សុវត្ថិភាព​ចំណី អាហារ​នៅ​កម្ពុជា

9/27/2014 0 Comments A+ a-

20140927_06-07aសុខភាព ​ប្រជាជន​ទាំង​កម្លាំងកាយ និង​ប្រាជ្ញា​គឺជា​កត្តា​អាទិភា​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ។ ដូច្នេះ​ការ​ជ្រើសរើស​អាហារ​ដែល​មាន​សុវត្ថិភាព​មក​បរិភោគ​គឺជា​បញ្ហា​ សំខាន់។ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​នៅ​មាន​កម្រិត ប្រជាជន​មួយ​ចំនួន មិន​អាច​មាន​លទ្ធភាព​រក​អាហារ​ដែល​មាន​គុណភាព​មក​បរិភោគ​បាន​ទេ ជាពិសេស​ពិសេស​សម្រាប់​កម្មករ​ដូចជា​យុវជន សន ចាន់រី ជាដើម។
ចាន់រី សព្វថ្ងៃ​ជា​បុគ្គលិក​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​រោងចក្រ​មួយ​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​បី។ សម្រាប់​សុវត្ថិភាព​ក្នុង​រោងចក្រ ចាន់រី ប្រហែល​ជា​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​សម្រាប់​សុវត្ថិភាព​ចំណី​អាហារ​ដែល​គាត់​កំពុង​តែ​បរិភោគ​វិញ​នោះ ចាន់រី ប្រហែល​ជា​មិន​អាច​មើល​ដឹង​បាន​ឡើយ​។
ដូចជា​កម្មករ​ក្នុង​រោងចក្រ​ដទៃ​ទៀត​ដែរ អាហារ​ដែល​លោក​បរិភោគ​ប្រចាំ​ថ្ងៃ​គឺ​មាន​បាយ និង​សាច់ជ្រូក​ចៀន​ផ្ទាប់​នឹង​ជ្រក់​ត្រសក់ ដែល​លោក​ចំណាយ​តែ ១៥០០ រៀល​ប៉ុណ្ណោះ សម្រាប់​អាហារ​ថ្ងៃត្រង់​មួយ​ពេល​នេះ។ ជាទូទៅ ដោយសារ​តែ​បញ្ហា​ជីវភាព អាហារ​ដែល​ពេញនិយម​សម្រាប់​បងប្អូន​កម្មករ មាន​ដូចជា ប្រហិត​ចៀន ស្លាបមាន់​អាំង លៀសហាល ឬ​បុកល្ហុង និង​ម្ជូរ​ជាដើម ដែល​ភាគច្រើន​អាហារ​ទាំងនោះ​ត្រូវ​បាន​គេ​លក់​តាម​ដងផ្លូវ​នានា និង​តាម​រោងចក្រ​។
តើ​អាហារ​ដែល​លក់​តាម​ដងផ្លូវ​មាន​សុវត្ថិភាព​ដែរ ឬ​ទេ?
