អង្គការ​យល់​ពី​ កម្ពុជា​ផ្តល់​ឱកាស ​ឲ្យ​កូន​កំព្រា​រៀន​ ដល់​ថ្នាក់​ឧត្តម

9/08/2014 0 Comments A+ a-

20140908_04
ភ្នំពេញៈ អង្គការ​យល់​ពី​កម្ពុជា (Awareness Cambodian) បាន​សម្ពោធ​គម្រោង​អគារ​សិក្សា​ដ៏​ធំ​មួយ​ស្ថិត​នៅ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាល​ពី​ម្សិល​មិញ​ដើម្បី​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​កុមារ​កំព្រា​ដើម្បី​ ទទួល​បាន​ការ​សិក្សា​រហូត​ដល់​ថ្នាក់​បរិញ្ញាបត្រ។
អគារ​ថ្មី​ដែល​មាន​កម្ពស់ ៤ ជាន់​ត្រូវ​បាន​គេ​សាង​សង់​ឡើង​សម្រាប់​ជា​កន្លែង​ស្នាក់​នៅ​ដល់​សិស្សា​នុ​ សិស្ស​ដែល​គ្មាន​ឪពុក​ម្តាយ​ដើម្បី​មាន​ឱកាស​ទទួល​បាន​អាហា​រូបករណ៍​សិក្សា​ រហូត​ដល់​ថ្នាក់​បរិញ្ញាបត្រ​ដែល​ត្រូវ​បាន​គេ​ផ្តល់​ក្នុង​ជំនាញ​ដូច​ជា​ វិស្វករ​សេដ្ឋកិច្ច ស្ថាបត្យកម្ម​និង​ជំនួញ។
ក្នុង​នោះ​អង្គការ​មាន​គម្រោង​ទទួល​សិស្ស​ក្រីក្រ​មក​ពី​គ្រប់​បណ្តា​ ខេត្ត​ចំនួន ៨០ នាក់​ឲ្យ​ស្នាក់​នៅ​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​ដែល​បច្ចុប្បន្ន​ អង្គការ​ទទួល​បាន​សិស្ស​ក្រីក្រ​ចំនួន ២០ នាក់​ដែល​កំពុង​ស្នាក់​នៅ​អគារ​ថ្មី​នេះ។
លោក Gary Hewett OAM ជា​ម្ចាស់​មូលនិធិ​និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​យល់​ពី​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ពិត​សិស្សា​នុ​សិស្ស​ទាំង​អស់​នោះ​សុទ្ធ​តែ​ក្មេង​កំព្រា​ដែល​អង្គការ​ ទទួល​ចិញ្ចឹម​តាំង​ពី​ក្មេង​ហើយ​បន្ត​ការ​ចិញ្ចឹម​រហូត​ដល់​ធំ​ពេញ​វ័យ និង​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​ទៀត។
លោក​ថា៖ «អគារ​ស្នាក់​នៅ​របស់​អង្គការ​មិន​ត្រឹម​ទទួល​សិស្ស​ក្រីក្រ ៨០ នាក់​នោះ​ទេ ថែម​ទាំង​នឹង​ទទួល​សិស្ស​រាប់​រយ​នាក់​នៅ​ពេល​អនាគត​ដើម្បី​ពាំនាំ​សេចក្តី​ សង្ឃឹម​ដល់​ពួក​គេ​សារ​ជា​ថ្មី​បន្ទាប់​ពី​ពួក​គេ​អស់​សង្ឃឹម​រួច​ជា​ស្រេច​ ហើយ​ក្នុង​ការ​គ្មាន​ឪពុក​ម្តាយ និង​ក្រីក្រ»។
លោក នឹម ថូត រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា បាន​ថ្លែង​ថា បច្ចុប្បន្ន​មាន​មណ្ឌល​ទាំង​រដ្ឋ និង​អង្គការ​ចំនួន​ជាង ២០០ ក្នុង​នោះ​មាន​ជាង ២២ មណ្ឌល​ជា​របស់​រដ្ឋ​ដែល​កំពុង​ទទួល​កុមារ និង​យុវជន​ចំនួន​ជាង ២០០០ នាក់​រីឯ​មណ្ឌល​អង្គការ​កំពុង​ទទួល​ស្នាក់​នៅ និង​បណ្តុះ​ក្មេង និង​យុវជន​កំព្រា​ចំនួន​ជាង ៨០០០ នាក់។
លោក​ថា មិន​ងាយ​មាន​អង្គការ​ណា​ផ្តោត​ទៅ​លើ​ការ​ផ្គត់​ផ្គង់​សិស្ស​ដោយ​ផ្តល់​ អាហារូបករណ៍​សិក្សា​នៅ​សាកល​វិទ្យាល័យ​នោះ​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន ហើយ​ថែម​ទាំង​ផ្តល់​កន្លែង​ស្នាក់ និង​ហូប​ចុក។
លោក​ថា៖ «ចឹង​នេះ​ជា​ឱកាស​ដល់​ប្អូនៗ​ហើយ ត្រូវ​ខំ​សិក្សា​ក្នុង​ថ្នាក់​ឧត្តម​នេះ​ដើម្បី​ទទួល​បាន​អនាគត​ភ្លឺ​ស្វាង​ ទោះ​បី​ក្មួយៗ​ជា​ក្មេង​រង​គ្រោះ​កំព្រា និង​ក្រីក្រ​ក៏​ដោយ»។
និស្សិត​ឈ្មោះ ជា នីតា អាយុ ១៩​ឆ្នាំ មក​ពី ខេត្ត​ត្បូង​ឃ្មុំ និយាយ​ថា កញ្ញា​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​និង​ក្រី​ក្រ​ទើប​ត្រូវ​បាន​អង្គការ​ ជ្រើស​រើស​ផ្តល់​អាហា​រូបករណ៍​សិក្សា​មុខ​វិជ្ជា​ពេទ្យ ហើយ​ត្រូវ​បង់​សាលា ១៧០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ផ្តល់​ការ​ស្នាក់​នៅ និង​ហូប​ចុក។
និស្សិត​រូប​នោះ​ថា៖ «មួយ​ឆ្នាំ​បង់​ថ្លៃ​សិក្សា ១៧០០ ដុល្លារ​មិន​តិច​នោះ​ទេ​តែ​អង្គការ​ជួយ​ផ្គត់​ផ្គង់​ក្នុង​ការ​ផ្តល់​ សេចក្តី​សង្ឃឹម​ដល់​ខ្ញុំ»។
យុវ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ អ៊ុល សុខហួរ អាយុ ២២​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ឪពុក​ម្តាយ​ខ្លួន​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​ទើប​រូប​គេ​គ្មាន​លទ្ធភាព​ សិក្សា​ដល់​ថ្នាក់​ឧត្តម​តែ​លក្ខខណ្ឌ​ក្មេង​កំព្រា និង​ឪពុក​ម្តាយ​ស្លាប់​ទើប​អង្គការ​ជ្រើស​រើស​ផ្តល់​អាហារូបករណ៍។
យុវសិស្ស​រូប​នោះ​និយាយ​ថា៖ «នេះ​ជា​សំណាង​ដ៏​ធំ​មួយ​របស់​ខ្ញុំ​ដែល​មាន​ឱកាស​បន្ត​ការ​សិក្សា​ថ្នាក់​ សាកល​វិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម»៕