ឋានន្តរស័ក្តិ​លើ​ ស្មា​សិល្បករ​ខ្មែរ

9/07/2014 0 Comments A+ a-

20140906_03aជា ​ញឹក​ញយ​គេ​តែង​ឃើញ​វត្តមាន​សិល្ប​ករ​សិល្ប​ការិនី​ខ្មែរ​ក្នុង​ឈុត​កង​ទ័ព និង​មាន​ឋានន្តរ​ស័ក្តិ​ពាក់​ស័ក្តិ​ជ្រែក​ស្មា ដែល​ចំណុច​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល និង​កើត​ឡើង​ជា​សំណួរ​មក​ថា តើ​តារា​ខ្មែរ​បាន​ធ្វើ​អ្វី​ខ្លះ ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​សមរភូមិ ទើប​ពួក​គេ​មាន​តំណែង និង​ស័ក្តិ​ពាក់​ជ្រែក​ស្មា​បែប​នេះ ខណៈ​ដែល​មន្ត្រី​កង​ទ័ព​នៅ​តាម​បណ្តា​ព្រំ​ដែន​ខ្លះ​តស៊ូ​ស្ទើរ​ពេញ​មួយ​ ជីវិត​ទៅ​ហើយ​ពាក់​ត្រឹម​ស័ក្តិ ៣ នោះ?
នៅ​ក្នុង​ខួប ៥​ឆ្នាំ ម្តង​របស់​មន្ត្រី​កង​អង្គរក្ស​នៅ​បន្ទាយ ទួល​ក្រសាំង ខេត្ត​កណ្តាល រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ ទី​២ ដល់ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤ គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​មន្ត្រី​កង​អង្គរក្ស​ផ្សេងៗ គេ​ក៏​ភ្ញាក់​ផ្អើល​ផង​ដែរ​នៅ​ពេល​ឃើញ​វត្តមាន​សិល្ប​ករ សិល្ប​ការិនី​កម្ពុជា​រាប់​រយ​នាក់​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ឯក​សណ្ឋាន​ កង​ទ័ព ជាមួយ​នឹង​ការ​សម្ញែង​ឋានន្តរ​ស័ក្តិ​ពេញ​ស្មា​ទាំង​សង​ខាង។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បំពាក់​មេដាយ និង​ឋានន្តរ​ស័ក្តិ​ជូន​សិល្បករ និង​ក្រុម​សិល្បករ​ជំនាន់​មុន និង​ក្រោយ។
នៅ​ក្នុង​ពិធី​ជួប​ជុំ​នោះ មាន​សិល្ប​ករ​ខ្លះ​បាន​ថត​រូប​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ហើយ​ត្រូវ​បាន​គេ​បង្ហោះ​ចែក​រំលែក​បន្ត ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​យ៉ាង​ច្រើន។ មហាជន​ខ្លះ​បាន​លើក​ឡើង​នូវ​ចម្ងល់​ថា តើ​តារាៗ​ខ្មែរ​ទាំង​អស់​ដែល​មាន​ឋានន្តរ​ស័ក្តិ​ពាក់​ពេញ​ស្មា​ទាំង​នោះ​ បាន​ចូល​រួម​បម្រើ​កង​ទ័ព បញ្ចេញ​ញើស​ឈាម​ស្រស់ សាច់​ស្រស់​អ្វី​ខ្លះ ទើប​ពួក​គេ​ទទួល​បាន​ការ​តែង​តាំង និង​ដំឡើង​តំណែង​ពី​រាជ​រដ្ឋាភិបាល​បែប​នេះ? ហើយ​អ្នក​ខ្លះ​ទៀត​បាន​សួរ​ថា តើ​ពួក​គេ​មាន​តួនាទី​ជួយ​អ្វី​ខ្លះ​ដល់​ជាតិ?
ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ក្រោយ​ការ​ជួប​ជុំ និង​ទទួល​បាន​ការ​បំពាក់​មេដាយ​ទទួល​ស្គាល់​ស្នាដៃ​បន្ថែម​នោះ តារា​កំប្លែង​ជើង​ចាស់​នាយ ក្រឹម ដែល​មាន​ឈ្មោះ​ពិត​ថា អ៊ូ ប៊ុណ្ណារ៉ាត់ បាន​ឲ្យ​ដឹង​ថា លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​កង​អង្គរក្ស​នេះ​តាំង​ពី​អំឡុង ឆ្នាំ​១៩៨៨-១៩៨៩ កាន់​អត្ត​លេខ ០០១ មុន​ដំបូង​គេ​មក​ម៉្លេះ តែ​ពេល​នោះ​អង្គភាព​មួយ​នេះ​មាន​ឈ្មោះ​ផ្សេង។
នាយ​ក្រឹម ដែល​លេច​ធ្លោ​នៅ​ក្នុង​ការ​តាក់​តែង​រឿង​កំប្លែង​លើក​ជើង​គណបក្ស​ប្រជាជន​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក​មាន​ឋានន្តរ​ស័ក្តិ​វរសេនីយ៍​ឯក (ស័ក្តិ ៥) ហើយ​លោក​បាន​ចូល​រួម​បម្រើ​កងទ័ព​នៅ​ពេល​នោះ ដោយ​ស្ម័គ្រ​ចិត្ត​គ្មាន​ការ​បង្ខិត​បង្ខំ​នោះ​ទេ។
លោក​និយាយ​ថា៖ «វា​ជា​រឿង​ធម្មតា​ទេ តែ​ទឹក​ត្រជាក់​ត្រី​កុំ​ហើយ ហើយ​សិល្បករ សិល្ប​ការិនី​មាន​ការងារ​ជា​កង​ទ័ព​ក៏​គ្មាន​អ្វី​ប្លែក​ដែរ ព្រោះ​យើង​មាន​ងារ​ជា​ក្រុម​តន្ត្រី​កងទ័ព មិន​មែន​ក្រុម​កង​ទ័ព​ចេញ​ច្បាំង​ទេ»។
ជាមួយ​គ្នា​នោះ លោក អ៊ុក ប៊ុណ្ណារិទ្ធ ហៅ​នាយ ចាប​ចៀន ដែល​ពាក់​ស័ក្តិ ៥ លើ​ស្មា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ការងារ​របស់​ក្រុម​តន្ត្រី​កង​ទ័ព​មិន​មែន​ចេញ​ច្បាំង​ទេ តែ​ក្រុម​តន្ត្រី​នេះ​មាន​ការងារ​ចុះ​សម្តែង​នៅ​តាម​អង្គភាព​នានា​ទាំង​ទី​ ជិត​ឆ្ងាយ ទាំង​នៅ​តំបន់​សង្គ្រាម ដើម្បី​ផ្តល់​កម្លាំង​ចិត្ត ផ្តល់​ភាព​រីករាយ និង​ការ​កម្សាន្ត​ដល់​កង​ទ័ព​ដែល​មាន​ភារកិច្ច​ហត់​នឿយ​នៅ​ក្នុង​ការ​បំពេញ​ ការងារ​ជូន​ជាតិ​មាតុភូមិ។
នាយ ចាប​ចៀន បាន​និយាយ​ថា៖ «តាម​ពិត​ទៅ​ក្រុម​តន្ត្រី​កង​ទ័ព ដែល​ពេល​នេះ គឺ​ក្រុម​តន្ត្រី​កង​អង្គរក្ស​នេះ មាន​យូរ​ហើយ តាំង​ពី​មុន​សមាហរណកម្ម​ខ្មែរ​ក្រហម​មក​ម៉្លេះ ហើយ​យើង​បាន​ចុះ​ទៅ​សម្តែង​គ្រប់​ទីកន្លែង​សម្រាប់​កង​ទ័ព និង​ប្រជាជន។ នេះ​ជា​ការងារ​ជួយ​ជាតិ​មួយ​របស់​ក្រុម​សិល្បករ​យើង»។
អ្នក​ស្រី នួន សារី ហៅ យាយ យ៉យ ក៏​ពាក់​ស័ក្តិ ៥ ផង​ដែរ។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្រុម​តន្ត្រី​កង​ទ័ព​នេះ​មាន​គ្នា​រាប់​រយ​នាក់ តែ​ត្រូវ​បែង​ចែក​តាម​ផ្នែក​នីមួយៗ។ ក្នុង​នោះ​មាន​ក្រុម​តន្ត្រី​កំប្លែង សម្តែង​ចម្រៀង ល្ខោន យីកេ អាយ៉ៃ និង​មាន​ក្រុម​ជាច្រើន​ទៀត ហើយ​ផ្នែក​នីមួយៗ​មាន​អ្នក​គ្រប់​គ្រង​រៀងៗ​ខ្លួន។
