អ្នកស្រី ឃួន ម៉ាលីន ស្រែកយំចោទ លោកហ៊ុន ប៊ុនធឿន ប្រធានក្រុមហ៊ុន សំបូររតនៈ រំលោភ យកដីគាត់
នៅមុខតុលាការក្រុងភ្នំពេញលោកស្រីឃួន ម៉ាលីន បានរៀបរាប់ថា កាលពីឆ្នាំ២០០០កន្លងទៅគាត់បានទិញដីទំហំ១៦១២៥ម៉ែត្រការ៉េពី ប្រជាពលរដ្ឋ២គ្រួសារនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនៅក្នុងពេលនោះស្រាប់តែលោក ហ៊ុន ប៊ុនធឿន បានដាក់គ្រឿងចក្រនិងរថយន្ដដឹកដីមួយចំនួនធ្វើសកម្មភាពជីកយក អាចម៍ដីពីដីរបស់គាត់ដែលទិញនោះ។ ក្នុងពេលនោះដែរគាត់ក៏បានដាក់ ពាក្យប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ជាន់ថ្នាក់ ពេលខ្លះអាជ្ញាធរក៏បានចុះហាមឃាត់ពេលខ្លះអាជ្ញាធរបែរជាធ្វើ មិនដឹងមិនឮជាហេតុធ្វើឲ្យក្រុមហ៊ុនសំបូររតនៈបន្ដសកម្មភាពជីកយក អាចម៍របស់គាត់ក្លាយជារណ្ដៅ ដីយ៉ាងជ្រៅ និងមានទំនាស់រហូតដល់បច្ចុប្បន្ននៅពុំទាន់មានការដោះស្រាយ ច្បាស់លាស់នៅឡើយទេ។
អ្នកស្រី ឃួន ម៉ាលីន សម្រក់ទឹកភ្នែកពោលទៀតថា កាលពីឆ្នាំ២០០០កន្លងទៅគាត់បានទិញដីទំហំ ១៦១២៥ម៉ែត្រការ៉េពី ប្រជាពលរដ្ឋ២គ្រួសារ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលដីនេះគាត់មានប័ណ្ណកម្មសិទ្ធគ្រប់គ្រាន់ ឥឡូវត្រូវតាលាងរំលោភយក និងជីកទៅជារណ្តៅខ្ទេចខ្ទីអស់ហើយ។ ដូច្នោះពេលនេះគាត់សល់តែទឹកភ្នែកលើកដៃប្រណមជូនលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ ដល់ក្រុមគ្រួសារអ្នកស្រីតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៥កញ្ញា លោកហ៊ុន ប៊ុនធឿន ហៅតាលាង ឈ្មួញរកស៊ីទិញ និងជីកដីលក់ ត្រូវបានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដោយរងនូវពាក្យបណ្តឹងរបស់លោកទូច គង្គា ចោទប្រកាន់ថាបានឆបោកប្រាក់ជាង១៨ម៉ឺនដុល្លារ។ ការចូលឆ្លើយបំភ្លឺលើបណ្តឹងលោកទូច គង្គា មិនទាន់រំលង១ថ្ងៃផងអ្នកស្រី ឃួន ម៉ាលីន ឱបឯកសារមួយសំពាយទៅយំ នៅមុខសាលាដំបូងប្រាប់អ្នកកាសែតថា លោកហ៊ុន ប៊ុនធឿន ហៅតាលាងរំលោភយកដីគាត់ ហើយពេលនេះគាត់ជាដើមបណ្តឹងចង់ជួបតាលាង ព្រោះឮថាតាលាងឡើងតុលាការ៕
លោក ហ៊ុន ប៊ុនធឿន ហៅតាលាង ឈ្មួញរកស៊ី និងជីកដីលក់
ប្រភពពី Free Press Magazine