បើ​តាម​សម្តី​របស់​លោក ឌីម ថេង ប្រធាន​មន្ទីរ​ពិសោធន៍​កាំកុងត្រូល ចំណីអាហារ​ដែល​លក់​តាម​ផ្លូវ​នានា វា​ពិតជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះ​វា​គ្មាន​អនាម័យ​គ្រប់គ្រាន់។ លោក​បន្ត​ថា នេះ​គឺជា​បញ្ហា​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​ដែល​នៅ​មាន​ចំនួន​ច្រើន។
លោក​ពោល​ដូច្នេះ​ថា​៖ «នេះ​មិនមែន​ជា​កំហុស​នរណា​ម្នាក់​នោះ​ទេ តែ​យើង​ត្រូវ​ទទួល​ខុសត្រូវ​ទាំងអស់​គ្នា»​។
ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ចំណីអាហា​នេះ​ផង​ដែរ ប្រភព​ជាច្រើន​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​តែងតែ​រាយការណ៍​ថា ចំណីអាហារ​ដែល​គេ​ទិញ​មក​ពិសា​ត្រូវ​បាន​ចាក់​បញ្ចូល​សារធាតុគីមី ឬ​មាន​ផ្សំ​សារធាតុ​ដែល​​អាច​ប៉ះពាល់​ដល់​សុខភាព។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​ពី​ផ្លែប៉ោម​ រលួយ​ក្នុង ដែល​នាង​អះអាង​ថា បាន​ទិញ​ពី​ផ្សារ​ធំថ្មី។
ចំណែកឯ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ទៀត​ក៏​បាន​បង្ហោះ​ផ្លែ​ ធូរេន​ដែល​រលួយ​ខាង​ក្នុង ខណៈ​ដែល​សម្បក​ខាង​ក្រៅ​នៅ​ស្រស់​ធម្មតា ហើយ​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្នាម​ម្ជុល​ដែល​ចាក់​ចូល​ក្នុង​ក្លែប​នីមួយៗ​នៃ ​ផ្លែ​ទុរេន​ទាំងនោះ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​បង្ហាញ​នំ​ចំណី​ផ្សេងៗ និង​មីកញ្ចប់​នាំ​ចូល​ពី​បរទេស អាច​ដុត​ឆេះ មាន​ក្លិន​ឈ្ងៀម​ដូច​ជ័រ ដែល​ត្រូវ​គេ​ដុត​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​លេចឮ​ទឹក​ស៊ុប​ខូច​សុខភាព​នាំ​ចូល​ពី​បរទេស​ថែម​ ទៀត។
តើ​ទាំងអស់​នេះ​ជា​ការពិត​ដែរ​ឬ​ទេ?
តាម​ការ​បញ្ជាក់​របស់ លោក ឌីម ថេង ប្រធាន​មន្ទីរ​ពិសោធន៍​កាំកុងត្រូល ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​ពី​ទឹកស៊ុប​ខូច​គុណភាព នាំ​ចូល​ពី​ប្រទេស​វៀតណាម​គឺ​មិន​ពិត​ទេ ព្រោះ​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ផ្តល់​រង្វាន់​ថែម​ទៀត​សម្រាប់​ការ​រាយការណ៍​ពី​ការ​នាំចូល​ទឹកស៊ុប​ខូច ​គុណភាព តែ​មិន​មាន​រឿង​បែប​នោះ​ឡើយ។ លោក​ពោល​ដូច្នេះ​ថា៖ «ផលិតផល​ដែល​មិន​ស្រប​តាម​លក្ខណៈ​ស្តង់ដារ​កំណត់​ដូចជា សាច់ បន្លែ ឬ​អាហារ​ប្រភេទ​វេចខ្ចប់ ក្រុម​ការងារ​កាំកុងត្រូល​និង​គយ​មិន​រំលង​ឡើយ​»​។