ទាំង នាយ​ក្រឹម ចាប​ចៀន និង​យាយ​យ៉យ សុទ្ធ​តែ​បាន​អះអាង​ថា ឋានន្តរស័ក្តិ​របស់​ពួក​គេ និង​ក្រុម​សិល្បករ​ទាំង​អស់​ដែល​មាន​គ្នា​រាប់​រយ​នាក់​សុទ្ធ​តែ​មាន​ប្រាក់ ​បៀវត្សរ៍​ប្រចាំ​ខែ​ត្រឹម​ត្រូវ។
នាយ​ក្រឹម បន្ថែម​ថា៖ «ពួក​យើង​ថ្វី​ដ្បិត​តែ​មិន​បាន​ចូល​សមរភូមិ​ជួរ​មុខ តែ​ពួក​យើង​ធ្លាប់​ឆ្លង​កាត់​ការងារ​បម្រើ​កង​ទ័ព​ផ្នែក​តន្ត្រី​នេះ​គ្រប់​ ការ​លំបាក​អស់​ហើយ ទាំង​នៅ​ព្រំដែន និង​តាម​ខេត្ត ហើយ​រឿង​ជិះ​រថយន្ត​ទាហាន រថក្រោះ កប៉ាល់​ហោះ​ចម្បាំង​អី​នោះ គឺ​ឆ្លង​កាត់​អស់​ហើយ។ ខ្ញុំ​គិត​ថា មហាជន​មិន​ភ្លេច​ទេ រឿង​តារា​កំប្លែង កៅ​អៀក ធ្លាក់​យន្ត​ហោះ​ស្លាប់ នោះ​គឺ​គាត់​ស្ថិត​ក្នុង​បេសកកម្ម​សម្តែង​ជូន​បង​ប្អូន​កងទ័ព​ហ្នឹង​ឯង។ អ៊ីចឹង​ការ​ទទួល​បាន​ឋានន្តរ​ស័ក្តិ​របស់​ពួក​យើង​មិន​មែន​ជា​រឿង​ងាយ​ទេ»។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​កង​អង្គរក្ស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សិល្បករ​នៅ​ក្នុង​កង​អង្គរក្ស​មាន​ចំនួន ៦០​នាក់ គឺ​បែង​ចែក​ទៅ​តាម​បុរាណ និង​សម័យ។ លោក​បាន​បន្ថែម​ថា ក្រុម​សិល្បករ​នៃ​កង​អង្គរក្ស គឺ​មាន​យូរ​មក​ហើយ ពោល​គឺ​មាន​នៅ​គ្រប់​កង​អង្គភាព​កង​ទ័ព​តែ​ម្តង។
លោក ហ៊ីង ប៊ុនហៀង បាន​លើក​ហេតុ​ផល​ដ៏​សម​រម្យ​មួយ​ថា៖ «សិល្បករ​ទាំង​អស់​គាត់​បាន​ចូល​បម្រើ​កងទ័ព​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ​ហើយ ហើយ​គាត់​ក៏​បាន​បម្រើ​ជាតិ​ផ្នែក​សិល្បៈ​គ្រប់​ទី​កន្លែង​ដែរ ដូច្នេះ​គាត់​គួរ​តែ​ទទួល​បាន​ការ​បំពាក់​ស័ក្តិ​ជា​បន្ត​បន្ទាប់​អ៊ីចឹង​ ហើយ»។
សម្រាប់​សិល្ប​ករ​ជើង​ចាស់​ដូច​ជា​នាយ ក្រឹម ចាប​ចៀន នាយ​កុយ យាយ​យ៉យ លោក ព្រហ្ម ម៉ាញ ជា​ដើម​ហាក់​គ្មាន​អ្វី​ចម្លែក​ឡើយ​ដែល​ទទួល​បាន​ស័ក្តិ​លើ​ស្មា​នោះ តែ​អ្វី​ដែល​ប្លែក​គឺ​តារា​ជំនាន់​ក្រោយ ដែល​មិន​សូវ​បាន​បម្រើ​ជាតិ​នោះ តែ​ពួក​គេ​ភាគ​ច្រើន​ឃើញ​តែ​ចូល​សកម្មភាព​ឃោសនា​ឲ្យ​បក្ស​ប្រជាជន ក៏​មាន​ឋានន្តរស័ក្តិ​មិន​តិច​ដែរ។
តារា​ជើង​ចាស់​រៀម​ច្បង​បាន​បញ្ជាក់​ថា៖ «តារា​ជំនាន់​ក្រោយ​ចូល​បម្រើ​កង​ទ័ព​នោះ ដោយ​សារ​តែ​ពួក​គេ​ស្ម័គ្រ​ចិត្ត​បម្រើ​ជាតិ តែ​រឿង​ឃោសនា​បក្ស​អី​នោះ ជា​រឿង​ផ្សេង ជា​ការ​ស្រឡាញ់​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ មិន​ពាក់​ព័ន្ធ​គ្នា​ទេ»៕

ប្រភពពី ភ្នំពេញប៉ុស្តិ៍