យីងឡាក់ គេចផុតពីការចោទ ប្រកាន់ផ្លូវការពាក់ព័ន្ធ នឹងការគ្រប់គ្រងគំរោង ទិញស្រូវ
ពួករដ្ឋអាជ្ញាថៃកាលពីថ្ងៃព្រហស្បត៍បាន
ច្រានចោលអនុសាសន៍មួយពីគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ(NACC)
ដែលសុំអោយចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត
ចំពោះការធ្វេសប្រហែសក្នុងភារកិច្ចដោយសារខកខានមិនបានដោះស្រាយ
អំពើពុករលួយនិងការខាតបង់នៅក្នុងគំរោងទិញស្រូវពីកសិករ
កាលពីលោកស្រីនៅជានាយករដ្ឋមន្រ្តី។
ផ្ទុយទៅវិញ
ការិយាល័យអគ្គរដ្ឋអាជ្ញា(OAG)បានអំពាវនាវអោយបង្កើតក្រុមចម្រុះមួយ
រវាងNACCនិងOAGដើម្បីធ្វើការស៊ើបអង្កេតសាជាថ្មីករណីនេះ
ដោយហេតុថាមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីចាត់ការអតីត
មេដឹកនាំថៃរូបនេះនៅឡើយទេ។
ចំពោះការសន្និដ្ឋានរបស់NACCដែលថា
យីងឡាក់មិនបានបញ្ឈប់កម្មវិធីនេះទោះជាដឹងថាវាបង្កអោយមាន
អំពើពុករលួយនោះលោកវ៉ាន់ឆៃ ប្រធានOAGបាននិយាយថា
គំរោងទិញស្រូវនេះជាគោលនយោបាយមួយនៃរដ្ឋាភិបាលរបស់យីងឡាក់ដែល
បានដាក់ជូនសភាអនុម័តទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៧
ដូច្នេះNACCមិនអាចបង្ហាញភស្តុតាងថា
យីងឡាក់មានអំណាចដើម្បីបញ្ឈប់គំរោងនេះទេ។
អំពីការចោទប្រកាន់ថាធ្វេសប្រហែសការងារ
NACCក៏មិនអាចប្រមូលបានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាតើ
លោកស្រីយីងឡាក់ខកខានមិនបានចាត់ការក្រោយពីត្រូវបានជូនដំណឹងដោយ
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយនេះ
និងការិយាល័យសវនកម្មអំពីការប្រព្រឹត្តិអំពើពុករលួយក្នុងអំឡុង
ការអនុវត្តន៍គំរោងផែនការនេះ។
គណៈកម្មការNACCបានបញ្ជូនករណីនេះទៅអោយ
OAGចាត់ការបន្តកាលពីថ្ងៃ១៧កក្កដា
ដោយចោទប្រកាន់លោកស្រីយីងឡាក់ថាខកខានមិនបានដោះស្រាយអំពើពុករលួយ
នៅក្នុងគំរោងរដ្ឋទិញស្រូវពីកសិករក្នុងតម្លៃថ្លៃ
ដែលនាំអោយរដ្ឋខាតបង់ប្រាក់ជាង៥០០.០០០លានបាត។
NACCបានបោះឆ្នោតក្នុងសម្លេង៧ទល់០
គាំទ្រអំណះអំណាងដែលថាមានហេតុផលគ្រប់គ្រាន់សំរាប់ចោទប្រកាន់យីង
ឡាក់ពីបទធ្វេសប្រហែសមិនបានលុបចោលគំរោងនេះ
ទោះជាដឹងថាវានាំអោយមានអំពើពុករលួយនិងការខាតបង់។
ប្រធានNACCលោកសានសឺន
ប៉ូលហ្សៀកបាននិយាយថា
វាធម្មតាទេដែលរដ្ឋអាជ្ញាស្វះស្វែងរកការបញ្ជាក់និងភស្តុតាងរឹងមាំ
ឡើង មុនបញ្ជូនករណីនេះទៅតុលាការ។
ក្នុងពេលជាមួយគ្នា ក្រុមអ្នកច្បាប់តំណាងអោយយីងឡាក់ ត្រៀមផ្តល់សាក្សីនិងភស្តុតាងបន្ថែមទៅគណៈកម្មការចំរុះOAG-NACC ៕
យីងឡាក់ សើចសមមួយរយៈពេលទៀតក្រោយពីប្រធានរដ្ឋអាជ្ញាច្រានចោលអនុសាសន៍របស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ
ប្រភពពី CEN