កម្មករ​រោងចក្រ​កាត់ ដេរ​CWKHដង្ហែ​ក្បួន​តវ៉ា​ ទាមទារ​ឲ្យ​តំណាង​១៥​ នាក់​ចូលធ្វើការ​វិញ

9/30/2014 0 Comments A+ a-


WORKER-300914រាជធានីភ្នំពេញ៖ ក្រុមកម្មករ ការិនី​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​យីហោ CWKH​ ប្រមាណជា ១៥០នាក់ នៅព្រឹក​ថ្ងៃទី​៣០ខែកញ្ញានេះ ​បាននាំគ្នា​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួង​ការងារ​ និង ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​តំណាង​កម្មករ​ចំនួន​១៥​នាក់ បាន​ចូលធ្វើការ​វិញ បន្ទាប់ពី​ថៅកែ​រោងចក្រ​នេះ​ បាន​ដក​ពួកគេ​ចេញពី​ការងារ​ជិត​ពីរ​ខែ​មកហើយនោះ​។​
កាលពី​ថ្ងៃទី​១៥ ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ តំណាង​កម្មករ​និង​តំណាង​សហជីព​ចំនួន​១៥​នាក់ ត្រូវ​បាន​ខាង​ភាគី​ថៅកែ​រោងចក្រ​នេះ​ដក​ពួកគេ​ចេញពី​ការងារ​ដោយ​ចោទប្រកាន់ ​ក្រុម​តំណាង​ទាំង​១៥​នាក់​នោះ​ថា តែងតែ​ដើរ​ញុះញង់​ឲ្យ​កម្មករ​កម្មការិនី​ធ្វើ​កូដកម្ម​មិនសូវ​​ធ្វើការ​ងារ​ ឡើយ។ ដោយ​មើលឃើញ​ពី​សកម្មភាព​បែបនេះ​ភាគី​ថៅកែ​រោងចក្រ​បាន​បញ្ឈប់​ពួកគេ​ពី​ ការងារ​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ក្រុម​កម្មករ​ហៅថា​ជា​ការ​បញ្ឈប់​ដោយ​ គ្មាន​ហេតុផល​និង​ខុសពី​លក្ខខណ្ឌ​ការងារ​នៃ​ប្រទេស​កម្ពុជា ដោយ​មាន​ការយល់​បែប​នេះ​ហើយ​ទើប​ពួកគេ​នាំ​គ្នា​ធ្វើ​កូដកម្ម​តាំងពី​ពេលនោះ នៅតែ​ពុំ​​ទាន់​មាន​ដំណោះស្រាយ​ទៀត។​នេះបើតាមការអះអាងពីតំណាងក្រុមកម្មករ។
​កូដកម្មនេះ​ បានអូសបន្លាយ​រយៈពេល​មួយខែ​កន្លះ​មកហើយ នៅតែ​គ្មាន​ដំណោះស្រាយ​នោះទេ ដោយសា​តែ​ភាគី​ថៅកែ​មិនមាន​ការយោគយល់​និង​អត់អោន​ឲ្យ​ក្រុម​តំណាង កម្មករ​ទាំងនោះ​។ចំណែក​ក្រុមកម្មករ​វិញ បាន​អះអាងថា ពួកគេ​នឹង​បន្តធ្វើ​កូដកម្ម​រហូត​ទទួលបាន​ជោគជ័យ​។
នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ក្រុមកម្មករ​ ការិនី​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​យីហោ CWKH ដែល​មាន​ទីតាំងនៅ​ ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បាន​លើកគ្នា​ទៅកាន់​ក្រសួង​ការងារ​ និង​មាន​គម្រោង បន្ត​ទៅកាន់​ភូមិគ្រឹះ​លោកនាយករដ្ឋមន្ត្រី​ជា​បន្តទៀត ប្រសិនបើ​ខាង​ក្រសួង​មិនអាច​រក​ដំណោះស្រាយ​បាន​នោះ​៕
WORKER-300914
WORKER-09-30
WORKER-09-30-14-
ប្រភពពី Free Press Magazine