ល្បី ប៊ីរីយ៉ា និងអតីតសង្សារកំពុងប្រជែងគ្នាចូលរោងការ
ភ្នំពេញ: ខណៈមានដំណឹងថា តារាសម្តែង និងម៉ូដែលកូនកាត់បីសាសន៍ កញ្ញា ប៊ីរីយ៉ា កំពុងសម្ងំបន្ទុំសាច់រើសរ៉ូបអាពាហ៍ពិពាហ៍ត្រៀមដឹកដៃគូស្នេហ៍ថ្មីចូលរោងការនៅថ្ងៃ ទី១០ ខែធ្នូ ចុងឆ្នាំនេះ ក៏ល្បីថា អតីតគូស្នេហ៍ ប៊ីរីយ៉ា លោក ឈុន ហាំងជ័រ នឹងចូលរោងការជាមួយគូស្នេហ៍ថ្មីដែរ។ ប៉ុន្តែ ជុំវិញដំណឹងខាងលើនេះត្រូវបានភាគីទាំងពីរបដិសេធ។
ការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថ្មីៗ ដោយបានស្រង់សម្ដីប្រភពជិតដិតនឹងកញ្ញា ប៊ីរីយ៉ា បានបញ្ជាក់ថា បើសិនជាគ្មានការប្រែប្រួលទេនោះ ពិធីរៀបមង្គលការរបស់កញ្ញា ប៊ីរីយ៉ា និងគូស្នេហ៍ថ្មីឈ្មោះ តាំង ហៃឡេង ហៅ Iron Fox មានវ័យជាង ៣០ឆ្នាំ នេះនឹងត្រូវធ្វើឡើងនៅថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ ជាមួយនឹងការប្រារព្ធពិធីទទួលភ្ញៀវ ៥០០ នាក់ពិសាភោជនាហារនៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែអ្វីដែលរឹតតែបង្កការភ្ញាក់ផ្អើល សូម្បីតែអ្នកសិល្បៈដូចគ្នាផងនោះគឺ សារព័ត៌មាននោះ បានរំលេចថា លោក ឈុន ហាំងជ័រ ដែលជាអតីតសង្សារចាស់របស់ ប៊ីរីយ៉ា ក៏មានដំណឹងលេចឮដែរថា លោកកំពុងត្រៀមខ្លួនចូលរោងការជាមួយនឹងនារីផ្សេងដែរដើម្បីស្អំរបួសបេះដូងចាស់កុំឲ្យឈឺផ្សា ខណៈអតីតសង្សារចាស់ត្រៀមខ្លួនក្រាបផ្ទឹមនឹងគូស្នេហ៍ថ្មីនៅពេលខាងមុខនេះ។
ទើបតែជាងកន្លះឆ្នាំប៉ុណ្ណោះដែលសម្ព័ន្ធស្នេហ៍ដ៏ផ្អែមល្ហែមរវាងតារាសម្តែង និងម៉ូដែលកូនកាត់បីសាសន៍កញ្ញា ប៊ីរីយ៉ា និងតារាសម្តែងប្រុសលេចធ្លោខាងសមត្ថភាពលេងហ្គេមលោក ឈុន ហាំងជ័រ បានដើរដល់ផ្លូវបំបែក បន្ទាប់ពីពួកគេបានសាងទំនាក់ទំនងមនោសញ្ចេតនាស្នេហាជាមួយគ្នាប្រមាណ ៥ ឆ្នាំ។ ប៉ុន្តែភាគីទាំងពីរមិនបានទម្លាយឲ្យដឹងពីមូលហេតុនាំឲ្យមានការបញ្ចប់សម្ព័ន្ធស្នេហ៍ទាំងញញឹមនោះទេ ក្រៅពីស្រីស្រស់ ប៊ីរីយ៉ា ទទួលស្គាល់ថា ខ្លួនមានស្នេហ៍ថ្មីនោះ។
ដូចគ្នានោះ ជុំវិញការចេញផ្សាយនូវដំណឹងពួកគេដឹងដៃគូស្នេហ៍ថ្មីរៀងៗខ្លួនចូលរោងការប្រជែងគ្នានៅចុងឆ្នាំនេះ ប៊ីរីយ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ទាំងអស់សំណើចថា៖ «រឿងគេចេញផ្សាយថា ខ្ញុំចូលរោងការនោះ ខ្ញុំមិនដឹងដែរ។ ខ្ញុំក៏ទើបតែបានដឹងពីការចេញផ្សាយមុននេះបន្តិច»។
