ខៀវ សុខារ៉ាវី ប្រកាស​វិល​ចូល​សិល្បៈ តែ​សុំ​លាក់​ប្តី​ផ្កាយ​ពីរ

9/27/2014 0 Comments A+ a-

20140927_03a-newស្ងាត់ៗ ​តារា​សម្តែង ច្រៀង​នាង ខៀវ សុខារ៉ាវី បាន​ចេញ​មុខ​ជា​ថ្មី​ប្រកាស​ក្តែងៗ​កាល​ពី​ថ្ងៃ ទី១៩ កញ្ញា ឆ្នាំ​២០១៤ នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ថា នាង​បាន​សម្រេច​ចិត្ត​ចូល​ខ្លួន​មក​បម្រើ​វិស័យ​សិល្បៈ​វិញ​ហើយ។ ជាមួយ​គ្នា​នោះ ខៀវ សុខារ៉ាវី ដែល​ធ្លាប់​តែ​មាត់​រឹង​លាក់​បាំង​ជុំវិញ​សម្ព័ន្ធ​ភាព​ស្នេហា​នោះ បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មាន​កូន​ប្រុស​ម្នាក់​មែន តែ​យ៉ាង​ណា តារា​រូប​នេះ សុំ​មិន​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុរស​ជា​ស្វាមី ដែល​គេ​ដឹង​ថា ពាក់​ផ្កាយ​ពីរ​លើ​ស្មា​នោះ​ទេ។
កាល​ពី ឆ្នាំ​២០១០ គ្រួសារ​របស់​តារា​ចម្រៀង សម្តែង ខៀវ សុខារ៉ាវី បាន​ធ្វើ​ការ​អះអាង​គួរ​ឲ្យ​ទុក​ចិត្ត​ថា ខៀវ សុខារ៉ាវី បាន​រៀបការ​ជាមួយ​បុរស​ខ្មែរ​សញ្ជាតិ​អាមេរិក​នៅ​លើ​ទឹក​ដី​អាមេរិក​ហើយ ហើយ​ក៏​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​លើ​គំនរ​សុភមង្គល​នៅ​អាមេរិក​ដែរ។ ប៉ុន្តែ​ការ​អះអាង​ក្តែងៗ​របស់​អ្នក​ស្រី សារ៉េត ដែល​ជា​ម្តាយ​របស់ ខៀវ សុខារ៉ាវី មិន​បាន​ប៉ុន្មាន​ផង ក៏​មាន​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នៅ​ក្នុង​ សិល្បៈ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា ខៀវ សុខារ៉ាវី បាន​រៀបការ​នៅ​អាមេរិក​នោះ​គ្រាន់​តែ​ជា​រឿង​បន្លំ​ភ្នែក​បង្វែង​ដាន​ពី​ មហាជន​ប៉ុណ្ណោះ។
ប្រភព​នោះ​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា សុខារ៉ាវី មិន​បាន​ទៅ​អាមេរិក​ដូច​ការ​អះអាង​នោះ​ទេ ពោល​គឺ​នាង​កំពុង​រស់​នៅ​ជាមួយ​បុរស​ពាក់​ផ្កាយ​ពីរ​ម្នាក់ ហើយ​ថែម​ទាំង​មាន​កូន​ប្រុស​ម្នាក់​ទៀត​ផង ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​ប្រភព​ច្បាស់​ការណ៍​យ៉ាង​ណា ក៏​គ្រួសារ​របស់ ខៀវ សុខារ៉ាវី នៅ​តែ​បដិសេធ។
