សុភ័ណ្ឌ ឡា​រី ប្រកាស​ផ្ដល់​ចំណូល ​៥០%​ពី​អាមេរិក​ដល់ ​ជន​ក្រីក្រ​កម្ពុជា​​

9/27/2014 0 Comments A+ a-

unnamed--1--2014-09-27ការប្រកាស ​ផ្ដល់​ចំណូល​៥០​ភាគរយ​ពី​ការសម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ដល់​ជន​ក្រីក្រ​នៅ​ កម្ពុជា​របស់​តារា​សម្ដែង​សុភ័ណ្ឌ ឡា​រី  កំពុង​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​កាន់តែខ្លាំង​។ នោះ​គឺ​បន្ទាប់​ពី​តួលេខ​ប្រាក់​ចំណូល​ដែល​លោករ​ក​បាន​មាន​ចំនួន​ខ្ពស់​ ត្រឹមតែ​បាន​សម្ដែង​៥​លើក​។ 
​ពី​សហរដ្ឋអាមេរិក លោក សុភ័ណ្ឌ ឡា​រី ដែល​គាំទ្រ​គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ និយាយថា ចំណូល​ដែល​លោករ​ក​បាន​កើន​ដល់​៦៣៥០​ដុល្លារ​ហើយ ដោយ​នៅ​មិនទាន់​រាប់បញ្ចូល​ថវិកា​ដែល​គ្រោង​ទទួល​បាន​ពី​ការសម្ដែង​នៅ​យប់​ ថ្ងៃ​សុក្រ​ទី​២៦ និង​យប់​ថ្ងៃ​សៅរ៍​ទី​២៧​ខែ​កញ្ញា ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​កម្ពុជា​នេះ​ផង​។ លោក​បន្ត​ថា​សូម្បី​តែ​ប្រាក់​ចំណូល​ដែល​បងប្អូន​ខ្មែរ​សន្យា​ផ្ដល់ឲ្យ ហើយ​មិន​ទាន់​បាន​ធ្លាក់​ដល់ដៃ ក៏​លោក​មិន​បាន​រាប់បញ្ចូល​សម្រាប់​តួលេខ​ខាងលើ​នោះដែរ​។
​លោក​ឲ្យដឹង​ទៀត​ថា​លោក​សម្ដែង​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​លោក​អាច​ ទទួល​ប្រាក់​រហូតដល់​ជាង​៦​ពាន់​ដុល្លារ ត្រឹមតែ​សម្ដែង​បាន​៥​លើក ក្នុងចំណោម​១៨​លើក​ដែល​មាន​នៅក្នុង​គម្រោង​។ លោក​រំពឹង​ថា​ប្រាក់​ចំណូល​នឹង​ឡើង​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​មិន​ពិបាក​នោះទេ ដើម្បី​ឲ្យប្រាក់​៥០​ភាគរយ​ដែល​គ្រោង​ចែកចាយ​សម្រាប់​ប្រើ​ក្នុង​មធ្យោបាយ​ សប្បុរស​មានកា​ន់​តែ​ច្រើន​។​លោក​ថ្លែង​បញ្ជាក់​តប​នឹង​ការ​ចោទសួរ​នៅលើ​ Facebook​ ថា​«​បើ​ចំណូល​ដែល​ខ្ញុំ​រកបាន​ពី​ការសម្ដែង​សរុប​ឈានដល់​ ច្រើន​ម៉ឺន​ដុល្លារ ៥០%​ដែល​កាត់​ឲ្យ​ពិត​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​អត់​ប្ដូរ​ជំហរ​ក្រឡាស់​ពាក្យសម្ដី ឬ​កេង​បន្លំ​តួលេខ​នោះទេ គឺ​ខ្ញុំ​នឹង​ធ្វើឲ្យ​មាន​តម្លាភាព​សម្រាប់​ចំណូល​សរុប ទោះ​ជា​ខ្ញុំ​ត្រូវ​ទិញ​អ្វី ឬ​ប្រើការ​អ្វី​ផ្ទាល់ខ្លួន ក៏​មិន​លូកលាន់​នឹង​ចំណែក​៥០%​ដែល​ខ្ញុំ​ប្រកាស​ផ្ដល់​ឲ្យ​នោះ​ដែរ​!»​។
​លោក សុភ័ណ្ឌ ឡា​រី បញ្ជាក់ថា​លោក​មាន​តែ​កត់ត្រា​ឈ្មោះ និង​ចំនួន​ទឹកប្រាក់​ដែល​បងប្អូន​ផ្ដល់ជូន​ទៀតផង ព្រម​ជាមួយ​ការប្រកាស​តួលេខ​កើនឡើង​គ្រប់ពេលវេលា ក្នុងពេល​ដែល​ឡើង​សម្ដែង​ម្ដងៗ​។  ក្នុង​នោះ​សូម្បី​តែ​ប្រព័ន្ធ​Facebook ក៏​ក្លាយជា​បង្ហោះ​វីដេអូ​ឃ្លីប និង​បង្ហាញ​តួលេខ ដើម្បី​ឲ្យមាន​តុល្យភាព​ជាក់លាក់​សម្រា​ប់​ចំណូល​ខ្លួន​នោះ​ផង​ដែរ​។ លោក​បន្ត​ថា​ថវិកា​មួយចំនួន​លោក​បាន​បញ្ចូល​ទៅកាន់​គណនេយ្យ​ធនាគារ​ជា​ បណ្ដើរៗ​រួចហើយ ដើម្បី​ការពារ​ឲ្យមាន​សុវត្ថិភាព និង​កុំឲ្យ​កើត​មាន​បញ្ហា​ជា​យកថា​ហេតុ​។

