ក្ដីបារម្ភ​នៃ​ការ​ធ្លាយ ​រូបភាព​ឯកជន​ពី iCloud សាយភាយ​មក​ដល់​កម្ពុជា

9/05/2014 0 Comments A+ a-

ភ្នំពេញ: ទន្ទឹម​នឹង​ការ​លេចឮ ​ព័ត៌មាន iPhone 6 ត្រៀម​បង្ហាញ​វត្ដមាន​លើ​ទីផ្សារ​ទូទាំង​សកលលោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ នេះ ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ជួប​វិបត្ដិ​ក្នុង​ការ​ដោះស្រាយ​រឿង​អាស្រូវ​ ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្ដិការ iOS ដោយសារ​តែ​គណនី iCloud ដែល​ផ្ទុក​រូបភាព​របស់​តារា​ល្បីៗ​ត្រូវ​បាន​ចូល​លួច និង​បង្ហោះ​ពេញបណ្ដាញ​សង្គម​ជាច្រើន​។
ថ្មីៗ​នេះ តារាចម្រៀង អារីយ៉ាណា ហ្គ្រេនដ៍ តារាចម្រៀង សេលីណា ហ្គោម៉េស ជាពិសេស តួឯក​ស្រី​ក្នុង​រឿង The Hunger Games វ័យ​២២​ឆ្នាំ នាង ជេនីហ្វើ ឡូរ៉េន ដែល​រងគ្រោះ​ដោយ​រូបភាព​ស្រើបស្រាល​បែប​សិច​ត្រូវ​លេចធ្លាយ​ជាច្រើន​សន្លឹក​ ។
តាម​គេហទំព័រ Rare America’s New Feed បាន​ឲ្យ​ដឹង​ថា ក្រុម​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត (Hackers) នឹង​បន្ដ​លួច​យក​រូប​អាក្រាត ឬ​សិចស៊ី​របស់​តារាស្រី​ល្បី​ផ្សេងៗ​ទៀត​រួច​បង្ហោះ​នៅលើ​គេហទំព័រ 4chan។ ក្រុម hackers បាន​សរសេរ​លើ​គណនី​របស់​ខ្លួន​ដែល គេហទំព័រ Business Insider ដក​ស្រង់​ថា៖ «​ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជ្រៀត​ចូល​គណនី iCloud ទាំង​អស់​ដែល​ត្រូវការ ដោយ​គ្រាន់តែ​ផ្ញើ​អ៊ីមែល​របស់​បុគ្គល​ដែល​អ្នក​ចង់​មើល​ទិន្នន័យ​នោះ។ ធានា​ថា ខ្ញុំ​អាច​ចូល​គ្រប់​គណនី​ទាំងអស់​ដោយ​មិន​លើកលែង​ឡើយ​»។
ថ្វីដ្បិត​តែ​វប្បធម៌​រូបថត​ស្រើបស្រាល​មាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​ តារា​បរទេស​យ៉ាងណា​ក៏ដោយ ក៏​តារា​ខ្មែរ​នៅ​តែ​បង្ហាញ​ទស្សនៈ​អភិរក្ស​វប្បធម៌​របស់​ជាតិ​ដដែល​។
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា ជា​តារា​ភាពយន្ដ​ដ៏ល្បី​របស់​កម្ពុជា ដែល​ធ្លាប់​ធ្លាយ​រូបភាព​ស្លៀក​ឈុត​ប៊ីគីនី​ងូត​ទឹក​សមុទ្រ​ជាមួយ​សង្សារ​ ជនជាតិ​ប៉ាគីស្ថាន បាន​និយាយ​ថា ខ្លួន​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ទំនើប​ដែល​ក្រុម​អនាមិក​ អាច​ជ្រៀត​ចូល​គណនី​បុគ្គល​បែប​នេះ​។
រដ្ឋា បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ពិតជា​បារម្ភ​ពី​ឯកជនភាព​របស់​ខ្ញុំ​ណាស់​។ ខ្ញុំ​មិន​មាន​រូបភាព​អាក្រាត​បែប​ស្រើបស្រាល​អ្វី​ទេ វា​ត្រឹម​តែ​ជា​រូបភាព​ស្លៀក​ប៊ីគីនី ឬ​អាវ​ក្នុង​ខោ​ក្នុង​អី​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ មិន​ខុស​ពី​តារា​ដទៃ​ទេ រូបភាព​ជា​បុគ្គល ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ឃើញ​នោះ​ទេ​»។