រំលង​ផុត​អស់​រយៈ​ពេល​ជិត ៤​ឆ្នាំ ស្រាប់​តែ​ស្ងាត់ៗ​នៅ​ពេល​នេះ ខៀវ សុខារ៉ាវី បាន​ចេញ​មុខ​ជា​ផ្លូវ​ការ ហើយ​បាន​ប្រកាស​ក្តែងៗ​នៅ​មុខ​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់​ថា រូប​នាង​វិល​មក​កាន់​សង្វៀន​សិល្បៈ​វិញ​ហើយ។ ការ​ប្រកាស​របស់​តារា​រូប​នេះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ដ៏​ស្រស់​ឆើត​ឆាយ​របស់​តារា​រូប​នេះ ទំនង​ដោយ​សារ​តែ​ស្នេហា​របស់​នាង​ជាមួយ​បុរស​ពាក់​ផ្កាយ​ជ្រែក​ស្មា​ម្នាក់​ នោះ​បាន​ឈាន​ដល់​ផ្លូវ​បំបែក។
ប៉ុន្តែ​យ៉ាង​ណា​នៅ​ក្នុង​បទ​សម្ភាស​ផ្ទាល់​តារា​សម្តែង​ច្រៀង​នាង ខៀវ សុខារ៉ាវី បាន​ធ្វើ​ការ​បដិសេធ ដោយ​នាង​បាន​លើក​ឡើង​ថា ការ​វិល​មក​កាន់​សង្វៀន​សិល្បៈ​របស់​នាង​នៅ​ពេល​នេះ ដោយ​សារ​តែ​នាង​នៅ​តែ​ស្រឡាញ់​សិល្បៈ ស្រប​ពេល​ដែល​នាង​ក៏​បាន​រួច​ដៃ​ពី​ការ​ចាត់​ចែង​ការ​ធ្វើ​ជំនួញ​អស់​ហើយ​ នោះ។
តារា​សម្តែង​ច្រៀង​នាង ខៀវ សុខារ៉ាវី និង​កូន​ប្រុស​ក្នុង​ពេល​ដើរ​លេង​រួម​គ្នា​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​កន្លង​មក។ រូបថត ហ្វេសប៊ុក ខៀវ សុខារ៉ាវី
តារា ​សម្តែង​ច្រៀង​នាង ខៀវ សុខារ៉ាវី និង​កូន​ប្រុស​ក្នុង​ពេល​ដើរ​លេង​រួម​គ្នា​នៅ​ប្រទេស​ថៃ កាល​ពី​ពេល​កន្លង​មក។ រូបថត ហ្វេសប៊ុក ខៀវ សុខារ៉ាវី
តារា​ស្រី​វ័យ ២៦​ឆ្នាំ រូប​នេះ​បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​នឹង​វិល​មក​កាន់​សង្វៀន​សិល្បៈ​វិញ។ ខ្ញុំ​ដឹង​ថា នឹង​មាន​សំណួរ​ច្រើន​ជុំវិញ​សម្ព័ន្ធ​ភាព​ប្តី​ប្រពន្ធ​ខ្ញុំ ហើយ​ភាគ​ច្រើន​និយាយ​ថា ការ​វិល​មក​កាន់​សិល្បៈ​វិញ ដោយ​សារ​តែ​ស្នេហា​បែក​គ្នា តែ​សម្រាប់​ខ្ញុំ​អត់​ទេ ខ្ញុំ​នៅ​តែ​ស្រឡាញ់​គ្នា ខ្ញុំ​ចូល​សិល្បៈ​វិញ ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​សិល្បៈ ខ្ញុំ​មាន​មុខ​មាត់​ព្រោះ​សិល្បៈ។ ម្យ៉ាង​នៅ​ពេល​នេះ ខ្ញុំ​ក៏​បាន​រួច​ដៃ​ពី​ការ​ចាត់​ចែង​ការ​ធ្វើ​ជំនួញ​អស់​ហើយ គឺ​ខ្ញុំ​មាន​ហាង​ស្ប៉ា​មួយ និង​ភោជនីយដ្ឋាន​មួយ»។
ជាមួយ​នឹង​ការ​វិល​ត្រឡប់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ តារា​សម្តែង​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​រង្គើ​សិល្បៈ​ជាមួយ​នឹង​ តារា​សម្តែង ស៊ុក សុភា ហៅ ខៀវ តែ​បែរ​ជា​បរាជ័យ​ទៅ​វិញ នាង ខៀវ សុខារ៉ាវី ក៏​សារភាព​អំពី​សម្ព័ន្ធ​ភាព​ប្តី​ប្រពន្ធ និង​កូន​បច្ចុប្បន្ន​ជា​លើក​ដំបូង​ផង​ដែរ តែ​នាង​បាន​បដិសេធ​មិន​ចង់​បង្ហាញ​អត្ត​សញ្ញាណ​បុរស​ជា​ស្វាមី​របស់​នាង​នោះ ​ទេ។