ជាមួយនឹងការភ្ញាក់ផ្អើលខ្លួនឯងនេះ តារាសម្តែងដែលកំពុងមានទីផ្សារលើតំណែងតួឯកកុន ភាគ និងកំពុងសម្រុកថតភាពយន្តភាគឲ្យទូរទស្សន៍ស៊ីធីអិន រឿង «ស្នេហ៍លាក់ក្នុងបេះដូង» ជាតួឯកដដែល កញ្ញា ប៊ីរីយ៉ា បានលាន់មាត់ថា៖ «ដូចជាច្បាស់ដែរ ដែលចេញផ្សាយថា ខ្ញុំដឹកដៃសង្សារថ្មី លោក តាំង ហៃឡេង ហៅ Iron Fox ចូលរោងការនៅថ្ងៃ ទី១០ ខែធ្នូ ហើយទទួលភ្ញៀវនៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ អីណា ដែលខ្ញុំម្ចាស់ខ្លួនមិនដឹងអីសូម្បីបន្តិច»។
ទាក់ទិននឹងគម្រោងរៀបការតារាសម្ដែង និងម៉ូដែលរូបស្រស់ ប៊ីរីយ៉ា បានបញ្ជាក់ថា៖ «គម្រោងរៀបការមានមែន ប៉ុន្តែមិនទាន់បានកំណត់ថ្ងៃជាក់លាក់ដូចការចេញផ្សាយនោះទេ។ មិនមានមែន មិនដឹងថា ការចេញផ្សាយព័ត៌មាននោះគេបានមកពីណា អីក៏ច្បាស់ជាងខ្ញុំសាមីខ្លួន!»។
មិនត្រឹមតែដំណឹងជិតចូលរោងការទេដែលនាងបដិសេធ សូម្បីតែព័ត៌មានទាក់ទិននឹងអតីតសង្សារនោះក៏ត្រូវនាងច្រានចោលថា ជារឿងមិនពិតដូចការចុះផ្សាយដែរ។
បន្តទាំងសំណើចកក្អឹកនោះ ប៊ីរីយ៉ា បានលើកឡើងទៀតថា៖ «ខ្ញុំអស់សំណើចដែរ គេថា លោក ជ័រ ក៏ត្រៀមខ្លួនរៀបការស្រីថ្មី ប្រណាំងនឹងខ្ញុំដែរ ដើម្បីរកអ្នកស្អំបេះដូង»។
ជាមួយដំណឹងដែលថា អតីតសង្សារ ប៊ីរីយ៉ា លោក ឈុន ហាំងជ័រ ក៏ត្រៀមខ្លួនចូលរោងការជាមួយស្រីថ្មីមិនឲ្យចាញ់អតីតមិត្តស្រីនោះ ភ្នំពេញ ប៉ុស្ដិ៍ មិនអាចទាក់ទងទៅលោក ជ័រ បំភ្លឺពីរឿងនោះបានទេ ប៉ុន្តែ កញ្ញា ប៊ីរីយ៉ា បានប្រាប់ថា៖ «មុននេះ បង ជ័រ គាត់ក៏បានខលមកសួរខ្ញុំដែរពីរឿងគេចេញផ្សាយព័ត៌មាន»។
ប៊ីរីយ៉ា បានប្រាប់ថា៖ «បង ជ័រ គាត់ខលមកប្រាប់ថា គ្នាឆ្ងល់ដែលគេបានរឿងមកពីណា ថាគ្នានេះចូលរោងការប្រណាំងឯង ការពិតអាឯងនេះមិនទាំងដឹងអ្វីទាំងអស់»។
ក្រៅពីអះអាងថា ខ្លួន និងអតីតសង្សារនៅរក្សាទំនាក់ទំនងក្នុងឋានៈជាមិត្តភក្តិនោះ ប៊ីរីយ៉ា បានបញ្ជាក់ថា៖ «ខ្ញុំនឹងបង ជ័រ រាប់អានគ្នាធម្មតា សូម្បីតែមានគេចេញផ្សាយថា ខ្ញុំចូលរោងការថ្ងៃ ១០ ខែធ្នូ នេះ គាត់ក៏សួរខ្ញុំបញ្ជាក់ថា អើឯងចូលរោងការ ១០ ធ្នូ មែនអី»។
ការរក្សាមិត្តភាពជាមួយអតីតមិត្តប្រុសក្រោយស្នេហាបែកបាក់នេះ ក៏ត្រូវបានសង្សារនាបច្ចុប្បន្នកាលរបស់ ប៊ីរីយ៉ា ទទួលស្គាល់ផងដែរ។
តារាសម្ដែង និងម៉ូដែលនាង ប៊ីរីយ៉ា បន្ថែមថា៖ «ខ្ញុំនឹងបង ជ័រ មិនមានអ្វីថ្នាំងថ្នាក់នឹងគ្នាទេ នៅតែសួរនាំគ្នាទៅវិញទៅមក ហើយចំណែកសង្សារថ្មីខ្ញុំក៏គាត់ដឹងរឿងនេះដែរ ហើយគាត់ក៏មិនប្រកាន់ដែរ»៕ ប្រភព ៖ភ្នំពេញប៉ុស្តិ៍
