កម្ពុជា​ជា​កន្លែង​សុវត្ថិភាព​ ក្នុង​ការ​លាង​លុយ

9/02/2014 0 Comments A+ a-

20140902_11ភ្នំពេញៈ អំពើ ​ពុក​រលួយ​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ និង​កង្វះ​តម្លាភាព​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​នាំ​ឲ្យ​កម្ពុជា​ជាប់​ ចំណាត់​ថ្នាក់ ទី៣ នៅ​ក្នុង​សន្ទស្សន៍​ពិភពលោក​ដែល​ងាយ​ទទួល​រង​ការ​លាង​លុយ​កខ្វក់ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ភេរវជន។


ការ​បោះ​ផ្សាយ​ស្តី​ពី​សន្ទស្សន៍​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ទីក្រុង ឆ្នាំ​២០១៤ ដែល​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន Basel Institute មាន​មូលដ្ឋាន​នៅ ប្រទេស​ស្វ៊ីស ស្ដី​ពី​អភិបាល​កិច្ច​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា នៅ​បន្ទាប់​ពី ប្រទេស​អាហ្វហ្គានីស្ថាន និង ប្រទេស​អ៊ីរ៉ង់ ក្នុង​ចំណោម ១៦២ ប្រទេស​ដែល​រាប់​ចាប់​ពី​ប្រទេស​ងាយ​ទទួល​រង​គ្រោះ​ខ្លាំង​បំផុត​ដល់​ប្រទេស ​ងាយ​ទទួល​រង​គ្រោះ​តិច​បំផុត។
ដោយ​បាន​វាយតម្លៃ​ស្ដី​ពី​ទំហំ​ហានិភ័យ​ចាប់​ពី​លេខ ០ ដល់​លេខ ១០ ដែល​ប្រើ​ប្រាស់​ទិន្នន័យ​បាន​ពី​ប្រភព​ជាច្រើន​រួម​មាន ធនាគារ​ពិភពលោក និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ៨,៣៩។ ប្រទេស​ហ្វាំងឡង់ ត្រូវ​បាន​វាយ​តម្លៃ​ជា​ប្រទេស​មាន​ហានិភ័យ​តិច​បំផុត​ទទួល​បាន​ចំណាត់​ ថ្នាក់ ២,៥១។
ប្រទេស​កម្ពុជា មិន​បាន​កែលម្អ​ចំណាត់​ថ្នាក់ ទី៣ របស់​ខ្លួន​ទេ ចាប់​តាំង​ពី​សន្ទស្សន៍​នេះ​ត្រូវ​បង្កើត​ឡើង​កាល​ពី ឆ្នាំ​២០១២។
លោក ព្រាប កុល នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា វប្បធម៌​រក្សា​ការ​សម្ងាត់​ក្នុង​វិស័យ​ធនាគារ​រួម​បញ្ចូល​ទាំង​អំពើ​ពុក​ រលួយ​ដែល​កើត​មាន​ឡើង​ជា​ប្រចាំ​របស់​ប្រទេស​នេះ បាន​បង្កើត​ជា «ភាព​ងាយ​រងគ្រោះ» ដែល​បាន​ដាក់ ប្រទេស​កម្ពុជា ទៅ​រក​ការ​លាង​លុយ​កខ្វក់។
លោក​លើក​ឡើង​ថា៖ «ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​ដោយ​គ្មាន​ទំនុក​ចិត្ត​ដើម្បី​ត្រួត​ ពិនិត្យ​វិស័យ​ហិរញ្ញវត្ថុ​ប្រទេស​នេះ​នៅ​តែ​ខ្វះ​ក្រប​ខ័ណ្ឌ​ច្បាប់​គ្រប់​ គ្រាន់ និង​យន្តការ​សម្រាប់​គណនីភាព និង​តម្លាភាព»។
លោក​បន្ត​ថា៖ «កង្វះ​បទ​ប្បញ្ញត្តិ​នេះ អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​លាង​លុយ​កខ្វក់»។
លោក​បាន​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​យ៉ាង​រហ័ស​របស់​កម្ពុជា​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​ ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​បណ្ដាល​ឲ្យ​ប្រទេស​ នេះ​ងាយ​រង​គ្រោះ​កាន់​តែ​ខ្លាំង​ចំពោះ​បទ​ឧក្រិដ្ឋ​ហិរញ្ញវត្ថុ។
លោក​បន្ថែម​ថា៖ «ច្បាប់​ស្ដីពី​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ត្រូវ​ការ​ខ្លាំង​បំផុត ដោយ​សារ​តែ​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​មាន​លទ្ធភាព​និង​តាម​ដាន​ ព័ត៌មាន​ហិរញ្ញវត្ថុ»។
ប៉ុន្តែ​លោក Grant Knuckey អគ្គ​នាយក​ធនាគារ ANZ Royal បាន​ថ្លែង​ថា ទីតាំង​របស់​កម្ពុជា​នៅ​ក្នុង​សន្ទស្សន៍​នេះ​មិន​ត្រឹម​ត្រូវ​ទេ។
លោក​បន្ត​ថា៖ «នេះ​មិន​មែន​ជា​ការ​វាយ​តម្លៃ​ដោយ​យុត្តិធម៌​របស់​ឧស្សាហកម្ម​ធនាគារ​ ផ្ទាល់​ខ្លួន​នោះ​ទេ ដោយ​សារ​តែ​ក្រប​ខ័ណ្ឌ​ច្បាប់​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​ធនាគារ​ជាតិ​នៃ​ កម្ពុជា សម្រាប់​ការ​រាយ​ការណ៍​ប្រតិបត្តិការ​ដែល​មាន​ការ​សង្ស័យ និង​តួនាទី​របស់​អង្គភាព​ព័ត៌មាន​ចារកម្ម​ហិរញ្ញវត្ថុ (FIU) បាន​កែលម្អ​ការ​ត្រួត​ពិនិត្យ និង​កម្រិត​នៃ​ការ​ត្រួត​ពិនិត្យ​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​នៅ​ក្នុង​ វិស័យ​ធនាគារ»។
លោក​បាន​បន្ត​ទៀត​ថា លទ្ធផល​សន្ទស្សន៍​នេះ ហាក់​ពឹង​ផ្អែក​លើ​កត្តា​ជាច្រើន​ដែល​មិន​ជាក់​លាក់​ដូច​ជា អំពើ​ពុក​រលួយ និង​តម្លាភាព​ទូទៅ ដែល​មិន​អាច​ទទួល​បាន​ការ​កែ​លម្អ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ជា​ពិសេស​លើ​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់។
លោក​បន្ថែម​ថា ចំណែក​ខាង​ធនាគារ ANZ Royal វិញ​វា​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានា​ស្ដង់ដារ​ប្រឆាំង​ ការ​លាង​លុយ​កខ្វក់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គោល​ការណ៍​ច្បាប់។
លោក​ថ្លែង​តាម​អ៊ីមែល​ថា៖ «ការងារ​ទាំង​នេះ​ទាំង​អតិថិជន​នៅ​ក្នុង​ដំណាក់​កាល​កំពុង​ដំណើរការ និង​ទាំង​នៅ​ក្នុង​កម្រិត​ប្រតិបត្តិការ​បុគ្គល។ ភាព​សុចរិត​នៃ​ដំណើរការ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​តេស្ដ និង​ពិនិត្យ​បញ្ជី​ជា​ទៀង​ទាត់»។
ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