របួសធ្ងន់ជិត ១០ នាក់ សាំងយ៉ុងផ្ទុះកង់ក្រោយ ក្រឡាប់លើផ្លូវជាតិ
លោកគង់ សេនា ប្រធានប៉ុស្តិ៍នគរបាលឃុំសំអាង បាននិយាយឱ្យដឹងថា រថយន្តសាំងយ៉ុងដែលក្រឡាប់នោះ ផ្ទុកមនុស្សចំនួន ៣៥ នាក់ រងរបួសធ្ងន់ប្រាំបីនាក់ ក្នុងនោះមានស្រីបួននាក់ផង។ ជនរងគ្រោះទាំងនោះភាគច្រើន មានស្រុកកំណើត នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
យោងតាមសាក្សីអ្នករួមដំណើរ បានប្រាប់សមត្ថកិច្ចថា ពួកគេបានធ្វើដំណើរពីខេត្តកំពង់ធំ កាត់តាមខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ គោលបំណងទៅកាន់ខេត្តរតនគិរី ដើម្បីបម្រើការងារនៅទីនោះ ក្រោយពីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។
លោកប្រធានប៉ុស្តិ៍រដ្ឋបាលបានបន្តថា អ្នកបើកបរបានរត់គេចខ្លួន ក្រោយពីមានហេតុការណ៍ក្រឡាប់រថយន្តនោះ។ នៅក្នុងហេតុការណ៍អ្នកភូមិជាច្រើននាក់ បាននាំគ្នាជួយគាស់មនុស្សទាញចេញពីក្នុងរថយន្ត ដែលក្រឡាប់លើផ្លូវជាតិ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានខាងសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ។
លោកគង់ សេនា បានបន្ថែមទៀតថា “មូលហេតុគ្រោះថ្នាក់ អាចបណ្តាលមកពីអ្នកបើកបររថយន្តមានល្បឿនលឿន ហើយដឹកលើសសំណុះ ដាក់ឥវ៉ាន់សំពីងសំពោងពីក្រោយ។ រថយន្តបានផ្ទុះកង់ក្រោយផ្នែកខាងស្តាំ រួចរេចង្កូតក្រឡាប់ទៅខាងស្តាំ ប៉ះជើងឡើងលើថ្នល់ជាតិ អូសចម្ងាយប្រមាណជា ៤០ ម៉ែត្រ”។
ជុំវិញហេតុការណ៍នេះ លោកខែក សារី នគរបាលចរាចរផ្លូវគោក បាននិយាយនៅព្រលប់ថ្ងៃទី២៦កញ្ញថា “មានមនុស្សជាច្រើនបានរងរបួសបាក់ដៃបាក់ជើង កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត។ ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារជួយសង្គ្រោះបានទាន់ពេលវេលា”៕L
ប្រភពពី CEN