អភិបាលរាជធានី ជំរុញឲ្យក្រុមហ៊ុន ស៊ូកាកូអ៊ីន បញ្ចប់បញ្ហាប្រជាជន នៅបឹងកក់ ២០ គ្រួសារ ដើម្បីធ្វើរបង
លោកអភិបាលរាជធានី បានលើកឡើងដូច្នេះ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនស៊ូកាកូអ៊ីន។ ជាកិច្ចប្រជុំ ដើម្បីពិភាក្សាលើគ្រោងអភិវឌ្ឍន៍តំបន់បឹងកក់ និងស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាសេសសល់ ជាមួយប្រជាពលរដ្ឋ។ កិច្ចប្រជុំនោះ ធ្វើឡើង ក្រោមអធិបតីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជីង សុភាព ហៅ យាយភូ ប្រធានក្រុមហ៊ុន ស៊ូកាកូអ៊ីន។
នៅក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា សម្រាប់បញ្ហាសហគមន៍បឹងកក់ គឺអាជ្ញាធរ និងក្រុមហ៊ុន បានដោះស្រាយចំនួន ៣ ជម្រើស គឺប្រគល់ផ្ទះ ប្រគល់ប្រាក់ និងសាងសង់នៅនឹងកន្លែង ដោយប្រែទៅជាផ្តល់ដីវិញ តែយ៉ាងណានៅមានចំនួនជាង ២០ គ្រួសារ មិនទាន់ដោះស្រាយចប់ តែអាជ្ញាធរបានរៀបចំរួចអស់ហើយ។ ចំពោះប្រព័ន្ធផ្លូវ លូ ទឹក និងភ្លើង សម្រាប់អភិវឌ្ឍន៍តំបន់នោះ។
លោកអភិបាល បន្តថា ការងារដែលនៅសេសសល់ ក្រៅពីការងារទាំងនេះ ក្រុមហ៊ុននិងមន្ត្រីជំនាញសាលាក្រុង និងខណ្ឌក៏ត្រូវសិក្សាផងដែរ ចំពោះការបង្កើតផ្លូវធ្វើដំណើរ ធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរណ៍ រួមទាំងអាងស្តុកទឹកផងដែរ។
លោកស្រី ជឹង សុភាព ប្រធានក្រុមហ៊ុន ស៊ូការកូអ៊ីន បានលើកឡើងថា ក្រុមហ៊ុនបាន ព្យាយាមដោះស្រាយដោយសន្តិវិធី ក្នុងនោះក្រុមហ៊ុន បានទិញពីប្រជាពលរដ្ឋក្នុងតម្លៃពីជាង ១ ម៉ឺនរហូតដល់ ៣០ ម៉ឺនដុល្លារក៏មាន ដើម្បីបញ្ចប់បញ្ហា។ ចំណែកបញ្ហាអភិវឌ្ឍន៍ គឺរង់ចាំការដោះស្រាយញ្ចប់របស់អាជ្ញាធរ ដូចជា នៅតាមបណ្តោយផ្លូវ៧០ ជាដើម៕
ប្រភពពី CEN