នំប៉័ងទួគី” មិត្តភាព” ជាអាជីវកម្ម អាហារតាម ចិញ្ចើមថ្នល់ បែបថ្មី ដ៏មានឱជារស
នំប៉័ងទួគី មានសណ្ឋានដូចជាប៊ឺហ្គើរ ឬសាំងវ៉ិចដែរ វាជានំប៉័ងបន្ទះគាបស្រួយៗ ដាក់សាច់ក្ដៅៗ លាយជាមួយ បន្លែស្រស់ៗ លាយឡំជាមួយទឹកជ្រលក់រសជាតិរសជាតិជូរអែម ចំពោះតម្លៃបច្ចុប្បន្ន នំប៉័ងទួរគីនេះ មួយតម្លៃ ៣៥០០ រៀល ដែលបច្ចុប្បន្ននេះ កំពុងពេញនិយម សម្រាប់យុវវ័យ ។
ជាក់ស្ដែង កញ្ញា សុខ ស្រីទូច អ្នកដំណើរម្នាក់ ដែលបានសាកញ៉ាំនំប៉័ងទួគីនោះ បាននិយាយថា៖ “នាងខ្ញុំឃើញ នំប៉័ងទួគីនេះប្លែក ហើយក៏សាកញ៉ាំលមើល។ ពេលញ៉ាំរួចវាពិតជាឆ្ងាញ់ជាពិសេសនោះ គឺសាច់របស់វានៅក្ដៅ និងនំប៉័ងស្រួយងាយខាំញ៉ាំ”។
ងាកមកយុវជន សុធារិទ្ធ ជានិស្សិតនៅសាកលវិទ្យាល័យ មួយនៅក្នុងទីក្រុងភ្នំពេញបានឲ្យដឹងថា ខ្លួនទើបនឹង ចាប់អារម្មណ៍ហើយក៏បានសាកល្បង២ទៅ៣កន្លែងដែរ ប៉ុន្តែរសជាតិនៅកន្លែងខ្លះដូចជា នៅម្ដុំ ACE ផ្លូវសម្ដេច ប៉ានមានរសជាតិឆ្ងាញ់ ប៉ុន្តែកន្លែងខ្លះទៀតរសជាតិមិនសូវទាក់ទាញទេ។
នៅភ្នំពេញបច្ចុប្បន្ននេះមានរទេះនំទួគី ជាច្រើនបានដាក់លក់នៅតាមដងផ្លូវ ប៉ុន្តែបើនិយាយពី រសជាតិ គឺមាន រសជាតិខុសគ្នាដែរ ទោះបីជាប្រើឈ្មោះនំប៉័ងទួរគីដូចគ្នាក្ដី។
លោក ពេជ្រ ដែលជាម្ចាស់ក្រុមហ៊ុន នំប៉័ងមិត្តភាពទួគី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បាននាំមក កម្ពុជា មុនគេពីប្រទេសសិង្ហបុរី ហើយក្រុមហ៊ុនរបស់លោក គោរពខ្លាំងមែនទែន ចំពោះរសជាតិ របស់ម្ចាស់ដើម ដែលទាំងរសជាតិ និង ឧបករណ៍គឺនាំចូលពីប្រទេសសិង្ហបុរីទាំងអស់។
ការចម្អិននៅលើចង្ក្រានហ្គាស៍អេឡិចត្រូនិក បង្វិលសាច់ជាប់ជានិច្ចមិនបណ្ដាលឲ្យខ្លោច និងអាចរក្សា កម្ដៅក្ដៅ ជាប់ជានិច្ចចំណែក ឯសាច់និងបន្លែត្រូវបានសម្រិតសម្រាំងខ្លាំងណាស់ គឺត្រូវតែស្រស់ៗ គ្មានជាតិគីមីឡើយ។
លោកបានបន្តថា ក្រុមហ៊ុននំប៉័ងទួគី យីហោ មិត្តភាព គ្រោងនឹងកែច្នៃនំប៉័ងទួរគីនេះមា នច្រើនប្រភេទដែល មានសាច់ខាងក្នុងដូចជា សាច់ប៊ឺហ្គឺអ៊ីចឹងដែរនៅពេលអនាគត ហើយបើកជាហាងដែល មានកន្លែងអង្គុយ ដែល មានផាសុកភាពទៀតផង ។
ក្រុមហ៊ុននំប៉័ងទួគីមិត្តភាពមាន ៩ទីតាំងស្ថិតនៅមុខមន្ទីរពេទ្យកាល់ម៉ែត មុខសាលាជ័យថាវី , សាលា ACE ផ្លូវ សម្ដេចប៉ាន, សាលាបាក់ទូកខាងបឋម , វត្តភ្នំមុខអូតែលកាសា, ផ្សាកណ្ដាលមុខវិហារចិន, ជិតស្តុប ផ្សារដេប៉ូ ,សាលាសុវណ្ណភូមិស្តុបទេពផន , សាលាអាស៊ីអឺរ៉ុបជិតគីឡូលេខ៤ ហើយក្រុមហ៊ុនមាន គម្រោងបើកបន្តសាខា និងហាងជាច្រើនទៀត នាពេលខាងមុខ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news