បណ្ដាញព្រៃឡង់នៅ ខេត្តកំពង់ធំបារម្ភពី សកម្មភាពកាប់ឈើ កើនឡើង
ចំណែកអាជ្ញាធរវិញបញ្ជាក់ថា មានករណីកាប់ឈើដោយលួចលាក់ខ្លះ ប៉ុន្តែជាពលរដ្ឋ មិនមែនជាឈ្មួញធំដុំនោះឡើយ។
បណ្ដាញស្នូលសហគមន៍ព្រៃឡង់ នៅតែព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញទុច្ចរិត ដែលយកប្រជាពលរដ្ឋជាខែល ដើម្បីបិទបាំងអំពើឧក្រិដ្ឋរបស់ខ្លួន។ ពលរដ្ឋអះអាងថា ម៉ាស៊ីនអារឈើឮសូរទ្រហឹងពេញព្រៃ ចំណែកគោយន្តឆ្នៃ និងឡានដឹកឈើចេញពីព្រៃឥតឈប់ឈរ រីឯការបង្ក្រាបរបស់អាជ្ញាធរវិញ គឺមិនមានប្រសិទ្ធភាព។
បណ្ដាញព្រៃឡង់ខេត្តកំពង់ធំ ម្នាក់សុំមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា ត្បិតតែស្ថិតនៅក្នុងរដូវធ្វើបុណ្យទានក៏ដោយ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើគ្មានស្រាកស្រាន្ត។ ផ្ទុយទៅវិញ ឈ្មួញឈើទាំងនោះបែរជាយកឱកាសបុណ្យទាន មកប្រព្រឹត្តអំពើបាបកម្ម។ លើសពីនេះទៀតនោះ លោកយល់ថា ដោយសារតែការអនុវត្តច្បាប់របស់មន្ត្រីពាក់ព័ន្ធនៅមានកម្រិត និងមានមន្ត្រីមួយចំនួន រួមនិងកងកម្លាំងផង នាំគ្នាចូលរួមរកស៊ីឈើខុសច្បាប់ទៀត៖ «ខ្ញុំគិតថា អានេះជាប្រពៃណីរបស់ពួកអ្នកកាប់បំផ្លាញព្រៃឈើតែម្តង។ ជាក់ស្តែងគេបន់ឱ្យតែមានបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌផ្សេងៗ គេនឹងចាត់វិធានការបំផ្លាញព្រៃឈើតែម្តង។ ខ្ញុំគិតថា នេះជារឿងខុសឆ្គង ប៉ុន្តែពួកនោះគេចាំតែមានឱកាសមានបុណ្យទាន នឹងចាប់ផ្ដើមប្រព្រឹត្តបទល្មើសខ្លាំងៗហ្មង»។
ប្រភពដដែលបន្ថែមថា ចំណុចដែលមានការកាប់បំផ្លាញព្រៃឈើខ្លាំងនោះ គឺនៅក្បែរតំបន់របស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ស្ថិតនៅក្នុងស្រុកសណ្ដាន់ និងនៅចំណុចជាប់ព្រំប្រទល់ខេត្តព្រះវិហារ។ លោកឱ្យដឹងទៀតថា ប្រភេទឈើដែលឈ្មួញទាំងនោះធ្វើអាជីវកម្ម គឺជាប្រភេទឈើលេខពីរ ដូចជា ផ្ដៀក ឈើទាល ដួងចែម កកោះ ជាដើម ចំណែកឈើប្រភេទលេខមួយប្រហែលជាផុតពូជទៅហើយ។
ទាក់ទងបញ្ហានេះ អភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្រ មានប្រសាសន៍ថា ជាធម្មតាបទល្មើសកាប់បំផ្លាញព្រៃឈើ គឺតែងតែមាន ប៉ុន្តែរយៈពេលក្រោយនេះ មិនមានបទល្មើសធំដុំគួរឱ្យបារម្ភឡើយ គឺភាគច្រើនមានតែប្រជាពលរដ្ឋកាប់យកមកប្រើប្រាស់ប៉ុណ្ណោះ។ ចំណែកសមត្ថកិច្ច តែងចុះបង្ក្រាបជាប្រចាំ រហូតធ្វើឱ្យបទល្មើសមានការថយចុះ ប៉ុន្តែពិបាកត្រង់ថារដូវនេះជារដូវភ្លៀងធ្លាក់ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ហើយបទល្មើសខ្លះកើតឡើងនៅពេលយប់។
