ការទទួលយកជន ភៀសខ្លួនពីអូស្ត្រាលី គឺជាសកម្មភាព មនុស្សធម៌របស់កម្ពុជា
សេចក្តីប្រកាសព័ត៌មានរួម ដែលបានចែកជូនដល់អ្នកសារព័ត៌មាន បន្ទាប់ពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងលោក Scott Morrison រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា កម្ពុជាសម្រេចទទួល យកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនេះ គឺជាសកម្មភាពមនុស្សធម៌ ហើយក៏ជាការជួយដល់ពួកគេ ឲ្យចាប់ផ្តើមកសាងជីវិតថ្មីផងដែរ។
នៅក្នុងសេចក្តីប្រកាសរូមនោះដែរ លោក Scott Morrison បានថ្លែងថា វាជាការល្អបំផុតរបស់កម្ពុជា ដែលបានសម្រេចទទួលយកជនភៀសខ្លួនទាំងនេះ ស្របទៅតាមអនុសញ្ញាជនភៀសខ្លួន ដែលកម្ពុជាបានចុះហត្ថលេខា កាលពីកន្លងទៅ។ តែយ៉ាងណាក្តីភាគីទាំងពីរមិនបានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះ នឹងត្រូវមកកម្ពុជាប៉ុន្មាននាក់ នឹងមកដល់កម្ពុជានាពេលណានោះឡើយ។
លោក Scott Morrison បានបញ្ជាក់ថា ក្នុងនាមជាភាគីនៃអនុសញ្ញាជនភៀសខ្លួន នៅពេលកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស ក្រោយសង្រ្គាមស៊ីវិលកម្ពុជា កំពុងបង្ហាញលទ្ធភាពនិងឆន្ទៈរបស់ខ្លួន ដើម្បីរួមចំណែកជាវិជ្ជមានដល់បញ្ហាសិទ្ធិមនុស្ស ហើយថាអូស្ត្រាលី នឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួនដើម្បីជួយដល់កម្ពុជា ក្នុងការពង្រឹងការគាំទ្រផ្តល់ទីលំនៅដល់ជនភៀសខ្លួន នៅប្រទេសកម្ពុជា”។ ហើយមួយវិញទៀត អូស្ត្រាលីនឹងទទួលរ៉ាប់រងផ្ទាល់លើថ្លៃចំណាយ ក្នុងការបញ្ជូនជនភៀសខ្លួនរួមទំាង ការគាំទ្រចាំបាច់ដល់ជនភៀសខ្លួន និងការកសាងសមត្ថភាពរបស់ប្រទេស ដើម្បីធានាថាកម្ពុជាមានធនធានគ្រប់គ្រាន់ ក្នុងការទទូលនិងសមាហរ័ណកម្មជនភៀស ខ្លួនដោយជោគជ័យ។
រដ្ឋាភិបាលកម្ពុជា បានទទួលការរិះគន់យ៉ាងខ្លាំងពី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំងផងដែរ ដោយពួកគេលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនគួរយកជនភៀសខ្លួនទាំងនោះមកឡើយ ពីព្រោះកម្ពុជាជាប្រទេសក្រីក្រ ហើយមួយវិញទៀតជនភៀសខ្លួនទាំងនោះ ក៏មិនមែនជាបញ្ញវ័នផងដែរ។
នៅថ្ងៃជាមួយគ្នានោះដែរ តំណាងសហគមន៍នានា ប្រមាណជិតមួយរយនាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅពីមុខស្ថានទូតអូស្ត្រាលី ក្នុងគោលបំណងស្នើដល់ភាគីអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា ឲ្យពន្យារពេលចំពោះកិច្ចសន្យានេះ តែយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាទាំងនេះ មិនបានសម្រេចនោះឡើយ ផ្ទុយទៅវិញភាគីកម្ពុជា និងអូស្ត្រាលី បានសម្តេចចុះហត្ថលេខាជាស្ថាពរ និងព្រមព្រៀងគ្នា នឹងចាប់ផ្តើមកសាងទីលំនៅ បន្តិចម្តងៗ សម្រាប់ពួកទាំងនោះផងដែរ។
ទាក់ទងនឹងបញ្ហាការបញ្ជូនជនភៀសខ្លួននេះដែរ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសម្តែងការគាំទ្រ ចំពោះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ប៉ុន្តែអាម៉េរិកអំពាវនាវ ឲ្យកិច្ចព្រមព្រៀងនេះ ស្របតាមបទដ្ឋានអន្តរជាតិជា ពិសេសអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំ នៅកម្ពុជាលោក Jay Raman បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈសារអេឡិចត្រូនិចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤នេះថា សហរដ្ឋអាម៉េរិក រីករាយចំពោះប្រទេសដែលប្រកាន់យកនូវច្បាប់ ដែលស្របទៅតាមកិច្ចព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជាមួយនឹងប្រទេសដែលជាសមាជិក ទាក់ទងនឹងបញ្ហាជនដែលសុំការជ្រកកោន តែយ៉ាងណាក្តី ប្រទេសទាំងនោះត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀងទាំងនោះ។
លោក Jay Raman បានបញ្ជាក់ថា យើងលើកទឹកចិត្តដល់ប្រទេសទាំងអស់ ធ្វើសហប្រតិបត្តិការជាមួយឧត្តមស្នងការជាន់ខ្ពស់ ទទួលបន្ទុកជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែង និងយូរអង្វែងដល់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនដោយអនុលោម ទៅតាមបទដ្ឋានអន្តរជាតិ ។ ប្រទេសទាំងអស់គួរប្រកាន់យក និងអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាឆ្នាំ១៩៥១ ស្តីពីស្ថានភាពជនភៀសខ្លួន និងពិធីសារឆ្នាំ១៩៦៧។
សូមបញ្ជាក់ថា ជនភៀសខ្លួនដែលរដ្ឋាភិបាលអូស្ត្រាលី បានស្នើឲ្យកម្ពុជាទទួលយកនោះ មានជនជាតិឥណ្ឌូនេស៊ី ស្រីលង្កា និងជនជាតិមួយចំនួនទៀត ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news.