មន្ត្រី​គ្រប់លំដាប់​ថ្នាក់ មិន​ទទួលស្គាល់ ពេជ្រ ដា​វីត ជាស​ង្ឃ ព្រោះ​កំពុង​ជាប់ចោទ​នៅ​តុលាការ​

10/11/2014 0 Comments A+ a-

សៀមរាប: បន្ទាប់ពី​តុលាការ​ខេត្តសៀមរាប បានសំរេច​ដោះលែង​ពី​ព​ន្ធា​គារ​បណ្តោះអាសន្ន ប៉ុន្តែ​ដាក់​នៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ឈ្មោះ ពេជ្រ ដេវីត បានចេញ​ពី​ព​ន្ធា​គារ ក៏បាន​បួស​ដោយ​ខ្លួនឯង នៅមុខ​ពន្ធនាគារ​។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ បានប្រកាសថា មិន​ទទួល​ស្គាល់ឈ្មោះ​នេះ ជា​សង្ឃ​ទេ​។ ចំណែកឯ​ផ្លូវច្បាប់​វិញ ក្រុមមន្ត្រី​បាន​ព្រមាន​ថា នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ប្រសិនជា​ឈ្មោះ ដា​វីត រូបនោះ មិន​គោរព​ទៅតាម​ច្បាប់​ជា​ធរមាន​។​
​ ​
​សូមបញ្ជាក់ថា ឈ្មោះ ពេជ្រ ដា​វីត ជា​អតីត​សង្ឃ​វត្ត​ពោធិ៍​លង្កា ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ចៅក្រម ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៨ ខែតុលា កន្លងទៅ ជាមួយនឹង​សិស្ស​លោក​ម្នាក់​ផ្សេងទៀត ដែល​ពាក់​ព​ន្ធ័​នឹង​ការប្រើប្រាស់​អំពើហិង្សា​លើ​មន្ត្រី​មុខងារសាធារណៈ ដែល​មន្ត្រី​ទាំងនោះ ឆ្មក់​ចូលទៅ​បង្ក្រាប ក្នុង​កុដិ​មួយកន្លែង ស្ថិតនៅក្នុង​វត្ត​ពោធិ៍​លង្កា ក្នុង​ក្រុង​សៀមរាប​។ ក្នុង​កុដិ៍​នោះ ប៉ូលិស​បាន​អះអាងថា អតីត​សង្ឃ ពេជ្រ ដា​វីត និង​សង្ឃ ម្នាក់​ផ្សេងទៀត ព្រមទាំង​មាន​កូនសិស្សលោក និង​ស្រី​ស្នេហ៍ ២ នាក់ កំពុង​ជុំគ្នា​ផឹក ABC និង​ជក់​គ្រឿងញៀន​។ ក៏ប៉ុន្តែ​ព្រះសង្ឃ ពេជ្រ ដេវីត រួមទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មួយចំនួនទៀត បាន​បដិសេធ​ការចោទប្រកាន់​នោះ​។​
​ ​
​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​អតីត​សង្ឃ និង​កូនសិស្សលោក ទៅ​តុលាការ ដោយ​ញែក​ចេញ​ជា ២ រឿង គឺ ១ រឿង​ប្រើ​អំពើហិង្សា​លើ​មន្ត្រី​សាធារណៈ និង​មួយ​រឿង​ទៀត ករណី​ប្រើប្រាស់​គ្រឿងញៀន​។​
​ ​
​ក្នុងករណី​បង្ក្រាប​របស់​សមត្ថកិច្ច គឺ​សង្ឃ ដា​វីត និង​សិស្ស​លោក​ម្នាក់ទៀត ឈ្មោះ ហួត ចាន់​ត្រា ជាប់ចោទ​ពីបទ​ប្រើ​អំពើហិង្សា​លើ​មន្ត្រី​សាធារណៈ និង​អតីត​សង្ឃ​មួយអង្គ​ទៀត ឈ្មោះ ចាន់ ប៉ុណ្ណា ហៅ ចាន់ សំបូរ អាយុ ១៩ ឆ្នាំ និង​កូនសិស្ស​ឈ្មោះ អិន ប្រុស ហៅ ខ្លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​។
