លោក កឹម សុខា ថាមានមនុស្សបីក្រុម ធ្វើឲ្យពលរដ្ឋស្អប់គណបក្ស សង្គ្រោះជាតិករណីចូលសភា
ក្នុងពិធីសំណេះសំណាលនោះ លោក កឹម សុខា អះអាងថា មនុស្សទាំងបីក្រុម ដែលធ្វើឲ្យពលរដ្ឋស្អប់ខ្ពើមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរួមមាន អ្នកវិភាគឯករាជ្យមួយចំនួន ក្រុមអ្នកចង់បង្កើតគណបក្សនយោបាយថ្មី និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិក្លែងក្លាយ។
លោកបញ្ជាក់ថា ក្រុមទី១ជាអ្នកវិភាគឯករាជ្យ ឬអ្នកអត្ថាធិបាយ។ ក្រុមនេះជាអ្នកស្នេហាជាតិលើសលុប ដោយពួកគេ ថាគណបក្សសង្គ្រោះជាតិ នឹងមានវាសនាដូចគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រុមមនុស្សទី២ ជាក្រុមអ្នកចង់បង្កើតគណបក្សនយោបាយថ្មី ក្រុមនេះចង់ទាញយករូបលោកចេញពី លោក សម រង្សុី ដោយបើកគណបក្សនយោបាយថ្មី។ ចំណែកក្រុមទី៣ ជាអ្នកគាំទ្រគណបក្សជាតិសង្គ្រោះជាតិក្លែងក្លាយ ដោយលោកថា ក្រុមនេះអួតខ្លួនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្ដែផ្ទុយទៅវិញ ជាជំពូកអ្នកអុំទូកបណ្ដោយទឹក និយាយបំភ្លៃការពិត ត្មះតិះដៀលគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យពលរដ្ឋឲ្យស្អប់ខ្ពើម និងយល់ច្រឡំ ដោយលើកឡើងថា គណបក្សសង្គ្រោះជាតិចូលសភាមិនអាចធ្វើអ្វីកើតឡើយ ។
(រូបថត៖ បូ សាវី)
(រូបថត៖ បូ សាវី)
ទោះជាយ៉ាងណា លោកកឹម សុខា បន្ដថា គណបក្សសង្គ្រោះជាតិព្រមចូលសភានេះ នឹងអាចជួយដោះស្រាយជម្លោះដីធ្លី និងស្វែងរកយុត្ដិធម៌ជូនពលរដ្ឋ។ លោកកឹម សុខា បន្ថែមថា គណបក្សសង្គ្រោះជាតិក៏នឹងទាមទារឲ្យរដ្ឋាភិបាល គោរពគោលនយោបាយគណបក្ស៧ចំណុចរបស់គណបក្សនេះ ដែលបានសន្យាជាមួយពលរដ្ឋមុនពេលបោះឆ្នោតជាតិអាណត្ដិទី៥នេះផងដែរ។
ជាចុងក្រោយ លោកកឹម សុខា ក៏អំពាវនាវឲ្យពលរដ្ឋ មានទំនុកចិត្ដលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងរក្សាសាមគ្គីគ្នាភាពជាមួយគណបក្សនេះបន្តទៀត ដើម្បីប្រទេសជាតិគង់វង្ស៕
ប្រភពពី vodhotnews.com