លំហូរហិរញ្ញវត្ថុ ខុសច្បាប់ប្រហែល ជា៩៥០ ពាន់លានដុល្លារ ចេញពីបណ្តាប្រទេស កំពុងអភិវឌ្ឍន៍
បញ្ហាប្រឈមនេះ បានត្រូវលើកឡើង នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការទប់ស្កាត់ លំហូរហិរញ្ញវត្ថុខុសច្បាប់៖ ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារអាំងទែរ កុងទីណង់តាល់។
លោកស្រី សោម គឹមសួរ សមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងជាអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានមានប្រសាសន៍ថា លំហូរហិរញ្ញវត្ថុខុសច្បាប់ ជាប្រធានបទដ៏សំខាន់ ក្នុងស្ថានភាពបច្ចុប្បន្ន ហើយភាគច្រើន ទាក់ទងនឹងការលាងសម្អាតប្រាក់ ការលួចពន្ធ និងការស៊ីសំណូកសូកប៉ាន់។ លំហូរហិរញ្ញប្បវត្ថុខុសច្បាប់ បានដកយកធនធាន ដែលអាចប្រើប្រាស់ សម្រាប់អភិវឌ្ឍន៍ប្រទេស ពីប្រទេសរងគ្រោះ និងបានធ្វើឲ្យចុះខ្សោយនូវ ប្រព័ន្ធហិរញ្ញវត្ថុ និងសក្តានុពលសេដ្ឋកិច្ច។ ក្នុងទិដ្ឋភាពជាក់ស្តែង លំហូរហិរញ្ញវត្ថុខុសច្បាប់ អាចស្ថិតក្នុងរូបភាពសាមញ្ញ នៃការផ្ទេរនូវថវិកា ទៅគណនី នៅក្រៅប្រទេស ដោយមិនបង់ពន្ធ ឬក្នុងរូបភាពសាំញ៉ាំ ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម ដែលបង្កើតដោយមានការរៀបចំ លាក់បាំងជាប្រព័ន្ធ និងពាក់ព័ន្ធនូវ ដែនយុត្តាធិការច្រើន។
ដើម្បីបង្ការនូវការរីករាលដាល នៃហានិភ័យនេះ និងដើម្បីលុបបំបាត់ “ទីដែលជាឋានសួគ៌សុវត្ថិភាព នៃថវិកាខុសច្បាប់” អង្គការធំៗជាច្រើន ដែលជាអាទិ៍ មានក្រុមការងារហិរញ្ញវត្ថុអែហ្វ (FATF) , ADB/OECD បានខិតខំប្រឹងប្រែង ស្វែងរកយន្តការគន្លឹះ ទប់ស្កាត់សកម្មភាពខុសច្បាប់នេះ ដោយបានបង្កើត ជាលិខិតបទដ្ឋានអន្តរជាតិ និងយន្តការជាច្រើន សម្រាប់ប្រទេស ជាសមាជិកខ្លួន យកទៅអនុវត្តន៍។
លោកស្រី សោម គឹមសួរ បានបញ្ជាក់ថាៈ “ការទប់ស្កាត់លំហូរ ហិរញ្ញវត្ថុខុសច្បាប់ ទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ រវាងស្ថាប័នជាតិ និងរវាងប្រទេស និងប្រទេស”។
នៅក្នុងឳកាសនោះដែរ លោកស្រី Elodie Beth ទីប្រឹក្សាប្រឆាំងអំពើពុករលួយ ប្រចាំតំបន់ កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ បានមានប្រសាសន៍ថា ជាសកល លំហូរហិរញ្ញវត្ថុខុសច្បាប់ ត្រូវបានគេប៉ាន់ប្រមាណថា បានបង្ហូចេញនូវទឹកប្រាក់ ប្រហែលជា ៩៥០ ពាន់លានដុល្លារ ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក្នុងពិភពលោក សម្រាប់តែឆ្នាំ២០១១ ប៉ុណ្ណោះ។ តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល គឺមានកម្រិតលំហូរចេញ នៃហិរញ្ញវត្ថុខុសច្បាប់ ចំនួន ៣៩,៦ ភាគរយ ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាចំណែកដ៏ធំបំផុត ក្នុងចំណោមតំបន់ផ្សេងៗ ក្នុងពិភពលោក។
