ឮ​ថា​អ្នកជំនួញ​សិង្ហបុរី ​ក្លាយ​ជា​ម្ចាស់​ក្លិប​​យក្ស​​ អេស្ប៉ាញ​ Valencia​ ហើយ?

8/15/2014 0 Comments A+ a-

សារព័ត៌មាន​ Marca ​របស់​​ប្រទេស​អេស្ប៉ាញ​ចុះ​ផ្សាយ​ថា​អ្នកជំនួញ​ជនជាតិ​សិង្ហបុរី​ Peter Lim ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​ Bankia ​ដែល​ជា​ម្ចាស់​បំណុល​របស់​ក្លិប​ Valencia ​ហើយ​ក្លាយ​ជា​ម្ចាស់​ថ្មី​របស់​ក្លិប​បាល់ទាត់​នៅ​លីក​កំពូល​អេស្ប៉ាញ​ដ៏​ ធំ​មួយ​នេះ។
​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ធនាគារ​ Bankia ​ប្រកាស​ថា​ពួក​គេ​ឈាន​ដល់​ការ​ព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ Meriton Capital ​របស់​មហាសេដ្ឋី​ Lim ​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង ​ជុំវិញ​ការ​រៀបចំ​សាជាថ្មី​ពាក់ព័ន្ធ​នឹង​បំណុល​របស់​ក្លិប​ Valencia។ ​ការណ៍​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​ជា​ភ្លើង​បៃតង​សម្រាប់​ មហាសេដ្ឋី​ជនជាតិ​សិង្ហបុរី​​​វ័យ​៦០​ឆ្នាំ​ចូល​មក​គ្រប់គ្រង​ពេញលេញ​លើ​ ក្លិប​ដែល​ជាប់​បំណុល​ច្រើន​មួយ​នេះ។ ​តែ​តាម​ពិត​ទៅ ​នៅ​ពេល​នោះ​ភាគី​ទាំង​ពីរ​គ្រាន់​តែ​ស៊ីញេ​លើ​​ឯកសារ​ច្បាប់​មួយ​សម្រាប់​ មូលដ្ឋាន​ដើម្បី​ចរចា​គ្នា​បន្ថែម​នា​ពេល​ក្រោយ​ប៉ុណ្ណោះ។
ទើប ​តែ​នៅ​ថ្ងៃ​សុក្រ​ទី​១៥​សីហា​នេះ​ទេ​ដែល​​កាសែត​អេស្ប៉ាញ​រាយការណ៍​ថា​ភាគី ​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ជា​ផ្លូវការ បន្ទាប់​ពី​ធនាគារ Bankia ឯកភាព​បន្ថយ​ការ​ទាមទារ​របស់​ពួក​គេ​ចំពោះ​ប្រាក់​បំណុល​៧៣​លាន​អឺរ៉ូ​ដែល Valencia បាន​ខ្ចី។
យ៉ាង ​ណា​មិញ នេះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​សារព័ត៌មាន​ប៉ុណ្ណោះ គឺ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​ពីរ​នៅ ​ឡើយ​ទេ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​សុក្រ​នេះ​សិន​ទើប​ដឹង​លទ្ធផល​ ពិត​ប្រាកដ មាន​ន័យ​ថា​ប្រសិន​បើ​​​ដល់​ម៉ោង​៦​ល្ងាច​ហើយ​នៅ​តែ​គ្មាន​ការ​ប្រកាស​ជា​ ផ្លូវការ​ណា​មួយ​នោះ​ទេ នោះ​លោក Lim នឹង​ត្រូវ​ដើរចេញ​ពី​ការ​ដេញ​ថ្លៃ​ចូល​កាន់កាប់​ក្លិប​ជើងឯក La Liga ឆ្នាំ​២០០៤​នេះ​ហើយ៕
ប្រែ​សម្រួល​៖ យ៉ុង ម៉ុងហាក់
ប្រភព​៖ channelnewsasia​