ទស្សនៈ​ចំពោះ​ការ​ចូល​ ស្បថ​របស់​មន្ត្រី​បក្ស​ សង្គ្រោះ​ជាតិ

8/05/2014 0 Comments A+ a-

image (10)ការ ​សម្រេច​ចូល​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សំដែង​ទស្សនៈ​ខុស​គ្នាៗ អំពី​ការ​សម្រេច​ចូល​ប្រជុំ​សភា​នេះ។ ការ​គ្រោង​ចូល​សច្ចាប្រណិធាន​នៅ​មុខ​ព្រះភក្គ្រ​របស់​ព្រះមហាក្សត្រ​របស់​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នៅ​ខណៈ​ដែល​តុលាការ​ចាប់​សកម្មជន​គណបក្ស​នេះ​ចំនួន ៣​រួប​យក​ទៅ​ឃុំ​ខ្លួន​នៅ​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ និង​អ្នក​វិភាគ​លើក​ឡើង​ស្រដៀង​គ្នា​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​ម្ដង​ទៀត មុន​នឹង​សម្រេច​ចិត្ត​ចូល​ស្បថ​ចូល​កាន់​តំណែង​ក្នុង​សភា​នេះ។
​ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញ​ប្រតិកម្ម​ចំពោះ ​ការសម្រេច​ចិត្ត​ចូល​សច្ចាប្រណិធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណៈ​ដែល​មិន​ទាន់​លទ្ធផល​ច្បាស់លាស់​អំពី​ការ​កែ​ទម្រង់ គ.ជ.ប ថ្មី​នេះ។
ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ចាត់​ទុក​ថា ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​មហា​ជន​ជា​មុន​សិន​មុន​នឹង​ចូល​ប្រជុំ​សភា​នេះ។
ការ​លើក​ឡើង​ដូច្នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពេល​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង​ចេញ​លិខិត​ជូន​ទៅ​រដ្ឋសភា​ស្ដីពី​ ការរៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ សង្គ្រោះ​ជាតិ ទាំង ៥៥​រូប នៅ​ថ្ងៃ​ទី​៥ សីហា វេលា​ម៉ោង ៤​រសៀល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ។ ការ​រៀបចំ​ពិធី​សច្ចាប្រណិធាន​នេះ ធ្វើ​ឡើង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ប្រធាន​រដ្ឋ​សភា។
ប្រជាពលរដ្ឋ​នៅ​ខែត្រ​សៀមរាប លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា ឬ​ចូល​សច្ចា​ប្រណិធាន​នេះ លុះ​ត្រា​ណា​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ចព្រមព្រៀង​អំពី​ការ​កែ​ទម្រង់ គ.ជ.ប ថ្មី​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដែល​ជាទី​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជំហរ​ច្បាស់លាស់​ទេ គណបក្ស​នេះ​នឹង​បាត់​ប្រជាប្រិយភាព​របស់​ខ្លួន​៖ «សំឡេង»។
ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ឲ្យ​ដឹង​ថា ពួកគាត់​គោរព​តាម​ការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចូល​ប្រជុំ​សភា ឬ​មិន​ចូល​នេះ។
ប្រជាពលរដ្ឋ​ឈ្មោះ ចាន់ សុខអ៊ីន នៅ​ស្រុក​កងមាស ខែត្រ​កំពង់ចាម និយាយ​ថា លោក​ចាំ​មើល​ការ​អនុវត្ត​របស់​គណបក្ស​ប្រឆាំង​ក្រោយ​ពេល​ចូល​សភា ថា​តើ​ពួកគាត់​អាច​ធ្វើ​អ្វីៗ​បាន​ដូច​ការ​សន្យា​ដែរ​ទេ? លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លទ្ធភាព​កែ​ទម្រង់ គ.ជ.ប ថ្មី ដូច​ដែល​ខ្លួន​ចង់​បាន​ដែរ​ឬ​អត់?៖ «សំឡេង»។
​ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​មួយ​ចំនួន​នៃ​ការ​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ​ទី​​៤ សីហា នេះ រួម​មាន​នឹង​រៀបចំ​ការ​ប្រជុំ​រដ្ឋ​សភា បន្ទាប់ពី​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង ដើម្បី​បោះឆ្នោត​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​ សភា។ បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋ​សភា​តាម​ស្មារតី​នៃ​ កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។
អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ស្ដីពី​វិសោធនកម្ម​ក​រដ្ឋធម្មនុញ្ញ​មាត្រា ៧៦ និង​បង្កើត​ជំពូក​ទី​១៥​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត។ ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​ថ្មី ដើម្បី​ឲ្យ​គណៈកម្មាធិការ​នេះ​ចូល​រួម​ជួយ​រៀបចំ​សេចក្ដី​ព្រាង​សេចក្ដី​ ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ និង​ករណី​ផ្សេងៗ មួយ​ចំនួន​ទៀត។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​អាច​មាន​ហេតុផល​ពីរ​ទី​១ បំពេញ​តួនាទី​ក្នុង​នាម​ជា​តំណាងរាស្ត្រ និង​ទី​២ រក​យុទ្ធសាស្ត្រ ដើម្បី​រក​វិធី​ដោះស្រាយ​នូវ​បញ្ហា​អយុត្តិធម៌៖ «សំឡេង»។
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ហាក់​បី​ដូច​ជា​បត់​លឿន​ពេក ដោយ​ផ្អែក​លើ​បរិយាកាស​នយោបាយ​នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ ខ្លួន។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​រក្សា​ជំហរ​តស៊ូ​បន្ថែម​ទៀត​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ជូន​ សមាជិក​របស់​ខ្លួន​និង​ប្រជាពលរដ្ឋ៖ «សំឡេង»។
អ្នក​វិភាគ​លើក​ឡើង មូលហេតុ​សំខាន់​ដែល​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នេះ ដោយសារ​រដ្ឋាភិបាល​បន្ត​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន ៣​នាក់ ដាក់​ពន្ធនាគារ និង​សើរើ​ឡើង​វិញ​ចំពោះ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ ជាតិ ទាក់ទង​នឹង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ក្នុង​នោះ រួម​ទាំង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មាន​ជំហរ​មិន​រឹងមាំ​ចំពោះ​ករណី​នេះ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​រឹងមាំ​សុខ​ចិត្ត​ឲ្យ​តុលាការ​ចាប់​ខ្លួន​សមាជិក​របស់​ខ្លួន​មិន​ ចូល​សភា​នោះ គណបក្ស​នេះ​នឹង​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ថែម​ទៀត ហើយ​ឆ្លុះ​បញ្ចាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​មិន​ដើម្បី​ចាញ់​បោក​នយោបាយ​របស់​គួប្រកួត៕
ប្រភពពី វិទ្យុអាស៊ីសេរី