នាយឧត្តមសេនីយ៍ សៅ សុខា ៖ លោកឧត្តមសេនីយ៍ ខូវ សម្បត្តិ សុំលាលែង ដោយខ្លួនឯង គ្មានអ្នកណាបង្ខំទេ

9/27/2014 0 Comments A+ a-

sambathភ្នំពេញ ៖ ជុំវិញការបញ្ចប់ក្របខណ្ឌ ជាមន្ត្រីកងយោធពលខេមរភូមិន្ទ របស់លោកឧត្តសេនីយ៍ឯក ខូវ សម្បត្តិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនោះ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបញ្ជាក់ថា ជាការសុំលាឈប់ដោយខ្លួនឯង គ្មានអ្នកណាបង្ខំនោះទេ ។
ឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង នៃកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យ បញ្ចប់ក្របខណ្ឌជាមន្ដ្រី កងយោធពល ខេមរភូមិន្ទហើយ ។
ទាក់ទិនបញ្ហានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា “គាត់សុំលាឈប់ដោយខ្លួនឯង គ្មានអ្នកណាបង្ខំទេ មូលហេតុកុំឲ្យវិស្សភាពមុខងារ ស័ក្តិ និងអាជីវកម្ម ពីព្រោះក្នុងច្បាប់លក្ខន្តិកៈ កងយោធ ពលខេមរភូមិន្ទ ហាមយោធិនធ្វើប្រធានក្រុមប្រឹក្សាភិបាល ក្នុងមុខរបរអាជីវកម្មអ្វីក៏ដោយ គឺមានតែប៉ុណ្ណឹងទេ” ។
ការបញ្ជាក់របស់មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក្រោយពីមានការលើកឡើងផ្សេងៗគ្នាចំពោះការ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ចុះហត្ថលេខាដោយសម្ដេចធម្មពោធិ សាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានសម្រេចលុបឈ្មោះ ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ អត្ដលេខ ០០៤៣២៦ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ។
ព្រះរាជក្រឹត្យខាងលើនេះ ត្រូវបានគេឃើញបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលមានអាក់ ខោនឈ្មោះ អេង ឆៃ អ៊ាង ដែលគេស្គាល់ថា ជាអ្នកតំណាងរាស្ដ្រ  របស់គណបក្សសង្គ្រោះជាតិដែល បង្ហោះ ឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ៕

_________________
ផ្តល់សិទ្ទិដោយ៖dap-news