លោកស្រី Elodie Beth បានបញ្ជាក់បន្ថែមថា លំហូរហិរញ្ញវត្ថុខុសច្បាប់ គឺជាលំហូរនៃប្រាក់ឆ្លងដែន ដែលរកបាន ដែលផ្ទេ ឬប្រើប្រាស់ ដោយខុសច្បាប់។ ការលាងសម្អាតប្រាក់ឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង ការរត់ពន្ធគ្រឿងញៀន អំពើពុករលួយ ការគេចពន្ធ ការរត់ពន្ធ សកម្មភាពខុសច្បាប់ ផ្សេងៗទៀត ដែលជាចំណែកនៃធនធាន បានមកពីលំហូរហិរញ្ញវត្ថុខុសច្បាប់។ មធ្យោបាយមួយ ដើម្បីវាស់នូវកម្រិតលំហូរនេះ គឺការក្រឡេកមើល នូវការចេញវិក្កយបត្រ ដែលមិនត្រឹមត្រូវ។ ការចេញវិក្កយបត្រមិនត្រឹមត្រូវ ក្នុងដំណើរការអាជីវកម្ម គឺបង្ហាញពីចេតនា រាយការណ៍មិនត្រឹមត្រូវ នៃតម្លៃប្រតិបត្តិការ ពាណិជ្ជកម្ម ទៅលើវិក្កយបត្រ ដែលដាក់ជូនគយ និងរដ្ឋាករ។
ជារឿយៗ លំហូរហិរញ្ញវត្ថុខុសច្បាប់ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបានគេយល់ឃើញថា ជាលទ្ធផលចេញមក អំពីការបើកចំហ ឳកាសអាជីវកម្ម និងពន្លឿនកំណើន ការមើលស្រាលនូវ លំហូរប្រាក់ចេញពីប្រទេស ដែលថវិកាទាំងនេះ គឺសម្រាប់យកទៅប្រើប្រាស់ សម្រាប់ហិរញ្ញប្បទានការអភិវឌ្ឍន៍។
យោងទៅតាមសុច្ចរិតភាព ហិរញ្ញវត្ថុសាកល ជារៀងរាល់ឆ្នាំ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងមូល ការខាតបង់សរុប មានតម្លៃយ៉ាងធំសម្បើម រហូតដល់ ១ លាន លានដុល្លារ (១.០០០ .០០០ .០០០ .០០០ ដុល្លារអាមេរិក) លើលំហូរចេញក្រៅ នៃហិរញ្ញវត្ថុខុសច្បាប់។ ស្ថិតិនេះ ត្រូវបានមានការ មិនទាន់យល់ស្របគ្នា នៅឡើយ ប៉ុន្តែលំហូរហិរញ្ញវត្ថុខុសច្បាប់ គឺទំនងជាអាចទាញយក ដោយខុសច្បាប់នូវ ជំនួយអភិវឌ្ឍន៍ផ្លូវការ និងរុញច្រានឳកាស វិនិយោគទុនផ្សេងៗ។
ក្នុងកម្រិតអន្តរជាតិកម្ពុជា បានក្លាយជាសមាជិក ក្រុមអាស៊ី/ប៉ាស៊ីហ្វិក ស្តីពីការលាងសម្អាតប្រាក់ (Asia/Pacific Group on Money Laundering, APG) ក្នុងឆ្នាំ២០០៤ និងបានទទួលធ្វើការវាយតម្លៃ ទៅវិញទៅមក លើភាពអនុលោម តាមបទដ្ឋានប្រឆាំង ការលាងសម្អាតប្រាក់/ ប្រឆាំងហិរញ្ញប្បទានភេរវកម្ម (AML/CFT) អន្តរជាតិក្នុងឆ្នាំ២០០៧៕V/L
លោកស្រី Elodie Beth ទីប្រឹក្សាប្រឆាំងអំពើពុករលួយ ប្រចាំតំបន់ កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ
លោកស្រី សោម គឹមសួរ សមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ និងជាអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ
ប្រភពពី CEN