ទាក់ទង​នឹង​ក្រុម Hackers នេះ យុវតី​កម្ពុជា​មាន​ក្ដីកង្វល់​ចំពោះ​ការ​លេចធ្លាយ​រូបភាព​សិចស៊ី ឬ​អាក្រាត​លើ​ប្រព័ន្ធ​ប្រតិបត្ដិការ iCloud ចំពោះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប iPhone ទាំងអស់​។ ថ្វីដ្បិត​តែ​ពួកគេ​មិន​បង្ហោះ​រូបភាព​សិចស៊ី ឬ​អាក្រាត​របស់​ខ្លួន​យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​ខ្លះ​បាន​សារភាព​ថា ពួកគេ​មាន​លាក់ទុក​រូបភាព​មិន​សមរម្យ​ខ្លះ​ផង​ដែរ​។
ជាក់ស្ដែង កញ្ញា ពៅ លីណា អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ថ្លែង​ពី​ក្ដីបារម្ភ​របស់​ខ្លួន​ថា៖ «​ថ្វីដ្បិត​តែ​ខ្ញុំ​មិនមែន​ជា​តារា​ល្បីល្បាញ​ដូច​គេ​យ៉ាងណា​ក៏ដោយ ក៏​ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង​ដែរ​នៅពេល​ដឹង​ថា មាន​គេ​អាច​លួច​យក​រូបភាព​ឯកជន​ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​»។
យុវតី​ដែល​ចូលចិត្ដ​រូបថត​ដាក់​លើ​ទូរស័ព្ទ​រូប ​នោះ បាន​សារភាព​ថា កញ្ញា​ក៏​មាន​រូបថត​មិន​គួរ​បង្ហាញ​ខ្លះ​លើ​ទូរស័ព្ទ iPhone ដែល​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ឃើញ​។
ពាក់ព័ន្ធ​នឹង​ក្ដីបារម្ភ​នេះ លោក ឆន រឿន អាយុ​២៤​ឆ្នាំ ជា​អ្នក​ឯកទេស iOS Developer នៅ​ក្រុមហ៊ុន Golden Gecko លើក​ឡើង​ពី​មូលហេតុ​ដែល​គេ​អាច​លួច​ចូល​យក​ទិន្នន័យ​ក្នុង​iPhone ថា៖ «​ជាទូទៅ ទូរស័ព្ទ iPhone ដែល​ត្រូវ​បាន Jailbreak រួច បាន​បាត់បង់​សុវត្ថិភាព​នៅក្នុង​ការ​ការពារ​ប្រព័ន្ធ software ហើយ​។ ការ​បាត់បង់​នេះ អាច​នឹង​រង​ការ​លួច​ចូល​ជ្រៀត​ពី​ពិភព​ខាង​ក្រៅ​ណាស់​»។
លោក​បាន​លើក​ឡើង​ពី​មូលហេតុ​មួយ​ផ្សេង​ទៀត​ថា នៅពេល​យើង​ថតរូប​ពី​ទូរស័ព្ទ​មួយ​ដាក់​ក្នុង​កម្មវិធី iCloud Photo Sharing ដោយ​ចុច​យក​ពាក្យ «Synchronized» រូប​ទាំង​នឹង​អាច​មើល​ឃើញ​នៅ​ទូរស័ព្ទ​ផ្សេង​ទៀត​ដោយ​គ្រាន់តែ​ប្រើ​ឈ្មោះ និង​លេខ​សម្ងាត់​ចាស់​ដដែល​។ ដូច្នេះ បើ​មាន​គេ​ដឹង​ស្គាល់​អ៊ីមែល និង​លេខសម្ងាត់ រូបភាព​ក្នុង​ទូរស័ព្ទ​ទាំងអស់​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ដែរ។
ដើម្បី​ជា​វិធី​បង្ការ អ្នក​ជំនាញ​ផ្នែក Software លើ​ទូរស័ព្ទ iPhone រូប​នោះ បាន​លើក​ឡើង​ថា​៖ «​អ្នក​ប្រើ​គណនី​លើ​ទូរស័ព្ទ​ទាំងអស់​គួរ​តែ​ដាក់​ទាំង​អក្សរ លេខ និង​សញ្ញា​ផ្សេងៗ​លើ password ចៀសវាង​ការ​ងាយស្រួល​រុករក​ពី​ជន​ខិលខូច​»។
លោក រឿន បាន​ឲ្យ​ដឹង​ពី​លទ្ធភាព​ដែល​អាច​លួច​ចូល​ទិន្នន័យ​ក្នុង​ស្រុក​ខ្មែរ​ថា អ្នក​ព័ត៌មាន​នៅ​កម្ពុជា​អាច​ជ្រៀត​ចូល​គណនី​របស់​អ្នក​ដទៃ​ដោយ​ការ​ប្រើ Tool ឬ Software មកពី​បរទេស ដូចជា ចិន និង​វៀតណាម​ជាដើម តែ​អ្នក​ជំនាញ​ស្រុក​ខ្មែរ​មិន​មាន​សមត្ថភាព​លុកលុយ​ចូល​យក​ទិន្នន័យ​របស់​ អ្នកដទៃ​បាន​ឡើយ​។
ក្រោយពី​ការ​ស៊ើបអង្កេត​រយៈពេល​៤០​ម៉ោង ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា គណនី​របស់​តារា​ល្បីៗ​គឺជា​ទិសដៅ​វាយប្រហារ​ដ៏សំខាន់​ទៅលើ user names, passwords និង security questions ហើយ​មិន​មាន​ទិន្នន័យ​ណា​មួយ​លេចធ្លាយ​ដោយសារ​តែ iCloud នោះ​ទេ​៕
_________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