អ្នកភូមិទាមទារដោះ លែងយុវជនត្រូវជន វៀតណាមកាប់របួស
ការអនុញ្ញាតឲ្យគ្រួសារនាំជនរងគ្រោះទៅ
ព្យាបាលរបួសនេះធ្វើឡើងបន្ទាប់ពីមានពលរដ្ឋប្រមាណជា ៣០
នាក់ប្រមូលផ្តុំគ្នាស្រែកតវ៉ានៅមុខអធិការដ្ឋាននគរបាល
ខណ្ឌច្បារអំពៅ
ទាមទារឲ្យដោះលែងជនរងគ្រោះពីការឃុំខ្លួនរបស់សមត្ថកិច្ចបន្ទាប់ពី
កើតហេតុកាលពីថ្ងៃ ទី៣១ សីហា នៅក្នុង សង្កាត់ព្រែកប្រា
ខណ្ឌច្បារអំពៅ។
អ្នកស្រី គង់ សុទ្ធា អាយុ ៣៥ឆ្នាំ
ជាម្តាយមីងជនរងគ្រោះ កែវ សុធារ៉ា អាយុ ១៦ឆ្នាំ បាន ឲ្យដឹង ថា
មូលហេតុដែលគាត់និងអ្នកភូមិលើកគ្នាមក តវ៉ា
ដោយសារក្មួយគាត់ជាជនរងគ្រោះតែបែរជាត្រូវសមត្ថកិច្ចចាប់ឃុំ
ខ្លួនទាំងមានរបួស ខណៈខាងភាគី វៀតណាម ចាប់ឃុំខ្លួនបានតែ ៧ នាក់។
អ្នកស្រីបន្តថា
ការតវ៉ានេះមកពីសមត្ថកិច្ច ខណ្ឌច្បារអំពៅ មានភាពអយុត្តិធម៌ពេក
ឃុំខ្លួនក្មួយគាត់ហើយ មិន ឲ្យយកម្ហូបអាហារទៅ ឲ្យ គ្នាទៀត តែបើ
ខាងវៀតណាម បែរជាអនុញ្ញាតឲ្យយកនំចំណីទៅឲ្យបាន។
អ្នកស្រីថា៖
«ខ្ញុំទៅក្បែររបងទ្វារសុំចូលជួបក្មួយ តែប៉ូលិសមិនស្តីរកទេ។
បើខាងជនល្មើសហេតុអីក៏ឲ្យចូលស្រួលៗម៉្លេះ។ ក្មួយខ្ញុំរបួសធ្ងន់
ខ្ញុំសុំយកទៅ ពេទ្យតែសមត្ថកិច្ចថា
ឲ្យនាំពេទ្យមកមើលនៅអធិការដ្ឋានខណ្ឌទៅ។
បើខ្ញុំជាមនុស្សប្រុសវិញ
ខ្ញុំឲ្យប៉ូលិសនោះដោះអាវមកវ៉ៃជាមួយខ្ញុំ ហើយឲ្យឃើញថា
ឈាមដែលហូរចេញនោះជាឈាមខ្មែរឬជាឈាមអ្វី?»។
អ្នកស្រី សុទ្ធា រៀបរាប់ថា
ជនរងគ្រោះរស់នៅបន្ទប់ជួលក្បែរក្រុមជនល្មើសដែរ
ហើយគ្នាស្លូតមិនដែលបង្ករឿងជាមួយជនជាតិ វៀតណាម ទាំងនោះទេ
តែនៅថ្ងៃកើតហេតុគ្នាទំនេរពីរត់តុការក៏នាំគ្នីគ្នាក្មេងៗ
ដូចគ្នាទៅលេងបាល់ប៉ុន្តែមិនដឹងជាយ៉ាងម៉េច
ស្រាប់តែត្រូវក្រុមល្មើសព្រួតគ្នាកាប់របួសបែបនេះ។
អ្នកជួយជនរងគ្រោះឈ្មោះ សារ៉ាយ ប្រាប់ថា
មុនកើតហេតុក្រុមជនរងគ្រោះកំពុងតែលេងទាត់បាល់ ហើយក្រុមជនជាតិ
វៀតណាម បានជិះម៉ូតូទៅកាប់ជនរងគ្រោះតែម្តង
បណ្តាលឲ្យហូរឈាមស្រោចខ្លួន ខណៈនោះជនបង្ក ២នាក់
បានកាន់អំបែងដបស្ទុះទៅរកជនរងគ្រោះទៀត តែបានគាត់ជួយ
ហើយជនបង្កនាំគ្នាចូលបន្ទប់បិទទ្វាររហូតសមត្ថកិច្ចមកចាប់ខ្លួន។
