អាជ្ញាធរបង្ខំអាជីវករ ផ្សារស្ទឹងត្រែង ទៅលក់កន្លែងថ្មី ប្រឈមនឹងទឹកជំនន់ និងមិនរៀបរយ
ក្រុមអ្នកតវ៉ាប្រមាណជា ២០០ នាក់ ក្នុងចំណោមអាជីវករជាង ៩០០ តូប នៅតែប្រកាន់ជំហរមិនចេញពីកន្លែងខឿនដីសួនច្បារនោះឡើយ។
ពួកអ្នកតវ៉ា បាននិយាយថា មូលហេតុដែលគាត់ទាំងអស់គ្នា មិនសុខចិត្តទៅលក់នៅលើទីតាំងថ្មី ព្រោះវាឆ្ងាយពីទីប្រជុំជន។ ម្យ៉ាងទៀតទីតាំងថ្មី គឺជាដីឯកជនលោកឧកញ្ញាសា លាង នាយកក្រុមហ៊ុនហេងតារា។ ទីធ្លាដីឯកជននោះ មានទំនាបប្រឈមនឹងគ្រោះទឹកជំនន់បង្កឱ្យមានការលិចលង់។
លក្ខខណ្ឌរបស់អាជ្ញាធរ ដែលចេញបង្កាន់ដៃសម្គាល់ទីតាំងលក់ ដូរ ឱ្យទៅអាជីវករចំនួន ៦ ចំណុច។ ទី១.មិនត្រូវផ្ទេរសិទ្ធិបន្តទៅឱ្យភាគីផ្សេងនៅពេលដែលខ្លួនឈប់លក់ ទី២.ត្រូវថែរក្សាអនាម័យ នៅទីតាំងលក់ដូររបស់ខ្លួនជាប្រចាំ ទី៣.មិនត្រូវសាងសង់សំណង់ផ្សេងៗនៅទីតាំងលក់ដូរ ទី៤.ត្រូវរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អ ទី៥.នៅពេលម្ចាស់ដីត្រូវការខ្ញុំបាទឬនាងខ្ញុំ ត្រូវរើចេញតាមការកំណត់ និងមិនទាមទារសំណង ណាមួយឡើយ និងទី៦.ត្រូវបង់ថ្លៃភាស៊ីដូចមានចែងក្នុងសៀវភៅបន្ទុក។
អាជីវករនិយាយថា ចំណុចទី៥. នៅពេលម្ចាស់ដីត្រូវការ ត្រូវរើចេញតាមការកំណត់និងមិនទាមទារសំណងណាមួយ។ បែបនេះហើយ បានជាប្រជាពលរដ្ឋមិនអាចទទួលយកបានពីអាជ្ញាធរ។ ផ្ទុយទៅវិញ បើសិនជាដីរដ្ឋមានកន្លែងលក់ដូរត្រឹមត្រូវ ពួកគាត់សុខចិត្តទទួលយកតាមការជូនដំណឹងរបស់សាលាក្រុងនិងខេត្ត។
ប្រជាពលរដ្ឋ បានលើកឡើងបន្តថា កន្លែងដែលអាជ្ញាធរគ្រោង នឹងឱ្យទៅលក់ដូរជាបណ្តោះអាសន្ននោះ ដីងាយស្រួលបែកភក់ដោយសារមិនទាន់ចាក់សាបស៊ីម៉ង់ត៍ត្រឹមត្រូវ។ ដូច្នេះពួកគាត់មិនអាចទទួលយកផែនការដោះដូរនោះបានទេ។
ចំណែកក្រុមអាជ្ញាធរវិញ បានលើកឡើងថា ការដោះដូរផ្សារដែលអាជីវករលក់លើដីសួនច្បារសព្វថ្ងៃ គឺ ដើម្បីយកផ្លូវចាក់បេតុងអភិវឌ្ឍន៍សោភ័ណ្ឌភាពក្រុង។ អាជ្ញាធរមិនអាចទុកឱ្យផ្លូវសព្វថ្ងៃបែកភក់អាក្រក់មើលនោះទេ ព្រោះថា ការអភិវឌ្ឍខេត្ត គឺរឿងសំខាន់។
ទាក់ទិនទៅនឹងការអភិវឌ្ឍក្រុងស្ទឹងត្រែង ដែលប្រជាពលរដ្ឋអ្នកលក់ដូរលើដីសួនច្បារតវ៉ាផ្ទួនៗគ្នា ប្រឆាំងតបសេចក្តីជូនដំណឹង របស់សាលាក្រុងស្ទឹងត្រែង អង្កការសង្គមស៊ីវិលលោក ហូ សំអុល អ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែង បាននិយាយថា ប្រជាពលរដ្ឋសព្វថ្ងៃលក់ដូរបន្លែត្រី និងផ្សេងៗទៀត លក់លើដីបណ្តោះអាសន្នរបស់ខេត្ត។ ការលក់ដូរនេះ ធ្វើឱ្យមានភាពអាណាធិបតេយ្យ ស្ទះចរាចរលើផ្លូវសាធារណៈ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង។ ដូច្នេះការអភិវឌ្ឍរបស់ខេត្ត គឺជារឿងត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរបានប្តូរប្រជាពលរដ្ឋលក់នៅកន្លែងថ្មី មិនទាន់មានទីតាំងណាមួយឱ្យពិតប្រាកដ នោះ គឺជារឿងដែលប្រជាពលរដ្ឋពុំអាចទទួលយកបាន។ ជាក់ស្តែង គឺជាដីឯកជនមិនមែនជារបស់រដ្ឋ។
លោកសំ អុល លើកឡើងថា ប្រជាពលរដ្ឋប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ មកពីតាមជនបទ ដែលមានបន្លែត្រីត្រឹមមួយកញ្ច្រែង លក់បានប្រាក់កម្រៃ ២ ទៅ ៣ ម៉ឺនរៀល។ ចំណែកអ្នកលក់ដូរផ្សេងទៀត ដែលតវ៉ា គឺជាអ្នកក្រុងស្ទឹងត្រែង។ លោកសំ អុល និយាយថា មតិប្រជាពលរដ្ឋជនបទ ក៏មិនចង់ទៅលក់ដូរនៅកន្លែងឆ្ងាយ និងគ្មានមនុស្សទិញនោះទេ។
ទាក់ទិនរឿងនេះលោកហូ សំអុល បាននិយាយថា អាជ្ញាធរមុននឹងយកដីសួនច្បារទៅអភិវឌ្ឍន៍ គួររកទីតាំងណាមួយ ឱ្យបានជាក់លាក់សមរម្យដូចជា មានចាក់សាបស៊ីម៉ង់ត៍ និងមានប្រក់ដំបូលផ្សារត្រឹមត្រូវជាមុនសិន។ មិនត្រូវឱ្យប្រជាពលរដ្ឋ ទៅលក់នៅកន្លែងផ្សេងទាំងបង្ខំយ៉ាងនេះឡើយ៕L