​ប៉ុន្តែ​ករណី​គ្រឿងញៀន តុលាការ​មិនបាន​ដោះលែង​ទេ គឺ​ដោះលែង​តែ​អ្នកជាប់ចោទ ដែល​ប្រើ​ហិង្សា​មកលើ​សម ត្ថ​កិច្ច​។ មានន័យថា អតីត​សង្ឃ ពេជ្រ ដា​វីត និង​ឈ្មោះ ហួត ចាន់​ត្រា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​ដាក់​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។​
​ ​
​បន្ទាប់ពី​ចេញពី​ព​ន្ធា​គារ អតីត​សង្ឃ​ឈ្មោះ ពេជ្រ ដា​វីត បាន​ត្រូវ​អ្នកគាំទ្រ​មួយចំនួន យក​ស្បង់​ជីពរ ទៅ​បំបួស ពេជ្រ ដា​វីត មុខ​ព​ន្ធា​គារ​ខេត្តសៀមរាប ហើយ​ហែហម​តាម​រ៉ឺម៉ក ចូលមក​នៅក្នុង​វត្ត​ពោធិ៍​លង្កា ដែលជា​វត្ត​របស់​អតីត​សង្ឃ​អង្គ​នោះ បាន​គង់នៅ និង​ជាវ​ត្ត​កើតហេតុ​។​
​ ​
​ករណី​ដែល​អតីត​សង្ឃ​នោះ បួស​នៅតាម​ទីសាធារណៈ ត្រូវបាន​ព្រះគ្រូ​ប្រាសាទ​រង្សី ឡា​ច លាង អនុគុណ ក្រុង​សៀមរាប មាន​សង្ឃដីកា​ថា ឈ្មោះ ពេជ្រ ដា​វីត បួស​នេះ គឺជា​ការខុស​ទៅនឹង​ច្បាប់​សង្ឃ​ហើយ ព្រោះថា រូបគាត់​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ផ្លូវ​តុលាការ ហើយ​បួស​នោះ​ទៀតសោត គឺ​បួស​តាមផ្លូវ​សាធារណៈ​។​
​ ​
​ព្រះគ្រូ​ប្រាសាទ​រង្សី​ឡា​ច លាង បាន​សង្ឃដីកា​ទៀតថា ការ​បួស​ជាស​ង្ឃ ត្រូវ​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ គឺ​ត្រូវ​សុំច្បាប់​សាជាថ្មី និង​បួស​នោះ មាន​ឧ​ប​ធ្យា គ្រូសូត្រឆ្វេង​ស្តាំ អ្នក​គង់​ហត្ថបាស​ត្រឹមត្រូវ ទើប​អាច​បួស​ជាស​ង្ឃ​ទៅបាន​។​
​ ​
​ព្រះសង្ឃ​ឡា​ច លាង បាន​មាន​សង្ឃដីកា​ទៀតថា ឈ្មោះ ពេជ្រ ដា​វីត កាន់តែ​មិនអាច​ធ្វើទៅបាន​ទៀត ព្រោះ​គាត់​កំពុង​ជាប់​ពាក់​ព​ន្ធ័​តាមផ្លូវ​តុលាការ​។ ក្នុងករណី​នេះដែរ ព្រះអង្គ​ក៏បាន​ទាក់ទង​ទៅ​ព្រះ​បាឡាត់​គុណ​ខេត្ត ព្រះ​សា​មុ​គុណ​ខេត្ត និង​ព្រះ​មេគុណ​ខេត្ត​រួចរាល់​អស់ហើយ ពី​រឿង​ឈ្មោះ​ដាវី​ត​នេះ បួស​ដោយ​មិនមាន​ច្បាប់ទម្លាប់​។​
​ ​
​ដោយឡែក​ព្រះ​បាឡាត់​គុណ​ខេត្ត​ព្រះនាម ជុំ គឹម​ឡេង បាន​មាន​សង្ឃដីកា​ដែរ​ថា បើតាម​ព្រះអង្គ​ដឹង គឺ​ពេជ្រ ដេវីត ពេល​សមត្ថកិច្ច​ផ្សឹក​ដំបូង គឺ​គាត់​បាន​ផ្តិតមេដៃ​ត្រឹមត្រូវ ដើម្បី​លាចាក​សិក្ខាបទ ប៉ុន្តែ​ក្នុងករណី​គាត់​មក​បួស​វិញ មិនមាន​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ និង​មិនមាន​ឧ​ប​ធ្យា គ្រូសូត្រឆ្វេង​ស្តាំ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​ក្នុងនាម​ព្រះសង្ឃ​ជា​បាឡាត់​គុណ​ខេត្ត មិនអាច​ទទួលស្គាល់​បានទេ​។​
