លោកតាម្នាក់ បានលង់ទឹកស្លាប់ ក្នុងប្រឡាយជំរៅ២ម៉ែត្រ
លោកទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ថា លោកតាម្នាក់នេះ ឈ្មោះ ខេង ហ៊ាន ហៅ កឹង អាយុ៧២ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុនេះ។ ហើយបើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា ជនរងគ្រោះ វ័យចំណាស់រូបនោះ ជាមនុស្សញៀនស្រា ប្រចាំថ្ងៃ ហើយការស្លាប់របស់គាត់ អាចបណ្តាលមកពីផឹកស្រាស្រវឹង ហើយដើរធ្លាក់ទឹក ក៏លង់ស្លាប់ទៅ។
លោកទេព ពុំសែន បានដកស្រង់សំដីប្រជាជន ក្នុងភូមិមក បញ្ជាក់ថា លោកតារងគ្រោះ កាលពីមុនកើតហេតុ គឺនៅថ្ងៃទី១៥ ខែកញ្ញា គាត់បានផឹកស្រាស្រវឹង ហើយដើរចេញពីភូមិតែម្នាក់ឯង ហើយក៏បាត់រហូតមក ដោយគ្រួសារមិនមាន ការចាប់អារម្មណ៍ទេ ព្រោះអ្នកផ្ទះ សង្ស័យថា អាចផឹកស្រាស្រវឹង ហើយដើរទៅដេក នៅផ្ទះប្រជាជនដូចគ្នា។
នៅព្រលឹមស្រាងៗ អ្នកស្រុកចេញទៅធ្វើស្រែ និងលើកសន្ទូចដាក់ត្រី ក៏ប្រទះឃើញគាត់ស្លាប់ អណ្តែតទឹក។ ក្រោយពីទទួលព័ត៌មាននេះ កំលាំងបានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។ ប៉ុន្តែមន្ត្រីជំនាញរបស់ខេត្តសៀមរាប បានសន្និដ្ឋានថា លោកតាម្នាក់នេះ ពិតជាលង់ទឹកស្លាប់ ព្រោះពេលធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចពុំបានរកឃើញ មានស្លាកស្នាមអ្វី ដែលសង្ស័យពាក់ព័ន្ធនឹង អំពើឃាតកម្មអ្វីនោះទេ៕V/c