បោសសម្អាត​ស កម្មភាព​បូម​ខ្សាច់ អនាធិបតេយ្យ នៅតាម​ដង​ទន្លេមេគង្គ​លើ​

9/19/2014 0 Comments A+ a-

pum-sand_cen1កណ្តាល:  លោក ជឹម សុខុម អភិបាលរង​ខេត្តកណ្តាល បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​មួយក្រុម ចុះទៅ​បង្ក្រាប ចាប់​សា​ឡង់ និង​ទូក​ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ នៅតាម​ដង​ទន្លេមេគង្គ​លើ ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល ខេត្តកណ្តាល ។
​ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ ដោយបាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ប្រធាន​មន្ទីរ​ធនធានទឹក  នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​សមត្ថកិច្ច​ប្រដាប់អាវុធ ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល​ផងដែរ​។ ជា​លទ្ធផល​គណៈកម្មកា​រ​ចម្រុះ បាន​បង្ក្រាប រឹបអូស​សា​ឡង់ និង​ទូក​បូម​ខ្សាច់​ចំនួន​ជាង​១០​គ្រឿង ប្រមូល​យកទៅ​រក្សាទុក​ដើម្បី​ត្រួតពិនិត្យ​រក​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ឲ្យ​បាន​ត្រឹមត្រូវ ។
​លោក ជឹម សុខុន អភិបាលរង​ខេត្តកណ្តាល មានប្រសាសន៍​លើកឡើងថា បញ្ហា​លើ​បាតុភាព​បូម​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​តំបន់​នេះ ជា​រឿង​ស្មុ​គ្រ​ស្មាញ​មួយ​ដែល​អាជ្ញាធរ​ខេត្តកណ្តាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​កុំ​ឲ្យ​ការធ្វើ​អាជីវកម្ម​ខុស​បែបបទ​បច្ចេកទេស ឈានទៅ​បង្ក​ហានិភ័យ​ផ្សេងៗ ដូចជា​ការបាក់​ច្រាំងទន្លេ ជាពិសេស​បាន​បំផ្លាញ​ផលដំណាំ ដីចម្ការ​និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាយថាហេតុ ហើយ​ក្នុងនាម​អាជ្ញាធរខេត្ត យើង​មិន​ធ្វើការ​ប្រ​ងើយ​កន្តើយ​ចំពោះ​អ្វីដែល​ក្រុមហ៊ុន​មិន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ គឺ​មិន​អនុញ្ញាត​ឲ្យ​ឡើយ ។
​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន​២​គ្រឿង ចេញដំណើរ​ពី​វត្ត​គៀន​ឃ្លាំង សង្កាត់​ព្រែក​លាភ ឆ្ពោះ​ទៅតាម​ដង​ទន្លេមេគង្គ​លើ ធ្វើដំណើរ​ដល់​ចំណុច​ចុង​កោះ​ឧកញ៉ា​តី និង​ភូមិសាស្ត្រ​កន្ទុយ​កោះតាង ឃុំ​ព្រែក​លួង បាន​ចាប់​ឃាត់​ទូក​បំពាក់​ក្បាល​បូម​ចំនួន ២​គ្រឿង​, សា​ឡង់​ដឹក​ខ្សាច់​ចំនួន ៣​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន សោម រស្មី​។ នៅ​ចំណុច​ឃុំ​ពុក​ឬ​ស្សី​ឃាត់​បាន​សា​ឡង់​ធន់​ធំ​មាន​ក្រចាប់​ចាប់​ខ្សាច់​ខ្នាត់​ធំ​ចំនួន ១​គ្រឿង ទូក​បូម​ខ្សាច់​១​គ្រឿង ជា​កម្មសិទ្ធិ​ក្រុមហ៊ុន សូគីម៉ិច​។ ត្រង់ចំណុច​កោះ​ចូ​រ៉ា​ម​ឃាត់​បាន​ក្បាល​បូម​ខ្សាច់ ១​គ្រឿង និង​សា​ឡង់​បូម​ខ្សាច់​ចំនួន ១​គ្រឿង និង​នៅ​ចំណុច​ភូមិ​ព្រែក​អំពិល ឃ៉ុំ​ព្រែក​អំពិល បាន​ឃាត់​ទូក​បំពាក់​ក្បាល​បូម ចំនួន ១​គ្រឿង សា​ឡង់​ដឹក​ខ្សាច់​ចំនួន ៣​គ្រឿង និង​ទូក​ដឹក​ខ្សាច់ ១​គ្រឿង​ទៀត​។
​លោក ជឹម សុខុន អភិបាលរង​ខេត្តកណ្តាល មានប្រសាសន៍​បញ្ជាក់ថា សា​ឡង់ និង​ទូក​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​ទាំងអស់​ខាងលើ ដែល​គណៈកម្មការ​ចម្រុះ​ធ្វើការ​បង្ក្រាប​នេះ មួយចំនួន​តូច​មានច្បាប់ និង​ខ្លះទៀត​គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ទេ  ប៉ុន្តែ ក្រុមហ៊ុន​ដែលមាន​អាជ្ញាប័ណ្ណ ក៏​ច្បាប់​របស់គេ​ហួស​សុពលភាព​អស់​ដែរ ។ ដូច្នេះ​អាជ្ញាធរ​សម្រេច​ឃាត់ទុក និង​ហៅ​ម្ចាស់​មធ្យោបាយ​ធ្វើ​អាជីវកម្ម​ទាំងអស់នោះ​ឲ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ រហូតដល់​ទទួលបាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ទើប​អាច​ឲ្យ​ប្រកប​អាជីវកម្ម​វិញ​បាន​។​
​បើតាម​លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា រាល់​អាជីវកម្ម​បូម​ខ្សាច់ ត្រូវធ្វើ​ច្បាប់ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្តង ហើយ​ការពិនិត្យ បច្ចេកទេស និង​អនុញ្ញាត​ឲ្យ គឺជា​សមត្ថកិច្ច​របស់​ក្រសួង​ធនធានទឹក ។ លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បន្ថែមថា រាល់​អាជីវកម្ម​បូម​ខ្សាច់​ទន្លេ ក្នុង​ខេត្តកណ្តាល រាជរដ្ឋាភិបាល​បាន​បិទ​ទាំងអស់ ដូច្នេះ​សកម្មភាព​បូម​ខ្សាច់​លួចលាក់ គឺជា​ការខុសច្បាប់​អនុញ្ញាត​ហើយ​៕L


ប្រភពពី CEN