សុខារ៉ាវី បាន​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់​នៅ​ពេល​នេះ ខ្ញុំ​មាន​ស្វាមី និង​កូន​ប្រុស​ម្នាក់ កូន​ប្រុស​ខ្ញុំ​មាន​អាយុ​ជិត ៤​ឆ្នាំ ហើយ។ ដោយ​ឡែក​រឿង​ប្តី​អី​នោះ ខ្ញុំ​អត់​ទាន់​ចង់​បង្ហាញ​ទេ សុំ​ទុក​ជា​អាថ៌កំបាំង​សិន តែ​យ៉ាង​ណា​ក៏​មិន​អាច​លាក់​បាំង​បាន​មួយ​ជីវិត​ដែរ គ្រាន់​តែ​ពេល​នេះ មិន​ទាន់​ចង់​និយាយ​ទុក​ឲ្យ​ទស្សនិកជន​មាន​ចម្ងល់​សិន​ចុះ»។
ការ​លើក​ឡើង​របស់ ខៀវ សុខារ៉ាវី បាន​ឲ្យ​ដឹង​ថា បុរស​ជា​ស្វាមី​របស់​នាង​ធ្លាប់​មាន​ប្រពន្ធ​កូន​រួច​មក​ហើយ តែ​មុន​នឹង​នាង​ទទួល​យក​ជា​ស្វាមី​ក៏​ដោយ​សារ​តែ​នាង​បាន​មើល​ឯកសារ​នៃ​ការ​ លែង​លះ​ដាច់​ស្រេច​របស់​ស្វាមី​រួច​ហើយ ទើប​ទុក​ចិត្ត។ តាម​រយៈ​សម្តី​របស់ ខៀវ សុខារ៉ាវី គេ​បាន​ដឹង​ថា ស្វាមី​របស់​តារា​រូប​នេះ​មិន​មែន​ជា​បុរស​នៅ​អាមេរិក​ដូច​ម្តាយ​នាង​អះអាង​ នោះ​ទេ ពោល​គឺជា​បុរស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​កម្ពុជា។
តារា​ស្រី​សម្តី​ផ្អែម​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​នៅ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ គឺ​សុខ​ចិត្ត​រស់​នៅ​ជាមួយ​គ្នា​បែប​អឺរ៉ុប​សិន​ចុះ អ្វី​ដែល​សំខាន់ គឺ​ការ​ស្រឡាញ់​គ្នា»។
ដោយ​ឡែក​សម្រាប់​ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ដ៏​ស៊ីវិល័យ​នា​ពេល​នេះ សុខារ៉ាវី បាន​ឲ្យ​ដឹង​ថា រូប​នាង​ពិត​ជា​មាន​ការ​ជឿ​ជាក់​ថា កេរ្តិ៍​ឈ្មោះ​របស់​នាង​នឹង​អាច​ស្ទុះ​ឡើង​មិន​ចាញ់​កាល​ពី ៤-៥ ឆ្នាំ​មុន​នោះ​ទេ ហើយ​នាង​ក៏​សប្បាយ​ចិត្ត​ដោយ​សារ​តែ​ស្វាមី​បើក​ទូលាយ។ រ៉ាវី បាន​និយាយ​ថា៖ «ខ្ញុំ​ចូល​ខ្លួន​បម្រើ​សិល្បៈ​វិញ​នៅ​ពេល​នេះ គឺ​មិន​មែន​ចូល​លេងៗ​ទេ ខ្ញុំ​នឹង​ប្រឡូក​ម៉ា​ពេញ​ចិត្ត​តែ​ម្តង ព្រោះ​ខ្ញុំ​ក៏​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង​ស្វាមី​រួច​ហើយ»។
តារា​សម្តែង​ច្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ត្រឡប់​មក​វិញ​ជាមួយ​ភាព​ជឿ​ជាក់ និង​ប្រកប​ដោយ​ថាមពល»៕

__________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