យុវជន វ៉ាន់ ញ៉ាញ់ អាយុ ១៦ឆ្នាំ
នៅក្រុមជនរងគ្រោះបានប្រាប់ថា
ពួកគេគ្មានទំនាស់អ្វីជាមួយជនបង្កទេ នាំគ្នាលេងបាល់ធម្មតា
ស្រាប់តែជន វៀតណាម មួយក្រុមជិះម៉ូតូ ៥
គ្រឿងមកដល់ហើយបើកកែបម៉ូតូយកដាវសាមូរ៉ៃកាប់មកលើជនរងគ្រោះពី
ក្រោយ។ ឯពួកគេដែលក្មេងជាង ហើយគ្មានអាវុធក្នុងដៃ
ក៏នាំគ្នាទៅជួយទាំងដៃទទេ តែសំណាងដែរ គេមិនតដៃកុំអី
មិនមែនរងគ្រោះតែម្នាក់ទេ។
វ៉ាន់ ញ៉ាញ់ ថា៖
«ខ្ញុំឃើញគេកាប់គាត់ពីក្រោយត្រូវ ២ កន្លែង
គាត់ព្យាយាមរត់គេចតែក្រុមជនបង្កដេញតាមរហូតមានគេមកជួយគាត់»។
លោក អំ សំអាត
មន្រ្តីបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូ
ពីម្សិលមិញប្រាប់ថា
កាលពីថ្ងៃត្រង់ម្សិលមិញក្រុមគ្រួសារបាននាំជនរងគ្រោះមកលាង
របួសនៅក្នុងអង្គការ លីកាដូ
រួចហើយក៏ត្រូវនគរបាលនាំទៅវិញដោយប្រាប់ថា
ទៅដោះស្រាយគ្នានៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ រួចសិន។
លោកបន្តថា៖
«គាត់គ្រាន់តែមករកសេវាយើងជួយលាងរបួសហើយគាត់មិនបានប្តឹងអី
ទេ។ យើងទុកឲ្យក្រុមគ្រួសារជនរងគ្រោះដោះស្រាយតាមផ្លូវច្បាប់
តែបើគាត់ពឹងពាក់រកមេធាវីដើម្បីការពារសិទ្ធិតាមផ្លូវច្បាប់យើង
នឹងរកជូនគាត់។
លោក នេត ស៊ីថុន អធិការនគរបាល ខណ្ឌច្បារអំពៅ
បានប្រាប់ថា
លោកមិនអាចអត្ថាធិប្បាយអ្វីបានទេព្រោះកំពុងជាប់ប្រជុំ។
តែមន្ត្រីប៉ូលិសខណ្ឌសុំមិនបញ្ចេញឈ្មោះម្នាក់ប្រាប់ថា
ជនសង្ស័យជាតិ វៀតណាម ចំនួន ៧នាក់ ដែលពាក់ព័ន្ធករណីកាប់ជនរងគ្រោះ
ត្រូវបញ្ជូនទៅស៊ើបសួរនៅសាលាដំបូងកាល ពីរសៀលថ្ងៃចន្ទ។
ប៉ូលិសរូបនេះថា មានព្រះសង្ឃប្រមាណ ១០ អង្គ
បានយកបច្ច័យមកប្រគល់ឲ្យជនរងគ្រោះឲ្យទិញថ្នាំព្យាបាលរបួសផង
ដែរ។
អ្នកស្រី ឡាក់ សុភាព
គណៈកម្មការនាយកកិច្ចការបោះឆ្នោតថ្នាក់ជាតិនៃគណបក្សសង្គ្រោះជាតិ
ខណ្ឌច្បារអំពៅ ប្រាប់ថា
អ្នកស្រីបានទៅជួយម្តាយជនរងគ្រោះនិងរកមេធាវីការពារជនរងគ្រោះផង
ដែរពីម្សិលមិញបន្ទាប់ពីចេញពីអង្គការ លីកាដូ
ព្រោះករណីនេះជាការប៉ុនប៉ងមនុស្សឃាត៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