មន្ត្រី​អូស្ត្រាលី​ថា​កម្ពុជា​ ទទួល​ជំនួយ​ប្រមាណ​ ៣៥​លាន​ដុល្លារ​ជា​ថ្នូរ​ នឹង​ការទទួល​ជនភៀសខ្លួន​​

9/26/2014 0 Comments A+ a-

_77831603_452641452-2014-09-26មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​ឲ្យដឹងថា​រដ្ឋាភិបា​ល​ប្រទេស​អូស្ត្រាលី​បាន​ចំណាយ​ទឹកប្រាក់​ជំនួយ​បន្ថែម​ចំនួន​៣៥​លាន​ដុល្លារ​សម្រាប់​រយៈពេល​៤​ឆ្នាំ ជា​ថ្នូរ​នឹង​ការផ្ទេរ​ជនភៀសខ្លួន​ពី​ប្រទេស​របស់​ខ្លួន​មក​កម្ពុជា​។​​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​សម្រេច​ចុងក្រោយ​ក្នុង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ទទួលយក​ជ​ន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​រសៀល​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​
​មុន​ពេល​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ លោក ស្កុត ម៉ូ​រី​សុន​ (Scott Morrison) ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ABC​ថា​ប្រទេស​អូស្ត្រាលី​នឹង​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៣៥​លាន​ដុល្លារ​លើ​ជំនួយ​ដែល​មាន​ស្រាប់​ជាង​៧៩​លាន​ដុល្លារ សម្រាប់​គម្រោង​លើ​ផ្នែក​អង្ករ ការដោះមីន និង​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ជាដើម​។​លោក​បន្ត​ថា​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ចំណាយ​លើ​ការ​ស្នាក់នៅ​ផ្សេងៗ​ទៀត​ដល់​ជនភៀសខ្លួន​។​
VOD​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ភ្លាមៗ​បាន​នៅឡើយ​ទេ​។​
​លោក ស្កុត ម៉ូ​រី​សុន ឲ្យដឹង​ទៀត​ថា​ការផ្ទេរ​ជនភៀសខ្លួ​ន​មក​កម្ពុជា​អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១៤​នេះ ដោយ​មិន​មាន​ការកំណត់​ចំនួន​ឡើយ​។​លោក​បន្ត​ថា​ការផ្ទេរ​ជនភៀសខ្លួន​នេះ​នឹង​ជួយ​ប្រទេស​អូស្ត្រាលី​អាច​សម្រេច​នូវ​គោលនយោបាយ​«​មិន​មាន​នរណា​ម្នាក់​ម​ក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​»​។​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រទេស​អូស្ត្រាលី​បាន​ណែនាំ​គោលនយោបាយ​ចម្រូងចម្រាស​មួយ​ក្នុង​គោលបំណង​លុបបំបាត់​លំហូរ​ទូក​ជន​ភៀសខ្លួន​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។​
​សារព័ត៌មាន​BBC​រាយការណ៍​ថា​ជនភៀសខ្លួន​ទាំងនោះ​មក​ពី​ប្រទេស​អាហ្គានីស្ថាន ស្រីលង្កា អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ដែល​បាន​ធ្វើដំណើរ​មក​តំបន់​កោះ​អូស្ត្រាលី​តាមរយៈ​ទូក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។​
​រហូតមកដល់​ពេលនេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ទៅលើ​គម្រោង​នៃ​ការចុះ​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​នេះ ដោយសារ​ពួកគេ​យល់​ថា​កម្ពុជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការទទួលយក​ជន​ភៀសខ្លួន​ពី​អូស្ត្រាលី មក​ស្នាក់នៅ​នៅពេលនេះ​។ ចំណុច​ខ្វះខាត​មួយចំនួនទៀត ដែល​កម្ពុជា​មិន​អាច​បំពេញ​តម្រូវការ​ជនភៀសខ្លួន​បាន រួម​មាន​អត្រា​មិន​មាន​ការងារ​ធ្វើ​ខ្ពស់ ប្រព័ន្ធ​អប់រំ​នៅ​មាន​កម្សោយ ប្រព័ន្ធ​សុខាភិបាល​មិន​គ្រប់គ្រាន់ បញ្ហា​អំពើ​ពុករលួយ ការគោរព​សិទ្ធិមនុស្ស​នៅមានកម្រិត និង​បញ្ហា​ដីធ្លី​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា​កម្ពុជា​នឹង​ទទួលយក​ជនភៀសខ្លួន​តិចតួច​សិន​ក្នុងដំណាក់កាល​សាកល្បង មុន​នឹង​ឈាន​ទៅ​យក​រាប់រយ​នាក់​។​លោក​បន្ត​ថា​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​ការងារ​នេះ ដើម្បី​ធានា​ថា​កិច្ចព្រមព្រៀង​មាន​អត្ថប្រយោជន៍​ដល់​កម្ពុជា​។​
​លោក ស្កុត ម៉ូ​រី​សុន​(Scott Morrison) មានប្រសាសន៍ថា​ការរៀបចំ​ជនភៀសខ្លួន​មក​កម្ពុជា​ជា​ការស្ម័គ្រចិត្ត ហើយ​អ្នក​ណា​ដែល​ជ្រើសរើស​ទៅ​កម្ពុជា សម្រេច​ដោយ​ខ្លួនឯង​។​លោក​បញ្ជាក់ថា​ការតាំង​ទី​លំនៅ​នឹង​មាន​លក្ខណៈ​អចិន្ត្រៃយ៍​សម្រាប់​អ្នក​ដែល​ជ្រើសរើស​យក​ការរៀបចំ​នេះ​។​
​រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​ផ្ទេរ​ជនភៀសខ្លួន​ចំនួន​១០០០​នាក់ ចេញពី​មណ្ឌល​ឃុំឃាំង Nauru ដើម្បី​ធ្វើឲ្យ​មណ្ឌល​នេះ​ទូលាយ​ជាង​មុន ដោយសារ​តែ​បច្ចុប្បន្ន​មាន​មនុស្ស​ជាប់​ឃុំ​នៅក្នុង​នោះ រហូតដល់​ទៅ​១១៤៦ នាក់​៕
ប្រភពពី vodhotnews