នារីវ័យក្មេងដ៏អភ័ព្វ ត្រូវលោកប្តីហេងស៊យ ជាកម្មករសំណង់ វាយធ្វើបាបវេទនារាល់ថ្ងៃ
នារីវ័យក្មេងដែលត្រូវ ប្តីហេងស៊យវាយធ្វើបាប មានឈ្មោះ អ៊ន ចាន់ថេង អាយុ ២០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិចំការអណ្តូង ឃុំលេខ២ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកប្តីហេងស៊យ មានឈ្មោះ ខែន សុផល ហៅអាផ្លេស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ទាំង២នាក់ សព្វថ្ងៃស្នាក់នៅ បន្ទប់ផ្ទះជួលជាន់ទី៣ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នាងមានឪពុកម្តាយ រស់នៅជាត្រកូលអ្នកចំការ មានបងប្អូនចំនួន ៧នាក់ ប្រុស ៣នាក់ និងស្រី ៤នាក់ ហើយនាងជាកូនទី២ នាងបានរួមរស់ ជាមួយបុរសខាងលើ អស់រយៈពេលជាង ២ឆ្នាំ កន្លងមកហើយ មិនទាន់បានរៀបការនៅឡើយ បានត្រឹមភ្ជាប់ពាក្យតែប៉ុណ្ណោះ ដោយមានអាណាព្យាបាល ទាំងសងខាងក៏បានដឹងឮ ចេះតែរួមរស់ជាមួយគ្នា រហូតមកដល់ពេលនេះ តែពុំមានសេចក្តីសុខ និងសុភមង្គលប៉ុន្មានទេ ហើយក៏គ្មានកូនដែរ។
ដោយសារមានការគំរាមកំហែង ពីលោកប្តីហេងស៊យ ម្យ៉ាងខ្លាចលោកប្តី កាន់តែធ្វើបាប នាងចេះតែរួមរស់ទាំងវេទនា ដោយសារលោកប្តីធ្វើបាប ទាំងផ្លូវកាយទាំងផ្លូវចិត្ត។ លើកចុងក្រោយមិនដឹងថា ប្តីស្រវឹងពីណាមកទេ ចេះតែតាមរករឿង ធ្វើទុក្ខបុកម្នេញ ជេរស្តីដៀលត្មិះទាំងពូជ មិនតែប៉ុណ្ណោះ ថែមទាំងវាយដំច្រំធាក់ មកលើរូបនាងជាភរិយា មិនអស់ចិត្ត ថែមទាំងដុតសារ៉ុង២ ខោអាវចំនួន ៣កំប្លេ បង្កឲ្យភ័យខ្លាចដល់អ្នកជិតខាង ទើបនាងសម្រេចចិត្ត ប្តឹង សមត្ថកិច្ចឲ្យជួយ អន្តរាគមន៍តែម្តង៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