៣.២០០​រៀល ប្រាក់​ថ្លៃ​ឡាន​ធ្វើ​ដំណើរ ១៥​ដុល្លារ និង​សុំ​ដក​ប្រធាន​ក្រុម​ផ្នែក​ដេរ​ម្នាក់​ចេញ។
ប្រធាន​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​ការងារ (CLSUF) លោក សៀង រិទ្ធី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​កម្មករ​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​តាំង​ពី​រសៀល​ថ្ងៃ​ទី​២១ តុលា ហើយ​រហូត​ដល់​ថ្ងៃ​ទី ​២២ ខាង​ថៅកែ​រោងចក្រ​មិន​បាន​ឆ្លើយ​តប​ដើម្បី​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ទោះ​បី​ជា​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​បាន​ចុះ​ទៅ​សម្រុះសម្រួល​ដើម្បី​ដោះស្រាយ ក៏​ភាគី​រោងចក្រ​មិន​ព្រម​សហការ ដោយ​ឆ្លើយ​តប​ថា​ នឹង​ដោះស្រាយ​ផ្ទៃ​ក្នុង​កម្មករ​ដោយ​ខ្លួន​ឯង៖ «ខ្ញុំ​គិត​ថា ​រោងចក្រ​ផ្ដល់​អត្ថប្រយោជន៍​កម្មករ​វា​អត់​សមស្រប​ដែល​អាច​កម្មករ​ទទួល​យក​បាន អ៊ីចឹង​ហើយ​យើង​ស្នើ​សុំ​ឲ្យ​គាត់​ពិចារណា ផ្ដល់​ជូន​នូវ​អ្វី​ដែល​កម្មករ​គួរ​តែ​បាន​ហ្នឹង ដោយ​សារ​សាខា ​(រោងចក្រ)ផ្សេង​ទៀត​គឺ​គេ​បាន​ទាំង​អស់ ដោយ​ឡែក​សាខា (រោងចក្រមួយ​ហ្នឹង​គាត់​អត់​ដំឡើង​ឲ្យ»។
វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ទីប្រឹក្សា​ច្បាប់​របស់​រោងចក្រ​ជា​ជន​ជាតិ​កូរ៉េម្នាក់​ដែល​មិន​បាន​ប្រាប់​ឈ្មោះ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​​ការ​តវ៉ា​របស់​កម្មករ​ទេ ពីព្រោះ​​គ្មាន​ការ​អនុញ្ញាត​ពី​ថៅកែ​រោងចក្រ។
លោក សៀង រិទ្ធី ​បញ្ជាក់​ថា បើ​ថៅកែ​មិន​ដោះស្រាយ ហើយ​នៅ​តែ​មិន​អើពើ​ចេញ​មក​ទេ លោក​នឹង​នាំ​កម្មករ​​​បិទ​ផ្លូវ​ដើម្បី​ឲ្យ​អាជ្ញាធរ​ចូលរួម​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ៕
ប្រភពពី វិទ្យុអាស៊ីសេរី