​លោក សុភ័ណ្ឌ ឡា​រី ថតរូបជាមួយ​តារាចម្រៀង និង​បងប្អូន​ខ្មែរ​នៅ​អាមេរិក (រូបថតពីហ្វេសប៊ុក)
​លោក​និយាយថា​«​ទម្រាំ​គ្រប់​១៨​លើក  ខ្ញុំ​ជឿថា​ចំណូល​នឹង​ច្រើន ហើយ​ទោះ​ជា​ថវិកា​នោះ​ជា​ចំណូល​ដែល​បងប្អូន​ខ្មែរ​គាត់​ឲ្យ​ខ្ញុំក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ប្រគល់​ចំណូល​សរុប​៥០%  ឲ្យ​ជន​ក្រីក្រ​ក្រោយ​ពេល​ទៅដល់​ស្រុក​ដដែល និយាយ​រួម​ទោះជា​ចំណូល​នោះ​១​ដុល្លារ ឬ​២​ដុល្លារ ក៏​ត្រូវ​ដក​៥០%​ចូល​ក្នុង​មូលនិធិ​ហ្នឹង​ដែរ ខ្ញុំ​មិន​ក្បត់​ជំហរ​ខ្លួនឯង​ទេ​!»​
​លោក សុភ័ណ្ឌ ឡា​រី បន្ត​ថា​ជន​ក្រីក្រ​ដែល​លោក​គ្រោង​ជួយ​មិន​សំដៅលើ​និន្នាការ​គណបក្ស​នោះទេ ប៉ុន្តែ​យោងតាម​បទពិសោធន៍​កន្លងមក គឺ​លោក​ច្រើន​ផ្ដោតទៅលើ​ជនទីទ័លក្រ​ជា​ចាស់ជរា ក្រុមអ្នកតវ៉ា​ដែល​រង​គ្រោះថ្នាក់​ហើយ​គ្មាន​លទ្ធភាព​ព្យាបាល​ខ្លួន តារា​សិល្បៈ​ដែល​មាន​ជំងឺ និង​ជន​ឥត​ទីពឹង​មួយចំនួន​។  លោក​គ្រោង​យក​ថវិកា​៥០%​ដែល​បាន​ពី​ចំណូល​សរុប ទិញ​ជា​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ដោយ​សន្យា​ចាយវាយ​ថវិកា​ទាំងនោះ ឲ្យមាន​តម្លាភាព ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ ដែល​ខំ​លះបង់​ប្រាក់​កាស​ឲ្យ​លោក​សប្បាយចិត្ត ក្នុង​គម្រោង​សប្បុរសធម៌​ទាំងនោះ​។
​លោក​ សុភ័ណ្ឌ ឡា​រី អះអាង​ថា​ការស្វាគមន៍​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​កាន់តែ​ មាន​ចំនួន​ច្រើនឡើង បើទោះជា​លោក​ទើបតែ​ចេញ​សម្ដែង​ជា​លើក​ទី​១ ហើយ​ខ្លួន​មិនមែន​ជា​តារា​សិល្បៈ​ដែល​ល្បី​លំដាប់​ជួរមុខ នៅក្នុង​ស្រុក​។ ការគាំទ្រ​នោះ​ត្រូវ​គេ​មើលឃើញ​ថា កើតចេញ​ពី​ឥទ្ធិពល​ដែល​លោក​សម្រេចចិត្ត​គាំទ្រ​គណបក្ស​ប្រឆាំង​(​គណបក្ស​ សង្គ្រោះ​ជាតិ​) ដោយ​មិន​ស្ដាយ​ការបាត់បង់​ឱកាស​សម្ដែង​នៅក្នុង​ប្រទេស​។ ការប្រកាស​កាត់​ចំណូល​៥០%​របស់លោក គឺជា​រឿង​ដ៏​កម្រ​សម្រាប់​តារា​សិល្បៈ​ខ្មែរ ដែល​បាន​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស​។
​លោក​សុភ័ណ្ឌ ឡា​រី បាន​ធ្វើដំណើរ​ចេញពី​ដី​កំណើត​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា​។​លោក​នឹង​សម្តែង​នៅ​ទីនោះ​រយៈពេល​២​ខែ ក្នុងពេល​ដែល​ការងារ​សិល្បៈ​ក្នុង​ស្រុក ទាំង​ការសម្ដែង​រឿង ការឡើង​ច្រៀង​លើ​ឆាក​ទូរទស្សន៍ ការថត​ស្ពតពាណិជ្ជកម្ម និង សកម្មភាព​ចេញ​មុន​ក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​ក្នុង​ស្រុក​ទាំងអស់ ត្រូវបាន​រើសអើង​។ ការចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សមាគម​ខ្មែរ និង​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​៕
ប្រភពពី vodhotnews.com