​ ​
​ព្រះសង្ឃ​បាន​បន្តថា លោក​បានទទួល​ព័ត៌មាន​ពី​ព្រះសង្ឃ ឡា​ច លាង រួច​ហើយពី​ករណីនេះ ហើយ​តាមច្បាប់ គឺ​អនុគុណ​ក្រុង​សៀមរាប ត្រូវធ្វើ​ការដោះស្រាយ​រឿងនេះ ឲ្យ​អស់​លទ្ធភាព​សិន ប្រសិនជា​ដោះចេញ គឺ​សំរេច​ត្រឹម​អនុគុណ​ក្រុង ប៉ុន្តែ​បើ​ក្រុង​ដោះ​មិន​ចេញ ត្រូវ​បញ្ជូនមក​គណៈ​គណ​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត​។​
​ ​
​ចំណែក​លោក វណ្ណ ប៉ុណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​រឿងនេះ មិន​ទាក់ទង​នឹង​មន្ទីរ​ធម្មការ​ទេ គឺ​អនុគុណ​ក្រុង​ជា​អ្នកដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​។ ប៉ុន្តែ​លោក​បាន​និយាយថា ការ​បួស​របស់លោក ពេជ្រ ដា​វីត គឺ​មិន​ត្រឹម​ត្រូវបាន​ច្បាប់​ទេ ព្រោះថា បួស​ជាស​ង្ឃ​ត្រូវបាន​ច្បាប់ទម្លាប់ ហើយ​មាន​គ្រូសូត្រឆ្វេង​ស្តាំ ឧ​ប​ធ្យា​ត្រឹមត្រូវ ទើប​អាច​ហៅថា​ជាស​ង្ឃ​បាន​។​
​ ​
​ក្នុងករណី​ការប្រព្រឹត្ត​ផ្ទុយទៅនឹង​ច្បាប់​នេះដែរ ខាង​សមត្ថកិច្ច​ជំនាញ កំពុង​រក​វិធី​ដើម្បី​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​ណាមួយ​ជាថ្មី​លើ​អតីត​សង្ឃ​ពេជ្រ ដា​វីត​នេះ ព្រោះថា​ពេល​គាត់​ចេញពី​ព​ន្ធា​គារ បានធ្វើ​សកម្មភាព​ជាច្រើន​មកលើ​សមត្ថកិច្ច ដូចជា​ការវាយប្រហារ និង​ចោទប្រកាន់​គ្មាន​ភស្តុតាង ព្រោះថា រូបគាត់​កំពុង​ស្ថិតក្រោម​ច្បាប់​តុលាការ​នៅឡើយ ពិតមែនតែ​គាត់​ចេញពី​ពន្ធ​គារ​បណ្តោះអាសន្ន​។​
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ ពេជ្រ ដេវីត រួមទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែល​បានធ្វើ​បាតុក​តវ៉ា​ក្នុង​រឿងនេះ បាន​បញ្ជាក់ថា កាលពីពេល​សមត្ថកិច្ច​ចាប់បង្ខំ​ផ្សឹក​ព្រះ​តេជគុណ ពេជ្រ ដេវីត ក៏​មិន​មានការ​ផ្សឹក​តាមច្បាប់​ទម្លាប់​នោះទេ​។ នៅក្នុង​ពន្ធនាគារ ព្រះ​តេជគុណ ពេជ្រ ដេវីត បាន​ប្រកាន់ខ្លួន ជា​អ្នកបួស ហើយ​មិន​ទទួលទាន​បាយល្ងាច​នោះទេ​។​
​រាល់​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​សមត្ថកិច្ច និង​មន្ត្រី​សង្ឃ ត្រូវបាន​ព្រះ​តេជគុណ ពេជ្រ ដេវីត បដិសេធ ហើយ​ថា នឹង​ប្តឹង​លើ​ប៉ូលិស ដែល​វាយ​ព្រះអង្គ ក្នុងពេល​ចាប់ខ្លួន ដោយមាន​ទាំង​ឆក់​ខ្សែភ្លើង​លើ​ព្រះ​តេជគុណ​ថែមទៀត​៕ ប្រភព ៖ CEN
1-monk-pech-devid-cen 2-monk-pech-devid-cen 3-monk-pech-devid-cen