CR7 ជាកីឡាករម្នាក់ដែល Arsene Wenger ស្ដាយបំផុតក្នុងជីវិត
អ្នកចាត់ការក្លិប Arsenal លោក Arsene Wenger បានបញ្ជាក់ពីរឿងដែលលោកសោកស្ដាយបំផុតក្នុងជីវិតបាល់ទាត់ នោះគឺការណ៍ដែលលោកមិនបានចុះកិច្ចសន្យានាំយក Cristiano Ronaldo មក Arsenal មុនពេលកីឡាករម្នាក់នេះសម្រេចចិត្តចូលរួម Manchester United ក្នុងឆ្នាំ២០០៣ ដែលកាលនោះតម្លៃខ្លួនកីឡាកររូបនេះត្រឹមតែ១២,២លានផោន(២០លានដុល្លារអាមេរិក)ប៉ុណ្ណោះ។
អ្នកចាត់ការវ័យ៦៤ឆ្នាំខាងលើបាននិយាយទៅកាន់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឧបត្ថម្ភរបស់Arsenal ថា៖ “ការសោកស្ដាយធំបំផុតរបស់ខ្ញុំគឺមិនបានចុះកិច្ចសន្យាជាមួយ Cristiano Ronaldo ខ្ញុំហៀបតែនឹងបានគេទៅហើយ។ ហើយមិនត្រឹមតែខ្ញុំអត់បានគាត់ប៉ុណ្ណោះទេ តែថែមទាំងបណ្ដោយគាត់ឱ្យគាត់ទៅចូល Man Utd ទៀត។ រឿងនេះធ្វើឱ្យខ្ញុំមានវិប្បដិសារីមកទល់សព្វថ្ងៃ”។
ម្នាក់ទៀតដែលអតីតអ្នកចាត់ការក្រុម Nagoya Grampus Eight បានលើកមកនិយាយដែរនោះគឺកីឡាករ Didier Drogba ដែលខ្សែប្រយុទ្ធម្នាក់នេះស៊ុតចូល១៥គ្រាប់ពេលលេងទល់នឹង Arsenal ១៥ប្រកួតកន្លងមក។ ចំពោះខ្សែប្រយុទ្ធដែលវិលមកលេងនៅ Chelsea វិញរដូវកាលនេះ លោក Wenger បាននិយាយថា៖ “ខ្ញុំមិនយកគាត់ពេលគាត់លេងនៅប្រទេសបារាំងហើយបន្ទាប់មកទើប ខ្ញុំដឹងថាគាត់ជាកីឡាករល្អម្នាក់។ គាត់បានធ្វើឱ្យពួកយើងឈឺចាប់ក្នុងការប្រកួតធំៗ ហើយបើពេលនោះគាត់លេងឱ្យយើង រឿងឈឺចាប់ទាំងនោះមិនកើតឡើងទេ”។
ដោយឡែក លោក Arsene Wenger បន្តថាកីឡាករដែលលោកទិញត្រូវបំផុតនោះគឺអតីតខ្សែការពារអន្តរជាតិកាមេរ៉ូន Lauren។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបាននិយាយថា៖ “ខ្ញុំមិនដែលនិយាយថាកីឡាករណាល្អជាងគេបំផុតនោះទេ ប៉ុន្តែខ្ញុំគិតថាការទិញកីឡាករដូចជា Lauren ដែលខ្ញុំសម្លឹងឃើញគាត់ក្នុងខណៈដែលគ្មានអ្នកផ្សេងមើលឃើញនោះ។ គាត់ជាខ្សែបម្រើស្ដាំដែលខ្ញុំដាក់ឱ្យលេងការពារស្ដាំ ហើយលេងបានយ៉ាងល្អ”។
រយៈពេល១៨ឆ្នាំដែលលោក Arsene Wenger ដឹកនាំក្លិបកាំភ្លើងធំ អាចជួយក្លិបមួយនេះឈ្នះពានដូចជា Premier League ៣ដង, FA Cup ៥ដងនិង FA Community Shield ៥ដង៕