បើ​តាម​លោក ឌីម ថេង ក្រុម​ការងារ​កាំកុងត្រូល សហការ​ជាមួយ​មន្រ្តី​គយ​តាម​ច្រកព្រំដែន តែង​ត្រួតពិនិត្យ​មុខ​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស និង​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ​តាម​កម្មវិធី​ដែល​ខ្លួន​បាន​រៀបចំ។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក ប្រធាន​មន្ទីរពិសោធន៍​កាំកុងត្រូល ក៏​ទទួល​ស្គាល់​ដែរ​ថា ការត្រួតពិនិត្យ នៅ​មាន​ចន្លោះ​ប្រហោង ព្រោះ​មាន​ឈ្មួញ​លួចលាក់​ដឹកជញ្ជូន​ខុសច្បាប់​តាម​ច្រក​របៀង​មួយ​ចំនួន​ដែល​ ក្រុម​ការងារ​កាំកុងត្រូល​មិន​ទាន់​រកឃើញ។
លោក​រៀបរាប់​ដូច្នេះ​ថា៖ «ក្រុម​ការងារ​ធ្លាប់​បាន​ដុត​កម្ទេចចោល​ផលិតផល​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ថៃដូចជា ស្លាបមាន់ ជើងមាន់​ជាដើម​ដែល​មិន​គ្រប់​លក្ខណៈ​ស្តង់ដារ​គុណភាព ឬ​ការ​វេចខ្ចប់​មិន​ត្រឹមត្រូវ​ខ្វះ​អនាម័យ និង​ហួស​កាលបរិច្ឆេទ។ ចំពោះ​ផលិតផល​ខូច​គុណភាព​ភាគច្រើន​គឺ​សុទ្ធតែ​លួច​នាំ​ចូល​មក​ខុស​ច្បាប់»។
ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ លោក ឡេង វីរៈ ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា បាន​ឲ្យ​ថ្លែង​ថា ចំណីអាហារ​ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​ត្រឹមត្រូវ​មុន​នឹង​ធ្វើការ​បរភោគ នឹង​នាំឲ្យ​មាន​ផលវិបាក។ លោក ពន្យល់​ថា ចំណីអាហារ​ដែល​ផ្ទុក​សារធាតុ​គីមី បើ​ខ្លាំង​វា​នឹង​ស្តែង​ចេញ​ពី​ផលវិបាក​ភ្លាមៗ​ដូចជា​រាករូស ឬ​បញ្ហា​ពុល​អាហារ​ជាដើម តែ​បើ​ខ្សោយ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នា​ពេល​៥ ទៅ​១៥​ឆ្នាំ​ក្រោយ ដូចជា​ធ្វើឲ្យ​ក្មេងៗ​ក្រិន កូន​កើត​មក​មិន​គ្រប់​លក្ខណៈ ឬ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​មហារីក​ជាដើម។
ថ្មីៗ​នេះ​មាន​ក្រុម​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ គីមីវិទ្យា ក្រោម​ជំនួយ​ពី​ធនាគារ​ពិភពលោក​បាន​ធ្វើការ​ស្រាវជ្រាវ​មួយ​ទៅលើ​អយស្ទ័រ​ ដែល​ប្រជាជន​យើង​ចូលចិត្ត​បរិភោគ​ឆៅៗ។ ក្រុម​និស្សិត បាន​យក​អយស្ទ័រ​ពី​ប្រភព​ផ្សេង​គ្នា​យក​មក​ធ្វើ​ពិសោធ រួម​មាន​អយស្ទ័រ​ពី​សមុទ្រ​ពី​ផ្សារ និង​ពី​ភោជនីយដ្ឋាន។ និស្សិត​ស្រាវជ្រាវ​មួយ​ក្រុម​នេះ​ដែល​មាន កញ្ញា​សឿ សូនីតា កញ្ញា​ផន សុខឃាន់ និង​កញ្ញា​ឃាង ច័ន្ទថាវី បាន​ពិសោធ​រកឃើញ​បាក់តេរី « Vibrio parahaemolyticus » នៅក្នុង​អយស្ទ័រ ដែល​ជា​ចំណីអាហារ​ពេញនិយម​មួយ​បែប​នា​ពេល​បច្ចុប្បន្ន។
បើ​តាម កញ្ញា​ផន សុខឃាន់ សមាជិក​ម្នាក់​នៃ​ក្រុម​ស្រាវជ្រាវ បាក់តេរី​ប្រភេទ​នេះ​ត្រូវ​បាន​រកឃើញ​ជាយូរ​មក​ហើយ​នៅ​ប្រទេស ជឿនលឿន​មួយ​ចំនួន​ដូចជា​សហរដ្ឋអាមេរិក​ជាដើម ក៏​ប៉ុន្តែ​បញ្ហា​នេះ​មិន​ត្រូវ​គេ​ដឹងឮ​ប៉ុន្មាន​ទេ​នៅ​ស្រុក​ខ្មែរ ពិសេស​ប្រជាពលរដ្ឋ​ទូទៅ។ ហេតុនេះ​ប្រជាជន​នាំ​គ្នា​ញ៉ាំអាហារ​នេះ​ដោយ​មិន​សូវ​បាន​ខ្វាយខ្វល់​ការពារ ​បាក់តេរី​អ្វី​នោះ​ទេ។
សុខឃាន់ បាន​ឲ្យ​ដឹង​ថា ផលប៉ះពាល់​របស់​បាក់តេរី​នេះ​គឺ​អាច​បណ្ដាល​ឲ្យ​រាករូស ក្អួតចង្អោរ ឬ​រក​កល​ចង់​ក្អួត មាន​អាការក្ដៅ រងា​ជាដើម។
បើ​ទោះបី​ជា​អាហារ​ប្រភេទ​នេះ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ដោយ​ផ្ទាល់​ ក៏ដោយ​ចុះ តែ​ប្រជាពលរដ្ឋ​ក៏​គួរ​យល់ដឹង​ពី​បញ្ហា​សុវត្ថិភាព​របស់​ចំណី​អាហារ​មួយ​ ចំនួន​ដែរ។ កញ្ញា សុខឃាន់ បាន​ផ្តល់​ជា​យោបល់​ថា ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​បាក់តេរី​នេះ​គឺ​ត្រូវ​ញ៉ាំ​អយស្ទ័រ​ក៏​ដូចជា​ អាហារ​សមុទ្រ​ដទៃ​ទៀត ដោយ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ទើប​អាច​រម្ងាប់​មេរោគ​មួយ​នេះ​បាន។
លោក ឡេង វីរៈ បាន​លើក​ឡើង​បន្ត​ទៀត​ថា ការ​អនុវត្ត​ច្បាប់ និង​ការ​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ​លើ​គុណភាព​ចំណីអាហារ​នាំ​ចូល​ហាក់ មិន​សកម្ម​នៅ​ឡើយ។ បើ​ទោះបី​ជា​គ្មាន​ទិន្ន័យ និង​ការ​ស្រាវជ្រាវ​ណា​មួយ​ធ្វើ​ឡើង​ឲ្យ​ច្បាស់លាស់​លើ​ចំណីអាហារ​ទូទៅ​ ក៏ដោយ លោក ឡេង វីរៈ អនុប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​យល់​ឃើញ​ថា ភ័ស្តុតាង​មួយ​ចំនួន​ដែល​ឃើញ​ស្រាប់​តាមរយៈ​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ អាច​បង្ហាញ​ឲ្យ​ដឹង​ថា អាហារ​ហូបចុក​ក្នុង​ប្រទេស​កម្ពុជា​យើង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គេ​ដាក់​ សារធាតុ​គីមី ហើយ​ចែកចាយ​លក់​ពេញ​ទីផ្សារ​ក្នុង​ប្រទេស ហើយ​អ្នក​ដែល​រងឥទ្ធិពល​ខ្លាំង​បំផុត​នោះ​គឺ​ប្រជាជន​ខ្មែរ​ដែលក្រីក្រ​ខ្វះ ​លទ្ធភាព ពិសេស​គឺ​កុមារ​តូចៗ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ធនធាន​មនុស្ស​ក្នុង​ប្រទេស​ធ្លាក់​ចុះ។
លោក​ពោល​ដូច្នេះ​ថា៖ «បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​ជាង​នេះ​ក្នុង​ការ​ ត្រួតពិនិត្យ​ចំណី​អាហារ និង​ផ្លែឈើ​នាំ​ចូល​ទេ កម្ពុជា​អាច​នឹង​ប្រឈម​នឹង​យុទ្ធសាស្រ្ត​សម្លាប់​មនុស្ស​រយៈពេល​វែង»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