គណៈកម្មការទី១រដ្ឋ សភាចុះជួបពលរដ្ឋ មានជម្លោះដីជាមួយ ក្រុមហ៊ុនខេឌីស៊ីនៅកំពង់ឆ្នាំង
នៅក្នុងសាលប្រជុំសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានពលរដ្ឋចំនួន ១៤គ្រួសារ ក្នុងចំណោម ៤៣គ្រួសារ បានអះអាងនៅចំពោះមុខក្រុមការងារគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ថាខ្លួនពិតជាមានដីនៅលើទីតាំងកំពុងមានជម្លោះនោះ ហើយធ្លាប់ប្ដឹងទៅអាជ្ញាធរស្រុកឲ្យជួយដោះស្រាយដែរ កាលពីអំឡុងខែមេសា ឆ្នាំ២០០៦។
បើទោះបីជាមានការអះអាងបែបនេះ ភាគីក្រុមហ៊ុន អាជ្ញាធរ និងលោកស្រី ឡោក ខេង បានបង្ហាញពីភាពមិនប្រក្រតីលើលិខិតអះអាងកាន់កាប់ដីរបស់ពលរដ្ឋមួយចំនួន ក្នុងចំណោម ៤៣គ្រួសារ គឺអ្នកខ្លះមានអាយុ ២ឆ្នាំ និងខ្លះមិនទាន់ទាំងកើតផង បើគិតពីអាយុរបស់ពលរដ្ឋដែលតវ៉ា និងអះអាងថា ខ្លួនបានកាន់កាប់ដីតាំងពីឆ្នាំ១៩៨២ មកនោះ។
លោកស្រី ឡោក ខេង ថ្លែងបញ្ជាក់ថា គណៈកម្មការមានដំណាក់កាលជាច្រើនទៀតក្នុងការស្វែងរកការពិតជុំវិញបញ្ហានេះ៖ «ខ្ញុំមើលទៅឈ្មោះ ហុង ដារ៉ូ មានលិខិតបញ្ជាក់ ហើយនិងលិខិតធានាអះអាង គឺមានឈ្មោះ គុជ បៀន បានផ្ដិតមេដៃព្រំ ហើយលិខិតនេះធ្វើនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ហើយសារលិខិតរបស់ ភឹម និមល ត្រូវជាកូនហ្នឹង ថាឪពុករបស់ខ្លួនបានស្លាប់កាលពីឆ្នាំ២០១១ តែហេតុអ្វីបានជា ហុង ដារ៉ូ មានមេដៃរបស់ គុជ បៀន នេះក៏ជាបញ្ហាមួយដែរ»។
ត្រង់ចំណុចនេះមានពលរដ្ឋខ្លះឆ្លើយតបថា ជីដូនជីតា និងឪពុកម្ដាយរបស់ខ្លួន បានកាន់កាប់លើដីនោះតាំងពីអំឡុងឆ្នាំ១៩៨២ មកមែន ហើយខ្លួនបានកាន់កាប់បន្ត និងមិនដែលបានលក់ដីនេះទៅឲ្យក្រុមហ៊ុនឡើយ។ ពួកគេស្នើឲ្យគណៈកម្មការទី១នៃរដ្ឋសភារកឲ្យឃើញថា តើក្រុមហ៊ុនបានដីមកពីណា ហើយនរណាជាអ្នកលក់ដីទាំងនោះឲ្យទៅក្រុមហ៊ុនពិតប្រាកដ?
អតីតមេភូមិបឹងកក់ និងជាពលរដ្ឋតវ៉ាម្នាក់ក្នុងចំណោម ៤៣គ្រួសារ លោក ហៀក គឹមហួត មានប្រសាសន៍ថា ពលរដ្ឋទាំងអស់ធ្លាប់ប្ដឹងទាមទារដីរបស់ខ្លួនពីក្រុមហ៊ុន កាលពីឆ្នាំ២០០៦ ប៉ុន្តែដោយមានការគំរាមកំហែង និងឃើញតុលាការចេញដីកាចាប់ខ្លួនអ្នកភូមិឡពាង ដាក់គុកជាបន្តបន្ទាប់នៅឆ្នាំ២០០៧ ទើបពលរដ្ឋរអា និងផ្អាកការទាមទាររបស់ខ្លួនតាំងពីពេលនោះមក។
តំណាងភាគីក្រុមហ៊ុន លោកស្រី ជា ខេង មិនទាន់អាចបញ្ជាក់បានថា នឹងត្រូវដោះស្រាយយ៉ាងណាចំពោះពលរដ្ឋទាំង ៤៣គ្រួសារ ដែលទើបតវ៉ាឡើងវិញនេះទេ។ ប៉ុន្តែសមាជិកគណៈកម្មការទី១នៃរដ្ឋសភាអះអាងថា ខ្លួននឹងជួយសម្របសម្រួលឲ្យមានការដោះស្រាយគ្រប់គ្រួសារ បន្ទាប់ពីស្វែងរកការពិត ហើយបច្ចុប្បន្នគណៈកម្មការកំពុងស្នើឲ្យពលរដ្ឋ និងមន្ត្រីសមាគមអាដហុក (adhoc) ផ្ទៀងផ្ទាត់លម្អិតឡើងវិញនូវបញ្ជីឈ្មោះពលរដ្ឋទាំង ៤៣គ្រួសារនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា លោកបានទទួលយកការស្នើសុំរបស់សមាជិកគណៈកម្មការ និងកំពុងធ្វើការផ្ទៀងផ្ទាត់ប្រមូលព័ត៌មានជាមួយតំណាងពលរដ្ឋ និងអតីតមេភូមិបឹងកក់ ហើយនឹងអាចបញ្ចប់នៅថ្ងៃទី២៨ ខែកញ្ញា។ លោកនៅតែគាំទ្រឲ្យមានគណៈកម្មការមួយ ចុះស៊ើបអង្កេតរកការពិតនៅលើទីតាំងដីមានទំនាស់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ភាគីទាំងសងខាង គឺភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ។
បន្ទាប់ពីជជែក និងប្រមូលព័ត៌មាននៅសាលាស្រុកកំពង់ត្រឡាច ក្រុមការងារគណៈកម្មការទី១នៃរដ្ឋសភា បានចូលពិនិត្យមើលដីក្នុងបរិវេណដែលក្រុមហ៊ុនព័ទ្ធរបង ប៉ុន្តែដោយផ្លូវលំបាកធ្វើដំណើរចូលទៅដល់ដីស្រែ និងចម្ការដែលក្រុមអ្នកភូមិចង្អុលបង្ហាញថាជាដីរបស់ពួកគាត់នោះ គឺក្រុមការងារនៃគណៈកម្មការ មិនទាន់បានចូលទៅដល់ទីតាំងនោះនៅឡើយ។ ក្រៅពីប្រជាពលរដ្ឋចំនួន ៤៣គ្រួសារ តវ៉ាទាមទារដីទំហំជាង ៩០ហិកតារនេះ ក្រុមហ៊ុន ខេ.ឌី.ស៊ី ធ្លាប់ទទួលស្គាល់ និងធ្វើការដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋចំនួន ៥២គ្រួសារ ប៉ុន្តែបច្ចុប្បន្ននៅសល់ ១៦គ្រួសារទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី