Apple បង្ហាញ iPads ថ្មី និង iMac តាមកាលកំណត់មែន
អាម៉េរិក៖ ក្រុមហ៊ុនផលិត និងចែកចាយគ្រឿង អេឡិចត្រូនិចដ៏ល្បីល្បាញ នាពេលបច្ចុប្បន្ននេះ នៅលើសកលលោក ដែលតែងតែបង្ហាញវត្តមាន ផលិតផលថ្មីៗរបស់ សហរដ្ឋអាម៉េរិកឈ្មោះថា Apple កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០១៤ បានបង្ហាញផលិតផលថ្មីស្រឡាងរបស់ខ្លួន ក្នុងនោះរួមមាន iPads ជំនាន់ថ្មី និង iMac ជាច្រើនប្រភេទ ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ថា កាលពីថ្ងៃទី១៦ ខែតុលា ក្រុមហ៊ុន Apple បានបង្ហាញជូនផលិតផលថ្មីរបស់ខ្លួន ក្នុងនោះមាន iPads ជំនាន់ថ្មីរួមទាំង iMac ជាច្រើនម៉ូដែលទៀតផង ។
គួររំលឹកថា ក្រុមហ៊ុន Apple បានប្រកាសកាលពីខែមុនថា សម្រាប់ផលិតផលថ្មីទាំងពីរខាងលើ ក្រុមហ៊ុននឹងបង្ហាញ លើទីផ្សារឲ្យអ្នកប្រើប្រាស់ ទាំងឡាយបានដឹង និងស្គាល់អំពីផលិតផលថ្មីៗទាំងនេះនៅថ្ងៃទី១៦ ខែតុលា ។ អ្វីដែលក្រុមហ៊ុនបានគ្រោងទុកនោះ បានមកដល់ដូចកាលកំណត់របស់ខ្លួនមែន ជាមួយនឹងផលិតផលដែលមានច្រើនជម្រើសសម្រាប់អតិថិជន ។
នៅក្នុងឱកាសនៃការបង្ហាញផលិតផលថ្មីនេះដែរ គេឃើញមានវត្តមាន លោក Tim Cock នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបង្ហាញផលិតផលថ្មី គឺ iPad Air 2 ដែលជាការសម្រិតសម្រាំងឡើងដោយអ្នកបច្ចេកទេស និង បញ្ចូលនូវបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន សម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងឡាយ ។
ក្នុងឱកាសនោះដែរ ក៏មានវត្តមានលោក Phil Schiller អគ្គនាយករងក្រុមហ៊ុន Apple បានលើកយកផលិតផលថ្មីមួយទៀតដែលមានឈ្មោះថា iPad Mini 3 និង iMac ដែលមានតារាងតម្លៃតាមទំហំ និងរូបរាងរបស់ផលិតផលថ្មីៗទាំងនេះស្រាប់ ។
គួរបញ្ជាក់ថា ការបង្ហាញវត្តមានផលិតផលថ្មីៗទាំងនេះ បានធ្វើឡើងតាមការកំណត់ ដែលរៀបចំកម្មវិធីនៅក្រុង ខូភើធីណូ សហរដ្ឋអាម៉េរិក ដែលជាស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple តែម្តង ៕