លោក អ៊ុន បុត្រ៖ «ផ្លូវពិបាកលែងម៉ូតូផងអីផងទៅ ហ្នឹងទីមួយ។ ហើយទីពីរ បណ្ដាញព្រៃឡង់ធ្វើអីគាត់មិនដែលសហការជាមួយអាជ្ញាធរទេ។ ហើយព័ត៌មានពេលខ្លះ ក៏មិនប្រាកដថាពិតទាំងអស់ដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែដុតដៃដុតជើងមិនព្រងើយកន្តើយទេ គឺនៅតែធ្វើនៅតែប្រតិបត្តិការជាប់អ៊ីចឹង»។
លោកបន្ថែមថា មានក្រុមហ៊ុនមួយដែលជ្រកនៅក្រោមក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដើម្បីឈូសឆាយ និងប្រមូលកាកសំណល់ឈើនៅទីនោះ ប៉ុន្តែក្រុមហ៊ុននោះបានផុតអាជ្ញាប័ណ្ណកាលពីខែសីហា។ ដូចនេះ លោកបញ្ជាក់ថា មិនមានការប្រមូលឈើនៅក្នុងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀតទេ។
ដោយឡែកអ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង កត់សម្គាល់ថា បទល្មើសព្រៃឈើនៅទូទាំងប្រទេស គឺមិនមានការថយចុះឡើយ ពិសេសនៅក្នុងរដូវភ្ជុំបិណ្ឌ និងក្រោយពេលបុណ្យនេះបញ្ចប់ទៅ។ លោកបន្តថា វារឹតតែពិបាកទប់ស្កាត់ទៅទៀតនោះ នៅពេលរាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណស្របច្បាប់ដល់ក្រុមហ៊ុន លោក ទ្រី ភាព ក្នុងស្ថានភាពមួយដែលស្រពិចស្រពិល។
លោក សេង សុខហេង៖ «ការកាប់ឈើអនាធិបតេយ្យ អាការទិញឈើដោយស្របច្បាប់។ ហើយប៉ុន្មានខែនេះ ពីរបីខែចុងក្រោយនេះ ឃើញខាងរដ្ឋបាលព្រៃឈើគាត់បានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន ទ្រី ភាព ពីរបីក្រុមហ៊ុនទទួលទិញឈើដែលរដ្ឋបាលព្រៃឈើចាប់ពីបទល្មើសនោះ។ អ៊ីចឹង នេះខ្ញុំគិតថា នេះជាវិធីសាស្ត្រមួយដែលគេរកស៊ីឈើដោយស្របច្បាប់។ បានន័យថា អនាធិបតេយ្យដែលគេបញ្ជូនទៅឱ្យកាប់ ដល់រដ្ឋបាលព្រៃឈើអ្នកចាប់បាននូវ គេលក់ទៅឱ្យក្រុមហ៊ុន ទ្រី ភាព ដដែល។ អ៊ីចឹងរូបភាពនេះមិនមានអីខុសគ្នាទេ»។
លោកទទួលស្គាល់ថា អ្នកកាប់ឈើមួយចំនួន គឺពិតជាមានប្រជាពលរដ្ឋមែន ប៉ុន្តែពួកគាត់គ្រាន់តែជាខែលដើម្បីបិទបាំងឱ្យឈ្មួញធំៗ ដោយទម្លាក់កំហុសមកលើពួកគាត់ ហើយប្រជាពលរដ្ឋទាំងនោះក៏បានទទួលការគាំពារពីសំណាក់មន្ត្រីមួយចំនួនទៀតផង។ លោកយល់ថា ប្រសិនបើការអនុវត្តច្បាប់នៅតែបែបនេះ ហើយអាជ្ញាធរមួយចំនួនដែលមានឆន្ទៈទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅតែស្ថិតក្រោមសម្ពាធឈ្មួញធំៗទាំងនោះ វាសនាព្រៃឈើស្រុកខ្មែរនឹងមិនអាចឆ្លងផុតពីអាណត្តិនេះឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរិ