ចាប់​ព្រូឡាន​ម្នាក់ ដែល​ដឹកឈើ​ធ្នង់ ឳ្យ​ថៅកែ​ស្រី នៅ​ក្រចេះ ទៅ​លក់​នៅ​វៀតណាម​

9/05/2014 0 Comments A+ a-

Wood_Forest_CEN_05_09_14-(1)ត្បូងឃ្មុំ: កងរាជអាវុធហត្ថ ​ស្នាក់ការ ៧០៣ និង ៧០១ បាន​សហការគ្នា ស្ទាក់ចាប់​បុរស ជា​ព្រូឡាន​ម្នាក់ រត់ពន្ធ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ មួយ​គោយន្ត ដែលជា​របស់​ថៅកែ​ស្រី​ម្នាក់ ដឹក​ទៅ​លក់​ឳ្យ​ឈ្មួញ​វៀតណាម តាម​ច្រក​ចាន់​មូល ស្រុក​មេមត់ កាលពី​ម៉ោងជាង ១០ យប់ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៤​។​ ​លោក សុខ វាសនា មេបញ្ជាការ​ស្នាក់ការ​ស​ន្តិ​សុខ ៧០៣ ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ ស្រុក​មេមត់ បាន​ប្រាប់ CEN នៅ​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០១៤​ថា ព្រូឡាន​ដែល​បាន​ដឹក ឈើ​ធ្នង់​មួយ​គោយន្ត​ពេញ អត់​លេខ ពណ៌​ប្រផេះ និង​គ្រប​តង់​ពណ៌​ខៀវ ពីលើ​នោះ ឈ្មោះ វង់ ឈឿន អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ​ចំណែក​ឈើ​ធ្នង់​មួយ​គោយន្ត ដែល​បាន​វាស់វែង នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​នោះ មាន​ចំនួន ២២០ កំណាត់ ស្មើនឹង ៨,៥១៣ ម៉ែត្រគូប​។​ ​វង់ ឈឿន បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ថា ឈើ​ប្រភេទ​ធ្នង់ មួយ​គោយន្ត​នេះ គឺជា​របស់​ឈ្មោះ ស្រី​នា មាន​ទីលំនៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​បាន​ប្រមូល​ទិញ តាម​រថយន្ត​តូចៗ នៅក្នុង​ចម្ការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ដែល​ឈ្មួញ​បាន​ដឹក ពី​ខេត្តក្រចេះ​។ ប៉ុន្តែ​ស្ត្រី​ម្ចាស់​ឈើ​រូបនេះ បាន​ប្រាប់​ខ្លួន (​វង់ ឈឿន​) និង​អ្នកបើកបរ​គោយន្ត ឈ្មោះ ម៉ាន់ អាយុ ៣០ ឆ្នាំ គេចខ្លួនបាត់​នោះ មាន​ទីលំនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​ថា បើ​មាន​គេ​សួររក​ម្ចាស់ ជា​នរណា ឬ​គេ​ឃាត់ ឳ្យ​ឆ្លើយ​ប្រាប់ថា ជា​ឈើ​របស់​ឧកញ៉ា អុល ។ តែ​ខ្លួន​ពុំដែល​ស្គាល់​ឧកញ៉ា អុល នោះទេ​។​ ​ឈឿន បាន​ឳ្យ​ដឹង​ទៀតថា ខ្លួន​ធ្វើជា​ព្រូ និង​ជា​អ្នកស៊ីឈ្នួល លើកដាក់​ឈើ ឳ្យ​ស្ត្រី​ឈ្មោះ ស្រី​នា ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នេះ ច្រើន​ជើង​ហើយ ដោយ​ចេញចូល​ភាគច្រើន តាម​ច្រក​កោះ​ថ្ម ច្រក​ទន្លេ​ចាម​។ ប៉ុន្តែ​លើក​នេះ មានបំណង​ចេញ​តាម​ច្រក​ចាន់​មូល ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ចាប់បាន​តែម្តង​។​ ​លោក​មេបញ្ជាការ សុខ វាសនា បាន​ឳ្យ​ដឹង​ទៀតថា លទ្ធផល​បង្ក្រាបបាន​នេះ គឺ​ខាង​លោក​បានទទួល បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ អនុញ្ញាត​ឳ្យ​ប្រើប្រាស់ រថយន្ត​ស៊ី​រ៉ែ​ន ល្បាត​ត្រួតពិនិត្យ​សកម្មភាព តាម​ដងផ្លូវ​ក្រាល​កៅស៊ូ ហើយ​បាន​ប្រទះឃើញ និង ឃាត់​ឆែកឆេរ​គោយន្ត​កែច្នៃ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ខាងលើ ត្រង់ចំណុច​ច្រក​ក្រឡង់​ស៊ុត ភូមិ​ដួង​កសិករ ឃុំ​ត្រ​មូង ស្រុក​មេមត់​៕V​/L
ប្រភពពី CEN